ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជនបំពុលសង្គម បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា “មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ធ្លាក់ខ្លួនពិការ ក្រោយពីចាក់ វ៉ាក់សាំងចិន ”

51

​ភ្នំពេញ ៖ នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​បានធ្វើ​ការបដិសេធ​ចំពោះ​ការ​បង្ហោះ​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Chhun Vean II” ដែល​បាន​បង្ហោះ​ពត៌មាន​ថា មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់ ធ្លាក់ខ្លួន​ពិការ​ក្រោយពី​ចាក់​វ៉ាក់សាំង​ចិន គឺជា​ការមិនពិត និង​មាន​ច​រិ​ក​ញុះញង់​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​។​

​ជាមួយគ្នានេះ នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​បានធ្វើ​ការបដិសេធ​ខ្លឹមសារ​ដែល​បាន​បង្ហោះ​ខាងលើ​ទាំងស្រុង និង​សូម​បញ្ជាក់ជូន​សា​ធាណៈ​ជន​មេត្តា​ជ្រាបថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ឧ​ត្ត​ម បម្រើ​ការងារ​នៅក្នុង​នាយដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង មាន​ជម្ងឺ​គៀប​សរសៃ​ប្រាសាទ​ឆ្អឹងខ្នង (Hernir Crural) និង​លើស​អាស៊ីត​ធ្ងន់ធ្ងរ ជា​យូរ​មកហើយ និង​ថ្មីៗ​នេះ បាន​បណ្តាល​ឲ្យ​ប៉ះពាល់​សរីរាង្គ​ផ្នែក​ខាងក្រោម​ចង្កេះ ធ្វើ​ឲ្យ​ជើង​ទាំងពីរ​ស្ពឹក​ទន់​ដើរ​ពុំរួច មិន​ដូច​អ្វីដែល គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Chhun Vean II” លើកឡើង​ឡើយ​។​

​ទាក់ទង​នឹង​ករណី​នេះដែរ នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរ​ជាតិ ក៏បាន​បដិសេធ​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Chhun Vean II»​នេះដែរ ដែល​បាន​បង្ហោះ​ព័ត៌មាន​ដូច​មាន​ខ្លឹមសា​ខាងលើនេះ ហើយ​ជាមួយគ្នា នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក៏បាន​ថ្កោលទោស​ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ដែលមាន​ចរិត​ញុះញង់​ខុស​ការពិត​នេះ និង​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ខាងលើ ធ្វើការ​កែតម្រូវ​និង​សុំទោស​ជា​សាធារណៈ​ផងដែរ​។ បើ​មិន​ដូច្នោះ​ទេ នាយកដ្ឋាន​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ឧ​ត្ត​ម អនុប្រធាន​នាយក​រដ្ឋា​ន​ទទួលបន្ទុក​ការិយាល័យ​ការពារ​សម្ងាត់​រដ្ឋ បានធ្វើ​ការបដិសេធ​ទាំងស្រុង​ចំពោះ​ជន​អគតិ​មួយ នៅក្នុង​គណនី​ហ្វេ​ស​បុក​ឈ្មោះ Chhun Vean II បាន​បង្ហោះ​ថា រូបលោក​បាន​ធ្លាក់ខ្លួន​ពិការ​ដោយសារ​មកពី​ការចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​គូ​វីដ​១៩​របស់​ចិន ខណៈ​លោក​មិនទាន់​បានធ្វើ​ការចាក់​នៅ​ឡើយ ហើយ​លោក​ក៏បាន​អំពាវ​នាវា​ដល់​អាជ្ញាធរ​ជំនាញ​ស្វែងរក​ចាប់ខ្លួន ជននេះ​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ផងដែរ​។​

​ការបដិសេធ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ឧ​ត្ត​ម បាន​ធ្វើឡើង​បន្ទាប់ពី​គណនី​ហ្វេ​ស​បុក​ឈ្មោះ Chhun Vean II បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបលោក​ដោយ​ដើរ​កាន់​ឈឺ​ច្រត់​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា «​ដំណឹង​ក្តៅៗ​ផ្លូវការ មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់ ធ្លាក់ខ្លួន​ពិការ​ក្រោយ​ពិ​ចាក់​វ៉ាក់សាំង​ចិន​»​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ឧ​ត្ត​ម បាន​បញ្ជាប់​ថា ការ​បង្ហោះ​របស់​ជន​អគតិ​ខាងលើនេះ គឺជា​ចេតនា ញុះញង់​ទុច្ចរិត បំពុលសង្គម ឲ្យ​មានការ​ភ​ន្ត​ច្រឡំ​ពី​សាធារណៈជន និង​ការរើសអើង​ជាតិ​សាសន៍​ជាដើម​។​

​ចំណែក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានចេញ​ផ្សាយ​ព័ត៌មាន​ថា នាពេល​ថ្មីៗ​នេះ​មានការ​ផ្សព្វផ្សាយ​ដោយ​ចេតនា​ទុច្ចរិត នូវ​ព័ត៌មាន​មិន​ពិត​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដោយបាន​ធ្វើការ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ថា “​មន្ត្រីនគរបាល​ក្រសួង មហាផ្ទៃ​ម្នាក់​ធ្លាក់ខ្លួន​ពិការ ក្រោយពី​ចាក់​វ៉ាក់សាំង​ចិន ” ក្នុង​គោលបំណង​បង្កឱ្យមាន​ភាពចលាចល​ក្នុងប្រទេស តែ​តាម​ការពិត​រូបភាព​ដែល​បាន​យកមក​បង្ហោះ​នោះ​គឺជា​រូបភាព​ដែល​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​នាំយក​ថវិកា​និង​សម្ភារៈ​មួយចំនួន​ទៅ​ចុះសួរសុខទុក្ខ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា​ឧ​ត្ត​ម ដែលមាន​ជំងឺ គៀប​សរសៃ​ប្រាសាទ​ឆ្អឹងខ្នង​។​

​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា​ឧ​ត្ត​ម បានធ្វើ​ការបដិសេធ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ហើយ​ជាមួយគ្នានេះ នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក៏បាន​ធ្វើការ​បដិសេធ​ខ្លឹមសារ​ដែល​បាន​បង្ហោះ​ខាងលើ​ផងដែរ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការទទួលខុសត្រូវ​ចំពោះ​ព័ត៌មាន​ដែល​ខ្លួន​យកមក​បង្ហោះ ឬ​ចែកចាយ ទោះជា​ចេតនា ឬ​អ​ចេតនា​ក្ដី ព្រោះ​លោកអ្នក​អាច​ប្រឈម​នឹង​ច្បាប់​នូវ​រាល់​ការផ្សព្វផ្សាយ​ក្លែងបន្លំ​ណា​ដែល​បង្កឱ្យមាន​ភាពចលាចល​ដល់​សង្គម​៕

អត្ថបទដែលជាប់ទាក់ទង