ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹម​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន បាញ់​ស្លាប់​៤​នាក់ ពាក់ព័ន្ធ​ករណី​ចាប់ជំរិត ប្លន់​បាញ់សម្លាប់ នៅក្នុង​បុរី​អង្គរ​ភ្នំពេញ

41

 

​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​នេះ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ពួកក្រុម​ឧក្រិដ្ឋជន​បាញ់​ស្លាប់​៤​នាក់ ក្នុងករណី​ប្លន់​បាញ់សម្លាប់ និង​ចាប់ជំរិត ដែលមាន​ទីតាំង​ក្នុង​បុរី​អង្គរ​ភ្នំពេញ ស្ថិតនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​នៅពេល​បើក​ប្រតិបត្តិ​ការបង្ក្រាប​នេះ ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​កាំភ្លើង​វែង និង​ខ្លី​ជាច្រើន​ដើម បាញ់ស្រោច​មកលើ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​ភ្លាមនោះ​ដោយ​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន បាញ់​ត្រឡប់​ទៅវិញ បណ្ដាល​ឲ្យ​ក្រុម​ជនល្មើស​ស្លាប់​ចំនួន​៤​នាក់ នៅ​កន្លែងកើតហេតុ​។

​បើតាម​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា “​មុននេះ​បន្តិច មាន​ករណី​ឧក្រិដ្ឋជន​៤​នាក់ បាន​ចូល​ប្លន់​ក្នុងផ្ទះ​មួយកន្លែង​នៅ​បុរី​អង្គរ​ភ្នំពេញ​ដោយ​រៀប​ផែនការ​ជម្រិត​យកប្រាក់​១​លាន​ដុល្លារ ជាមុន ទើប​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​ប្តី​ប្រពន្ធ​និង​កូនឈ្នួល​២​នាក់ ជា​ក្រោយ តែ​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ ដែល​ក្នុងករណី​ប្លន់​នេះ ឧក្រិដ្ឋជន​ទាំង​៤​នាក់ បាន​ប្រើប្រាស់​កាំភ្លើង​វែង​AK ១​ដើម និង​កាំភ្លើងខ្លី​២​ដើម បាញ់ស្រោច​មកលើ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​អាវុធហត្ថ​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តបត​ត្រឡប់​ទៅវិញ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​៤​នាក់ ស្លាប់​នៅនឹងកន្លែង​”​៕

អត្ថបទដែលជាប់ទាក់ទង