ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក នេត្រ ភក្ត្រា បង្ហាញ​បទល្មើស​ចំនួន​៣ ដែលមាន​សកម្មភាព​បំផ្លាញ​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូចៗ​បន្ត​មាន

37

 

​ក្រចេះ​៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានបង្ហាញ​នូវ​បទល្មើស​ចំនួន​៣ ដែល​បន្ត​យាយី​ដល់​ធនធានធម្មជាតិ គឺ​ការ​លួច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុសច្បាប់ ការ​លួច​កាប់​ឈើ និង​ការ​បរបាញ់​សត្វព្រៃ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​តូចៗ នៅតែ​បន្ត​កើតមាន​នៅក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ ខណៈ​បទល្មើស​ធំៗ ត្រូវបាន​បង្ក្រាប​ទាំងស្រុង​។​

​ការបង្ហាញ​ពីបទ​ល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ក្នុង​ទម្រង់​ទ្រង់ទ្រាយ​តូចៗ​បែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើ​នៅក្នុង​ឱកាស​ដែល​លោក​បានផ្តល់​បទ​សម្ភាស​ដល់​ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ នាឱកាស​ដឹកនាំ​យុវជន​ជាង​៣០០​នាក់ បោះជំរុំ​រយៈពេល ២​ថ្ងៃ នា​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​គម្ពោត​គយ ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ខេត្តក្រចេះ​។​

​លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ការចុះ​បង្ក្រាប​របស់​គ​ណៈ​ការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​ធនធាន​ជាតិ ដែល​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​បាន​បង្ក្រាប​នូវ​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​ធំៗ លែងមានទៀតហើយ​នូវ​ម៉ាស៊ីន​អារឈើ នៅ​កណ្តាល​ព្រៃ ឬ​ការកាប់បំផ្លាញ​ព្រៃឈើ​ធ្វើ​អាជីវកម្ម​ខ្នាត​ធំ ប៉ុន្តែ នៅមាន​បទល្មើស​ទ្រង់ទ្រាយ​តូច ដែលមាន​គោយន្ត មាន​ម៉ូតូ និង​អត់​មាន​រូបភាព​ប្រជាពលរដ្ឋ​ឈើ​លើ​ស្មា​ដែល​សមត្ថកិច្ច​ចាប់បាន​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ទេ​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បានបង្ហាញ​យ៉ាង​ដូច្នេះ​ថា​៖ «​ស្ថានភាព​នេះ​ដែល​កើតឡើង គឺ​ទី​១៖ មូលហេតុ​សំខាន់​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​នៅ​ជុំវិញ​តំបន់​ការពារ​ធនធានធម្មជាតិ​, ទី​២៖ គឺ​ឈ្មួញ​មួយចំនួន​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ការ​ធនធានធម្មជាតិ ចូល​កាប់​ឈើ​លក់​ឱ្យ​ខ្លួន និង​ទី​៣៖ គឺពាក់ព័ន្ធ​នឹង​តម្រូវការ​នៅក្នុង​ស្រុក មានន័យថា​ប្រជាពលរដ្ឋ​ចង់បាន​គ្រឿង​សង្ហា​រឹម​ដែល​ធ្វើ​ពី​ឈើប្រណិត និង​ឈើ​ប្រភេទ​ឈើ​ធម្មជាតិ​»​។​

​ជុំវិញ​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ និង​ការបំផ្លាញ​ធនធានធម្មជាតិ​ពី​សំណាក់​ជនខិលខូច​នេះដែ​រ អ្នកនាំពាក្យ​វ័យក្មេង និង​សកម្ម​រូបនេះ បាន​បញ្ជាក់ថា ជនល្មើស​បាន​ប្រើប្រាស់​វិធីសាស្ត្រ​កាន់តែ​ទំនើប​ជាង​មុន ខណៈ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ក្រសួងបរិស្ថាន អាជ្ញាធរ​ពាក់ព័ន្ធ និង​សហគមន៍​ដែល​រស់នៅ​ជុំវិញ​តំបន់​ការពារ​ធនធានធម្មជាតិ បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូច​នេះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ រហូត​ឈានទៅ​លុបបំបាត់​ទាំងស្រុង​ក្នុងពេល​ខាងមុខ​។​

