កម្ពុជា នឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពី WHO ៣២៤,០០០ដូស
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ប្រទេសកម្ពុជា បានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពីអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២៤,០០០ដូសជាលើកដំបូង ដែលនឹងមកដល់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ បានចាត់ឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល តំណាងសម្ដេចទៅទទួលវ៉ាក់សាំងនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាតំណាង អំណោយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាក្នុងពេល ឆាប់ៗខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។
បើតាមសេចក្តីជូនព័ត៌មាន ក្រសួងសុខាភិបាល ព្រមទាំងអង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសែហ្វ (UNICEF) ប្រចាំនៅកម្ពុជា សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅល្ងាចនៃថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (AstraZeneca /SI) ចំនួន ៣២៤.០០០ ដុស ដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ូម (Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាង រាជរដ្ឋាភិបាលកម្ពុជា និងអញ្ជើញចូលរួមក្នុងពិធីប្រគល់ -ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលវ៉ាក់សាំងនេះមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. L Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី ហ្វូរុក ហ្វូយូហ្សាត (Ms. Foroogh Foyouzat) តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលពិធីនេះ ក៏នឹងមានវត្តមានចូលរួមពីមន្ត្រី ជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ។
វ៉ាក់សាំងដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គឺជាចំនួនវ៉ាក់សាំងជាលើកដំបូង ដែលផ្តល់ជា ជំនួយឱ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facity) ហើយ វាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្ត ដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់ៗនៅក្នុងឆ្នាំ២០២១នេះ។ មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឱ្យ ប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយនឹងអង្គការយូនីសេហ្វ (UNICEF)។ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ។
កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៩និង៥០នាទី (ជាម៉ោងដែលប៉ាន់ ប្រមាណនៃការមកដល់នៃជើងហោះហើរ )។
ទីកន្លែង៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
កំណត់ចំណាំ៖ វិធានការការពារសុខភាពសាធារណៈដើម្បីបង្ការការចម្លងជំងឺកូវីដ-១៩ នឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងនៅក្នុងពិធីខាងលើនេះ៕