ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកា​រដ្ឋ​-​ឯកជន​លើក​ទី ២ ស្ដីពី​ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន រៀបចំឡើង ក្នុង​គោលបំណង​បន្ត​ជំរុញ​បង្កើត​ឱកាស​ធុរកិច្ច​និង​វិនិយោគ ពី​ប្រទេស​ជប៉ុន មក​ប្រទេស​កម្ពុជា​

115

 

​ភ្នំពេញ ៖ នៅ​ទីស្ដីការក្រសួង កាលពី​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​វេទិកា​រដ្ឋ​~​ឯកជន​លើក​ទី​២ ស្តីពី “​ការអភិវឌ្ឍ​នគរូបនីយកម្ម កម្ពុជា​~​ជប៉ុន​” និង ពិធី​ចុះ​អនុស្សារណៈ​យោគយល់​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​។​

ក្នុងឱកាស​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​ដល់​ប្រជាជន​កម្ពុជា​តាមរយៈ​ស​មិទ្ធ​ផល​ជាច្រើន​មានដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ​និង​ស្ពាន​សំខាន់ៗ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធគ្រប់គ្រង​ទឹកជំនន់ ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ការអភិវឌ្ឍ​វា​រី​អគ្គិសនី ការជួសជុល​ប្រាសាទបុរាណ ការការពារ​បរិស្ថាន ការ​កម្ចាត់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ក៏ដូចជា​ការបណ្ដុះបណ្ដាល​ដល់​មន្ត្រីរាជការ​និង​និស្សិត​កម្ពុជា​ផងដែរ​។​

​ជាមួយនេះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានបង្ហាញ​ពី​ការចូលរួម​អបអរសាទរ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រសួង​ដីធ្លី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​តាមរយៈ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ចុះ​ថ្ងៃទី ១០ ខែមករា​ឆ្នាំ ២០១៧ និង​ចុះ​ថ្ងៃទី ២៦ ខែកុម្ភៈ​ឆ្នាំ ២០១៩ និង​តាមរយៈ​ការអនុវត្ត​គម្រោង​សហប្រតិបត្តិការ​របស់​អង្គការ​JICA ដោយ​រហូត​មកទល់ពេលនេះ​បានសម្រេច​សមិទ្ធផល​ជាច្រើន​លើ​ការងារ​សំណង់ ការងារ​រៀបចំ​ដែនដី​និង​នគរូបនីយកម្ម​
ការងារ​លំនៅឋាន​និង​ការងារ​សុរិយោដី​និង​ភូមិសាស្ត្រ​។​