​បើតាម​លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ចំពោះ​ការប្រើប្រាស់​នូវ​ឧបករណ៍​ទំនើប​ដែល​ជនល្មើស​ប្រើប្រាស់ ដើម្បី​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ និង​ផ្តល់ដំណឹង​ដល់​បក្ខពួក​ខ្លួន​នៅពេល​ឃើញ​មន្ត្រី​ឧទ្យាន​នុ​រក្ស ចុះទៅ​បង្ក្រាប គឺ​ជនល្មើស​ទាំងនោះ​បាន​ប្រើប្រាស់​នូវ​ឧបករណ៍ អាយកូម ជាដើម​។ ដោយឡែក​ចំពោះ​បទល្មើស​វិញ គឺ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ការពារ​ធនធានធម្មជាតិ ពួកគាត់​មិនទាន់​សាំ​នឹង​ការប្រែប្រួល​ជីវភាព ដូច្នេះ ហើយ​វា​ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​នៅតែ​បន្ត​ចូល​ព្រៃ​កាប់​ឈើ និង​បរបាញ់​សត្វព្រៃ​ផងដែរ​។​

​ទន្ទឹមនឹង​នេះដែរ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នេះ ក្រសួងបរិស្ថាន អាជ្ញាធរខេត្ត និង​អង្គការ​ជា​ដៃគូរ​បាន​បង្កើតឱ្យមាន​មុខរបរ​ថ្មី ការពង្រឹង​តួនាទី​របស់​សហគមន៍ នៅ​ជុំវិញ​តំបន់​ការពារ​ធនធានធម្មជាតិ​ឱ្យ​ពួកគាត់​បាន​យល់​ពី​ផលប៉ះពាល់​ដែល​កើតចេញពី​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​។​

​លោក នេត្រ ភក្ត្រា បាន​បន្តថា សម្រាប់​ក្រុម​ឈ្មួញ​ផ្តល់​ថវិកា​ដល់​ប្រជាពលរដ្ឋ​ឱ្យចូល​ទៅ​កាប់​ព្រ​ឈើ​ធម្មជាតិ​នេះ គឺ​បណ្តាលមកពី​មាន​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ខណៈ​ការនាំ​ឈើ​ចេញទៅ​ក្រៅប្រទេស គឺ​មិនមាន​នោះទេ ដូច្នេះ តម្រូវការ​ឈើ​ធម្មជាតិ​នៅក្នុង​ស្រុក​បានក្លាយ​ជាប​ញ្ហា​ប្រឈម​មួយ​ដែល​ដាក់​សម្ពាធ​ទៅលើ​ធនធានធម្មជាតិ​ជាដើម​។​

​សូមបញ្ជាក់ថា ក្នុងការ​អនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ឆ្នាំ​២០២០​កន្លងទៅនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​សហគមន៍ តំបន់ការពារធម្មជាតិ បាន​ចុះ​ល្បាត​ចំនួន ១,៧២៨​លើក បង្ក្រាប​បទល្មើស​បាន​ចំនួន ១,០១៩​ករណី ក្នុង​នោះបាន​បញ្ជូន​សំណុំរឿង​ទៅ តុលាការ​ចំនួន ៤៧​ករណី រឹបអូស​រណា​យន្ត​បាន​ចំនួន ៤៨១​គ្រឿង គោយន្ត​កន្ត្រៃ​ចំនួន ១១៦​គ្រឿង រឹបអូស​ម៉ូតូ​ចំនួន ៤៧​គ្រឿង ដោះ​អន្ទាក់​ចេញពី​តំបន់​ព្រៃ​ឡង់​បាន​ចំនួន ២,៦៣០​អន្ទាក់ ដកហូត​កាំភ្លើង​កែច្នៃ​ចំនួន ១១៧​ដើម ដកហូត​ឈើ​បាន​ចំនួន ២៧៥​ម៉ែត្រគូប ពិន័យ​អន្តរការណ៍​ចំនួន ៦៩​ករណី និង​ធ្វើ​កិច្ចសន្យា និង​អប់រំ​ចំនួន ៣៧៩​ករណី​៕​

អត្ថបទដែលជាប់ទាក់ទង