ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន ៖ បានទទួល​ម៉ាស់​ចំនួន ៣០​ម៉ឺន​ម៉ាស់ ពី​សប្បុរសជន និង​ចែកជូន​រដ្ឋបាល​ខណ្ឌ និង​អធិការដ្ឋាន​ខណ្ឌ ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ​

56

 

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​រាជធានី​ភ្នំពេញ​បានទទួល​ម៉ាស់ ចំនួន ៣០​ម៉ឺន​ម៉ាស់ ពី​សប្បុរសជន និង​ចែកជូន​រដ្ឋបាល​ខណ្ឌ និង​អធិការដ្ឋាន​ខណ្ឌ ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃអាទិត្យ ២​រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ។​

​ថ្លែង​ក្នុងឱកាស​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​លោកជំទាវ​ផ្ទាល់​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ លោក នៅ សារី អគ្គនាយក​ក្រុមហ៊ុន រ៉ា​កាន់​ណាហ្គា ខេ​ម​បូ​ឌា ដែល​បាន​ឧបត្ថម្ភ​ម៉ាស់​ចំនួន ២៥​ម៉ឺន​ម៉ាស់ និង ឯកឧត្តម សុ​ត គឹម​សាន ចំនួន ៥​ម៉ឺន​ម៉ាស់ ។ ការឧបត្ថម្ភ​នាពេលនេះ គឺ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ការយកចិត្តទុកដាក់រ​បស់​ក្រុមហ៊ុន​ចំពោះ​សុខទុក្ខ​របស់​ប្រជាជន​កម្ពុជា និង​ការចូលរួម​របស់​ក្រុមហ៊ុន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​និង​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩ នាពេល​បច្ចុប្បន្ន​។​

​លោកជំទាវ​ក៏បាន​សំណូមពរ​អាជ្ញាធរ​ខណ្ឌ និង​កងកម្លាំង​ទាំងអស់​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​នីមួយៗ សូម​យកចិត្ត​ទុក្ខ​ដាក់​បន្ថែមទៀត និង​ត្រូវ​ចូលរួម​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដោយ​សហការ​ជាមួយ​បុគ្គលិក​សុខាភិបាល ជាពិសេស ត្រូវ​ពង្រឹង​នូវ​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការប្រមូល​សំណាក​ចំពោះ​ទីតាំង​និង​មនុស្ស ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នេះ និង​ត្រូវ​ចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ខណៈដែល​រាជធានី​ភ្នំពេញ ក៏ដូចជា​ខេត្ត​មួយចំនួន បាន​នឹង​កំពុង​រង​នូវ​ផលប៉ះពាល់​នៃ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ។
​គិត​ត្រឹម​រសៀល​ថ្ងៃនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៨០៥​នាក់ អ្នក​បាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន ៤៧៧​នាក់ និង​ពុំមាន​អ្នកស្លាប់​នោះទេ​៕​

អត្ថបទដែលជាប់ទាក់ទង