​ឯកឧត្តម​បាន​ឲ្យ​ដឹងថា វេទិកា​រដ្ឋ​-​ឯកជន​លើក​ទី ២ ស្ដីពី​ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន រៀបចំឡើង ក្នុង​គោលបំណង​បន្ត​ជំរុញ​បង្កើត​ឱកាស​ធុរកិច្ច​និង​វិនិយោគ ពី​ប្រទេស​ជប៉ុន​មក​ប្រទេស​កម្ពុជា​ស្ដីពី​នគរូបនីយកម្ម​ដោយ​ផ្ដោតលើ​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ ដែល​ការរៀបចំ​វេទិកា​លើក​ទី ២​នេះ​ឡើង គឺ​បានបង្ហាញ​នូវ​ការបន្ត​ជឿជាក់​របស់​អ្នកវិនិយោគ​ជប៉ុន លើ​សក្ដានុពល​សេដ្ឋកិច្ចកម្ពុជា​ហើយ​វេទិកា​នេះ​នឹង​កាន់តែ​ពង្រឹង​បាន​នូវ​សាមគ្គីភាព​និង​មិត្តភាព នៃ​ប្រជាជាតិ​ទាំងពីរ​កម្ពុជា​ជប៉ុន​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា ជឿជាក់ថា ក្រសួង​ដីធ្លី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​និង​ទេសចរណ៍ នៃ​ប្រទេស​ជប៉ុន​នឹង​បន្ត​បង្កើន​សកម្មភាព​ជំរុញ​និង​ពង្រឹង​អនុវត្ត​លើ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ទាំងពីរ​បន្តទៀត ដោយ​ក្នុងនោះ​លើ​វិស័យ​សំណង់​ឯកឧត្តម​បានស្នើ​ដល់​ភាគី​ជប៉ុន​ឱ្យ​ជំរុញ​ដល់​គម្រោង​អភិវឌ្ឍ​សមត្ថភាព​អនុវត្ត​ច្បាប់ ស្ដីពី​សំណង់​និង​វិធីសាស្ត្រ​ធានា​សុវត្ថិភាព​សំណង់​ជាពិសេស​ជំរុញ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​បទ​ប្បញ្ញត្តិ​បច្ចេកទេស​សំណង់ ការងារ​ត្រួតពិនិត្យ​និង​បញ្ជាក់​សំណង់ និង​ការដាក់ឱ្យ​ដំណើរការ​មន្ទីរពិសោធន៍​ជាតិ​ស្ដីពី​សំណង់ រីឯ​ក្នុង​វិស័យ​រៀបចំ​ដែនដី​និង​នគរូបនីយកម្ម​។
​ឯកឧត្តម​បានស្នើ​ដល់​ភាគី​ជប៉ុន​ឲ្យ​បន្ត​ជំរុញ​កិច្ចសហការ​គាំទ្រ​លើ​ការកសាង​ផែនការ​រៀបចំ​ដែនដី​ថ្នាក់ជាតិ សេចក្តីព្រាងច្បាប់​ស្ដីពី​ការរៀបចំ​ដែនដី​និង​នគរូបនីយកម្ម និង​បន្ត​គាំទ្រ​គម្រោង​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​នៅ​រាជធានី​ភ្នំពេញ​ដែលជា​លទ្ធផល​នៃ​ការរកឃើញ​របស់​អង្គ​វេទិកា​រដ្ឋ​-​ឯកជន​លើក​ទី ១ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​, ចំពោះ​វិស័យ​លំនៅឋាន​ឯកឧត្តម បានស្នើ​ដល់​ភាគី​ជប៉ុន​ឱ្យ​បន្ត​ជំរុញ​កិច្ចសហការ​រៀបចំ​គោលនយោបាយ ច្បាប់ បច្ចេកទេស​និង​វិធីសាស្ត្រ នៃ​ការអភិវឌ្ឍ​លំនៅឋាន​, ដោយឡែក​ក្នុង​វិស័យ​សុរិយោដី​និង​ភូមិសាស្ត្រ ឯកឧត្តម​បានស្នើ​ដល់​ភាគី​ជប៉ុន ឲ្យ​បន្ត​ជំរុញ​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ​ភូមិសាស្ត្រ​ជាតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​ជាការ​ឆ្លើយតប ឯកឧត្តម អាកា​បាក់ ខា​ហ្សឺ​យូ​ស៊ិ (Akaba Kazuyoshi) រដ្ឋមន្ត្រីក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន បាន​កោតសរសើរ​ចំពោះ​ចំណាត់ការ​លើ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដ៏​មាន​ប្រសិទ្ធភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​រហូត​មកទល់ពេលនេះ​នៅ​កម្ពុជា​ពុំទាន់​មាន​អ្នកស្លាប់​ដោយសារ​ជំងឺឆ្លង​រាតត្បាត​នេះ​ទេ​។ ចំពោះ​ប្រទេស​ជប៉ុន​វិញ ក៏ដូចជា​បណ្តា​ប្រទេស​លើ​ពិភពលោក​មួយចំនួន​ដែរ កំពុង​ព្យាយាម​ដាក់ចេញ​នូវ​វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ ផង​និង​កំពុង​ព្យាយាម​ស្តារ​ស្ថានភាព​សេដ្ឋកិច្ច​ផង​។ ឯកឧត្តម​បានលើកឡើង​ថា កាលពី​ខែធ្នូ​ឆ្នាំ ២០២០ កន្លងមក​ប្រទេស​ជប៉ុន បានអនុម័ត​យុទ្ធសាស្ត្រ​ទិសដៅ​ហេដ្ឋារចនាសម្ព័ន្ធ​ធុរកិច្ច​បរទេស​ឆ្នាំ ២០២៥ ដើម្បី​ជាការ​ចូលរួមចំណែក ដល់​កិច្ចសហការ​ដោះស្រាយ​វិបត្តិ​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ឌីជីថល និង​ការកាត់បន្ថយ​ឧស្ម័ន​កាបូ​និ​ច​។ ជាមួយនេះ ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​ជប៉ុន ឯកឧត្តម​ឯកភាព​បន្ត​អនុស្សរណៈ​យោគយល់ ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់​កាលពី​ឆ្នាំ ២០១៧​បន្ថែមទៀត ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមការងារ​របស់​ក្រសួង​ដីធ្លី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​អាចបំពេញ​ការងារ ដើម្បី​ជាការ​រួមចំណែក​ដល់​ការទប់ស្កាត់​កត្តា​ប្រែប្រួល​អាកាសធាតុ​។ ឯកឧត្តម អាកា​បាក់ ខា​ហ្សឺ​យូ​ស៊ិ បានចាត់ទុក​វេទិការ​ដ្ឋ​ឯកជន​លើក​ទី ២ ស្តីពី​ការអភិវឌ្ឍន៍​នគរូបនីយកម្ម​កម្ពុជា​ជប៉ុន នាពេលនេះ​ថា ពិត​ជាមាន​សារៈសំខាន់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ជប៉ុន​។ ចំពោះ​វិស័យ​នគរូបនីយកម្ម​វិញ​ភាគី​ជប៉ុន មាន​ជំនឿ​ជឿជាក់ថា និង​អាច​ចែករំលែក​បទពិសោធន៍​ល្អៗ​ដល់​ប្រទេស​កម្ពុជា ស្ដីពី​ការប្រើប្រាស់​បច្ចេកទេស​ឌីជីថល​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​បម្រើ​ឲ្យ​ការងារ​រៀបចំ​ទីក្រុង​និង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ នៅក្នុង​ទីក្រុង​ដោយ​ប្រទេស​ជប៉ុន​សង្ឃឹមថា នឹង​អាច​ចែករំលែក​បទពិសោធន៍​លើ​ផ្នែក​ជំនួយ​រៀបចំ​អភិវឌ្ឍ​ច្បាប់​ផង​និង​ផ្នែក​ជំនួយ​បច្ចេកទេស​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង