ចោរម្នាក់ចូលប្លន់ផ្ទះវីង បាញ់អត់ផ្ទុះ ម្ចាស់វីងដណ្ដើមកាំភ្លើងខ្លីបាន បាញ់វិញមិនផ្ទុះទៀត ធ្វើឲ្យក្រុមចោរភ័យរត់ចោលម៉ូតូនិងកាំភ្លើងខ្លី
ភ្នំពេញ ៖ ចោរប្លន់ប្រដាប់អាវុធម្នាក់ ធ្វើសកម្មភាពចូលបាញ់ប្លន់ ទីតាំងវីងមួយកន្លែងយីហោ «ប៉េង សុខចំរើន» មានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២១៧ (យចំណុចច្រមុះជ្រូកស្ទឹងមានជ័យ) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៦ និង៣០នាទីរសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។
បើតាមប្រភព័ត៌មាន បានអោយដឹងថា នៅមុនកើតហេតុ ចោរប្លន់ម្នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1BX-5216 ចូលទៅទីតាំងវីងខាងលើ រួចដកកាំភ្លើងខ្លីម៉ាក កា៥៩ ពីចង្កេះធ្វើសកម្មភាពភ្ជង់ទៅលើបុរសជាម្ចាស់ទីតាំងគំរាមប្លន់យកលុយ ។ លុះមិនបានប៉ុន្មានផង ជនល្មើសបានបាញ់១គ្រាប់ ប៉ងសម្លាប់ម្ចាស់ទីតាំង តែគ្រាប់កាំភ្លើង មិនផ្ទុះ! បណ្តាលអោយបុរសជាម្ចាស់ទីតាំង ស្ទុះទៅវាយប្រតាយប្រតប់ជាមួយជនល្មើស រហូតជ្រុះកាំភ្លើង និងដណ្តើមបានកាំភ្លើងពីជនល្មើសវិញ ជាហេតុធ្វើអោយជនល្មើសភ័យស្ទុះរត់ចេញពីទីតាំងវីង ប៉ងគេចខ្លួន ។
ភ្លាមៗនោះ បុរសជាម្ចាស់ទីតាំង ក៏បានកាន់កាំភ្លើងដេញតាម និងបានបាញ់ទៅកាន់ជនល្មើសចំនួន១គ្រាប់ដែរ តែគ្រាប់កាំភ្លើង មិនផ្ទុះទៀត (ចំគ្រាប់ស្អុយបាញ់អត់ផ្ទុះដូចគ្នា) ជាហេតុធ្វើអោយជនល្មើស មានឱកាសរត់ដោយថ្មើរជើង គេចខ្លួនបាត់ស្រមោលតែម្តង ។
បន្ទាប់មក បុរសជាម្ចាស់ទីតាំងវីង បានត្រឡប់ទៅផ្ទះខ្លួនវិញ ព្រោះខ្លាចមានអ្នកចូលទៅយកលុយ ទើបជនល្មើសអាចរត់គេចបានដោយគ្មានអ្នកតាម ។
ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ រួមជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យ និងសាកសួរនាំព័ត៌មាន ។ រួចហើយក៏បាន អញ្ចើញម្ចាស់ទីតាំង ទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីសាកសួរនាំបន្ថែម និងដាក់ពាក្យបណ្តឹងផងដែរ ៕