ស្នងការខេត្តកំពង់ស្ពឺ ៖ អយ្យការកំពុងដំណើរការនីតិវិធី ករណីយោធាថ្នាក់ឧត្ដមសេនីយ៍ទោ សយ ចាន់ធឿន បានប្រើហិង្សាបង្ខាំងទុកនិងគំរាមសម្លាប់ស្ត្រីម្នាក់ នៅឃុំត្រែងត្រយឹង
កំពង់ស្ពឺ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមអនុញ្ញាតបំភ្លឺជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក Sibonthol Duong បានផ្ញើសារចូលក្នុង គេហទំព័រសម្ដេចក្រឡាហោម សូមសម្ដេចជួយអន្ដរាគមន៍ រកយុត្ដិធម៌ជូនប្អូនស្រីជីដូនមួយរបស់ខ្ញុំផងដែលជនល្មើសមានឈ្មោះ សយ ចាន់ធឿន បានប្រើហិង្សាបង្ខាំងទុកនិងគំរាមសម្លាប់ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បែរជាសមត្ថកិច្ចនគរបាលជួយអន្ដរាគមន៍រំដោះជនរងគ្រោះរួចមិនហ៊ានចាប់ជនបង្កបែរជាគោរពជនល្មើសនោះទៅវិញ ។
ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមគោរពជម្រាបជូនថា ក្រោយពីទទួលបានដំណឹងភ្លាម តាមរយៈប្រព័ន្ធអេឡិចត្រូនិក តេឡេក្រាម លេខទូរស័ព្ទ015304151 ឈ្មោះ ឌួង ហេម៉ាលីស បានស្នើសុំឲ្យជួយអន្ដរាគមន៍ព្រោះមានគេគំរាមបាញ់ជើងខ្ញុំ ឥឡូវខ្ញុំឈឺក្បាលខ្លាំងណាស់ ខ្ញុំកំពុងត្រូវគេបង្ខាំងទុកនៅផ្ទះមួយកន្លែងនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច បានបញ្ជាទៅនគរបាលមូលដ្ឋានចុះទៅកាន់គោលដៅដែលជននោះប្រាប់បន្ទាន់ រួចកំលាំងនគរបាលស្រុកភ្នំស្រួចបានគោរពរាយការណ៍ជូនថ្នាក់ដឹកនាំនិងតំណាងអយ្យការដើម្បីស្នើសុំយោបល់ និងចុះប្រតិបត្ដិការ ជាក់ស្ដែងកម្លាំងមូលដ្ឋានបានរកទីតាំងផ្ទះនោះឃើញនិងបាននាំស្ដ្រីឈ្មោះ ឌួង ហេម៉ាលីស មកកាន់មន្ទីរពេទ្យឯកជនមួយនៅម្ដុំផ្សារត្រែងត្រយឹង ប៉ុន្តែស្ដ្រីខាងលើនិងក្រុមគ្រួសារបានសុំឱ្យសមត្ថកិច្ចនគរបាលជួយបញ្ជូនមកមន្ទីរពេទ្យខេត្តកំពង់ស្ពឺ លុះសមត្ថកិច្ចបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត ក្រុមគ្រួសារនិងសាម៉ីខ្លួនបានប្រាប់ថា គាត់មិនសំរាកនៅមន្ទីរពេទ្យខេត្ដទេគឺគាត់សុំបន្ដទៅពេទ្យនៅរាជធានីភ្នំពេញ ងាយស្រួលជាង ចំពោះបញ្ហាផ្សេងទៀតរង់ចាំគាត់ត្រឡប់មកវិញ បញ្ជាក់ ស្ដ្រីខាងមិនបានប្រាប់ថា អ្នកណាជាជនបង្កឬជនល្មើសនោះទេ គ្រាន់តែសុំឱ្យសមត្ថកិច្ចជួយអន្ដរាគមន៍រំដោះនិងជូនគាត់មកពេទ្យតែប៉ុណ្ណោះ ។
លុះដល់ថៃ្ងទី២៤ ខែមករា ឆ្នាំ២០២១ ស្ដ្រីឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងនៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ប្ដឹងឈ្មោះ សូយ ចាន់ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ យោធា ថ្នាក់ឧត្ដមសេនីយ៍ទោ នាយករងទីចាត់ការអភិវឌ្ឍន៍អគ្គបញ្ជាការនៃក្រសួងការពារជាតិ សំណុំរឿងព្រហ្មទណ្ឌលេខ ១១៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នអយ្យការ កំពុងដំណើរការនីតិវិធី ។ ចំពោះបងប្អូនស្ដ្រីខាងលើ ដែលបាន ខមមិនថាបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ហើយសមត្ថកិច្ចដោះលែងជនល្មើសនិងគោរពជនល្មើស នោះមិនមែនជាការពិតទេ ។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប និងត្រូវជឿជាក់មកលើសមត្ថកិច្ច កុំទាន់ប្រើការវិនិច្ឆ័យមុនហេតុការណ៍លទ្ធផលស្រាវជ្រាវការពិត ៕