គំនិតឡឺកឺ ៖ អ្នកនៅជិត និង អ្នកនៅឆ្ងាយ
ភ្នំពេញ៖តាំងពីកូវីដ ១៩ផ្ទុះក្នុងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០កុម្ភៈមកនាយឡឺកឺខ្ញុំហាក់ដូចជាលែងចង់ឡឺកឺយ៉ាងម៉េចទេហើយដូចជាចង់ឆ្កួតទៅវិញ ។
អង្គុយផឹកកាហ្វេខ្មៅជាមួយអ្នករត់រ៉ឺម៉កសោះតែបែរជាខិតខំបញ្ចេញទ្រឹស្ដីដូចជាអ្នកប្រាជ្ញទៅវិញ ។នៅសុខៗបែរជានឹងឃើញពាក្យខ្មែរមួយឃ្លាដែលគេពោលថា<ការបម្រើឧ៍ពុកម្ដាយអ្នកនៅឆ្ងាយច្រើនតែគាប់ ឯ អ្នកដែលនៅបម្រើជាប់ច្រើនតែខុសមិនដែលត្រូវសោះ> ។គិតទៅអ្នកបង្កើតពាក្យនេះមកបើខ្ញុំកើតទាន់វិញអ្ហេះសុំស៊ែលហ្វី ហើយថតបង្ហោះដាក់ហ្វេសប៊ុកឪ្យល្បីតែម្ដង ។
មែនតើ ! អ្នកបម្រើឧ៍ពុកម្ដាយជាប្រចាំ ផ្ដល់អាហារល្ងាច ព្រឹក បោកគក់សម្លៀកបំពាក់ជូនគាត់ក៏គាត់នៅតែមិនសប្បាយចិត្ត ។
បើលោតែម៉ែ ឧ៍កាចវិញអ្ហេះជេរព្រឹកជេរល្ងាច ហើយពេលគាត់ឈឺថ្កាត់នៅកំដរគាត់មិនដែលហ៊ានប្រហែសឡើយតែក៏នៅតែខុសនិងមិនពេញចិត្តគាត់ទៀត ។
ចំពោះអាកូននៅឆ្ងាយយូរៗមកលេងម្ដងកាប់មាន់ម៉ែ ឧ៍ស៊ី ៤ ឬ ៥ក្បាលហើយជូនគាត់តែ១០ ឬ ២០ម៉ឺនប៉ុណ្ណោះតែបែរជាម៉ែ ឪសរសើរនោះលែងនិយាយតែម្ដង ។ជួនកាលជំពាក់ប៊ីយ៊ែរគេផឹកហើយទុកឲ្យម៉ែចេញលុយទៀតតែបែរជាមានគុណសម្បត្តិនោះមាន ។
និយាយរឿងនេះធ្វើឲ្យនាយខ្ញុំនឹងឃើញដល់អ្នកធំមួយចំនួន ។ ពួកកូនចៅដែលស្មោះត្រង់នៅជាមួយរាប់ឆ្នាំខំយួរកាបូប ស្ពាយឯកសារឲ្យតែបែរជាមើលមិនឃើញឡើយ ខ្លះធ្វើការដល់ចូលរ៉ឺត្រែតបានត្រឹមតែជួយស្ពាយឯកសារឲ្យមេប៉ុណ្ណោះ ។ចំពោះបុណ្យសក្តិ បានតែអ្នកផ្សេងដែលចេះត្រឹមអែបអបប៉ុណ្ណោះ ។ពួកនេះយូរៗទៅផ្ទះមេម្ដងតែគេចេះស្ពាយអ្វីដែលមេចូលចិត្តយកទៅជូនតែប្រសិនបើមេអស់បុណ្យ អស់សក្តិវិញអ្ហេះកុំសង្ឃឹមថានឹកស្រណោះមេឲ្យសោះ ។គេច្បាស់ជាអែបមេថ្មីហើយ ។
ពាក្យចាស់លោកថា<នាយថ្កើងត្បិតពល>ហេតុនេះជាឧ៍ពុកម្ដាយ ជាមេដឹកនាំគេគួរតែមើលកូនចៅដែលនៅកៀកឲ្យបានច្រើនកុំទុកចិត្តអាកូនចៅដែលនៅឆ្ងាយពីខ្លួនពេកព្រោះមានការអ្វីមិនអាចមកជួយយើងទាន់ពេលវេលានោះទេហើយស្រួលមិនស្រួលទូរស័ព្ទទៅថាខ្លួនរវល់ ឬ មានលេសផ្សេងផងក៏មិនដឹង ។ នាយខ្ញុំចេះតែថាតាមការនឹងឃើញប៉ុណ្ណោះទេសូមកុំខឹង ៕