ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណង ប្រហែល ១០,៨ លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ភ្នំពេញ ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្ត «គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ» នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រ កម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមាន ទឹកប្រាក់សរុបចំនួន ១.១៣២ លានយ៉េន (ប្រហែល ១០,៨ លានដុល្លារអាមេរិក) ដើម្បីអនុវត្ត “គម្រោង អភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ” នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១។
ហិរញ្ញប្បទានឥតសំណងដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមទប់ស្កាត់ ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍” ឬហៅថាព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ភាគីទាំងពីរ នឹងធ្វើការចុះហត្ថលេខាលើ លិខិតប្ដូរសារនេះ នៅទីកន្លែងរៀងៗខ្លួន៕