ឃាត់ខ្លួនជនជាតិថៃ ២នាក់ ជាមួយនឹងគ្រឿងញៀន ៣០៦,៤ក្រាម បញ្ជូនទៅតុលាការខេត្ត
(បន្ទាយមានជ័យ) ៖យោងតាមចម្លើយសារភាពរបស់ជនសង្ស័យជនជាតិថៃ ២នាក់ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ពិតជាបានប្រព្រឹត្តបទល្មើស ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។
សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២១ និង ១០នាទី ដោយទទួលបានបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញការិយាល័យគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន ០២នាក់ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ៖ ក្រោយពីទទួលបានព័ត៌មានពីករណីខាងលើ លោកបានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការអនុវត្តន៍ និងដាយមានការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងជំនាញការិយាល័យគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះប្រតិបត្តិការបង្រ្កាបបទល្មើសខាងលើ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ១-ឈ្មោះ ថៃ សំរាន (ហៅ តាឡិក) ភេទ ប្រុស អាយុ ៦៣ឆ្នាំ ជនជាតិថៃ ស្រុកកំណើតនៅភូមិសាថន សង្កាត់យ៉ាណាវ៉ា ក្រុងប៉ាងកក ២-ឈ្មោះ ភីនយ៉ៃ ធប់កែវ ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិថៃ ស្រុកកំណើតនៅភូមិ ម៣ ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ និងរឹបអូសបានវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួនៈ ៣ថង់កិប ស្មើ ៣០៦.៤ក្រាម -ទូរស័ព្ទដៃ ចំនួន ២គ្រឿង -លិខិតឆ្លងដែនជនជាតិថៃ ឈ្មោះ ទេពកាសេម គេត្រាត ចំនួន ១ក្បាល -កូនកាំបិតបត់ចំនួន ១ដើម -ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្ថែមថា ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យ (ភីនយ៉ៃ ធប់កែវ) បានសារភាពថា ៖ ខ្លួនបានជួញដូរសារធាតុញៀននេះ រយៈពេល ៤ខែមកហើយ ដោយទិញពីថៅកែម្នាក់តាមរយៈ តាឡិក ម្តង ២ ទៅ ៣ថង់កិប និងតាឡិក ក៏ជាអ្នកជួយចែកចាយបន្តដែរ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