ធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើម្ហូប ចំណីជាច្រើនមុខនៅផ្សារអូរឬស្សី តែមិនឃើញមានជាតិគីមីហាមឃាត់
ភ្នំពេញ៖ ដើម្បីឲ្យគុណភាពចំណីអាហារកាន់តែមានជំនឿទុកចិត្តពីប្រជាពលរដ្ឋ គណៈកម្មការផ្សារអូរឬស្សី បានសហការជាមួយមន្ត្រីពាណិជ្ជកម្មរាជធានីភ្នំពេញ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ទៅលើម្ហូប ចំណីជាច្រើនមុខនៅផ្សារអូរឬស្សី តែក្រោយការពិនិត្យគឺមិនឃើញមានជាតិគីមីហាមឃាត់នោះទេ។
ប្រតិបតិ្តការនេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៨ នៅក្នុងផ្សារអូរឬស្សី ខណ្ឌ៧មករា។
មន្ត្រីដែលចុះអនុវត្តលើការងារនេះបានអោយដឹងថា ម្ហូប ចំណីជាច្រើនមុខដែលសមត្ថកិច្ចចុះពិនិត្យជាក់ស្តែងនេះមានដូចជា ផ្អក ប្រហុក ម៉ាំ ផ្អកពងត្រី ប្រហុកសាច់ សាច់ក្រក បន្លែគ្រប់មុខ។
មន្ត្រីដដែរបញ្ជាក់ថា ជាលទ្ឋផលគឺរកពុំឃើញមានសារធាតុគីមីហាមឃាត់ទេ ក្រោយពីការត្រួតពិនិត្យបានយកគំរូបន្លែជាច្រើនមុខ ប្រហុក ផ្អក គ្រឿងហូបចុក មួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីរកសារធាតុគីមីហាមឃាត់ផ្សេងទៀតបន្ថែមផងដែរ៕