អាជ្ញាធរខេត្តព្រះសីហនុ បង្កើនវិធានទប់ស្កាត់កូវីដ ក្រោយរកឃើញកំណើនអ្នកឆ្លង
ព្រះសីហនុ: ដើម្បីរិតបណ្តឹងការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅសហគមន៍ក្នុងខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ហាការឯកភាពខេត្ត មានការចូលរួម ពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ នៅសាលាខេត្ដព្រះសីហនុ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានកោតសរសើរដល់កងកម្លាំង ពិសេស ក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងប្រកបដោយម្ចាស់ការ ដឹកនាំដោះស្រាយបំពេញការងារបានល្អប្រសើរ ដូច្នេះទាំងអស់គ្នា ត្រូវបន្តខិតខំស្រាវជ្រាវទីតាំងមានការពាក់ព័ន្ធ ដូចជា៖ -ត្រៀមកំលាំងគ្រប់គោលដៅ មន្ទីរ អង្គភាព ក៍ត្រូវត្រៀមចូលរួមការ បណ្តុះបណ្តាលតាមគោលដៅផ្សេងទៀត។ -គ្រូពេទ្យ ត្រូវកំណត់ម៉ោងធ្វើការប្រកបដោយថាមពលក្នុងការចូលរួមការងារយក សំណាក។ -បង្កើនបទពិសោធន៍ បញ្ជីឈ្មោះ និងរបាយការណ៍ឯកភាពតាមរយៈ Computet។ -ពិនិត្យលទ្ធភាពពង្រីក ក្រុមគ្រូពេទ្យ ដោយចែកជា ក្រុមព្យាបាល យកសំណាក និងការចាក់វ៉ាក់សាំងការពារកូវីដ-១៩។ ទាំងអស់គ្នា បន្តប្រើប្រាស់ វិធានការអប់រំ ផ្សព្វផ្សាយណែនាំប្រជា ពលរដ្ឋប្រសិនបើមិនមានការចាំបាច់មិនត្រូវធ្វើដំណើរទៅ កាន់រាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងទេ ដើម្បីចូលរួមការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍របស់យើង។
ឯកឧត្ដម បន្ដថា រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋ កុំធ្វើដំណើរចល័តពីខេត្ត ទៅភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀតក្នុងករណីមិនចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យកាន់តែមានប្រសិទ្ធភាព។ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើជនបរទេស ដែលស្នាក់នៅខេត្តព្រះសីហនុ មានវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងដល់ចំនួន ៨នាក់។ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេច ផ្អាកសកម្មភាពអាជីវកម្មលើទីតាំងពាក់ព័ន្ធចំនួន ៦កន្លែង រួមមាន៖ សណ្ឋាគារជីនប៉ីទាំង៣សាខា អគារស្នាក់នៅរួម វាន់ឃីឆឺងរបស់ក្រុមហ៊ុនជីនប៉ី សណ្ឋាគារហ័ងហ្គ័នជាយី (Crowne Plaza) និងអគារស្នាក់នៅរួម វីន ភ្យូឈ័រ ខុនដូ-អាជីវកម្ម ក្នុងក្រុង/ខេត្ដព្រះសីហនុ។ មកដល់ពេលនេះ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាក តេស្តពីអ្នកពាក់ព័ន្ធជាមួយទីតាំងទាំងអស់ខាងលើសរុបចំនួន ១.៥៦២នាក់ ស្រីចំនួន ៥០៣នាក់។
ឯកឧត្ដម បន្ដទៀតថា ទាំងអស់គ្នាត្រូវឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺពាក់ម៉ាស់លាងដៃ និងរក្សាគម្លាតសុវត្ថិភាព សង្គម និងសុវត្ថិភាពបុគ្គល ចាប់ពី ១,៥ម៉ែត្រឡើងទៅឱ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់។ ចំពោះ៣កុំ គឺកុំចូលទៅ កន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ កុំទៅ កន្លែង ដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។