គំនិតឡឺកឺ ៖ វាសនាមនុស្សលោក
ភ្នំពេញ៖មនុស្សលោកយើងនេះគ្មាននរណាផ្គាប់ចិត្តត្រូវនោះទេពេលក្ដៅខ្លាំងក៏បន្ទោសមេឃពេលត្រជាក់ខ្លាំងក៏បន្ទោសមេឃលុះពេលភ្លៀងក៏បន្ទោសមេឃ អាមិនភ្លៀងក៏បន្ទោសមេឃថាគ្មានទឹកធ្វើស្រែ ។
ដល់យូរៗទៅក៏នាំគ្នាអង្គុយជេរម្រ៉ាយមេឃក៏មានដែរ ឯ មេឃមិនដឹងអ្វីសោះត្រូវមនុស្សលោកប្រទេចផ្ដាស់សារយ៉ាងចាស់ដៃ ។
នេះបានគេហៅថាការផ្គាប់ចិត្តមនុស្សវាមិនមែនជារឿងសាមញ្ញនោះទេ ។
ដល់អង្គុយយូរៗទៅដូចជាអាណិតអ្នកដឹកនាំប្រទេសព្រោះមានគ្នាតែប៉ុន្មាននាក់សោះខំធ្វើការផ្គាប់ចិត្តមនុស្សជាង១០លាននាក់តើផ្គាប់ចិត្តបានឬទេ ? គ្រួសារខ្លះមានកូនតែ២នាក់សោះប្រដៅមិនបាន ។អាកូនមួយទៅប្រើប្រាស់គ្រឿងញៀន ឯ អាកូនមួយទៀតដើរឆក់មិនខ្វល់ពីចូលសាលារៀនឡើយ ។
ជិតដល់ម៉ោងរៀនដឹងតែពីសុំលុយម៉ែ ឧ៍ទៅរៀនតែមិនចូលសាលាឡើយ ។ម៉ែ ឧ៍ក៏មិនដឹងលុះដល់ដឹងគឺដឹងពីសាលារៀនមកវិញដែលគ្រូទូរស័ព្ទមកសួរ ជួនកាលសរសេរសំបុត្រមកសួរក៏មានដែរ ។លោតែប៉ះចំនរណាដែលគ្រូប្រដៅលែងបានគ្រូលែងរវល់ចុងក្រោយទាល់តែប៉ូលីសចាប់ទើបម៉ែ ឧ៍ដឹង ។
មនុស្ស១០០នាក់មានចិត្ត១០០ដែរប្រសិនបើមនុស្ស១០០នាក់មានចិត្តតែមួយលើពិភពលោកនេះគ្មានសង្ក្រាមឡើយ ។សូម្បីតែព្រះពុទ្ធដែលមានសាវក្សចំនួន៨០អង្គដែលសុទ្ធតែបានត្រាស់ជាព្រះអរហន្តទាំង៨០អង្គក៏ពិតមែនក៏ព្រះអរហន្តទាំង៨០អង្គនោះមានជំនាញនិងចរឹកខុសៗគ្នាដែរ ។ចុះទម្រាំតែមនុស្សលោកនោះ ?អញ្ចឹងហើយទើបអ្នកខ្លះគេពោលចំអកថាមិនមែនមនុស្សលោកទេគឺមនុស្សលោភ ។
មនុស្សចរឹកខុសគ្នាហេតុនេះទើបវាសនាក៏មិនដូចគ្នាដែរ ។ហេតុនេះសូមកុំច្រណែនគ្នាហើយកុំបបួលគ្នាបន្ទោសលើព្រហ្មលិខិតវាមិនត្រឹមត្រូវទេ ។អ្វីៗកើតមានដោយការព្យាយាមមិនមែនកើតឡើងដោយព្រះប្រទាននោះទេ ។ទោះបីជាអ្នកមានទេពកោសល្យក៏៩០ភាគរយចំណុះទៅលើការព្យាយាមដែរកុំជោរ ។
មនុស្សកុំតូចចិត្តនឹងវាសនាខ្លួនឯងហើយកុំមានទម្លាប់ដើរងើយមើលមេឃនៅពេលដែលខ្លួនមានអំណាចប្រយ័ត្នជំពប់ជើងដួលគួរមើលក្រោមផងទៅព្រោះវាមិនដែលមាននរណាជំពប់ក្បាលជាមួយមេឃទេមានតែជំពប់ជើងនៅលើដីនេះឯង ហេស ! ហេ ! ៕