នៅរាជធានីភ្នំពេញ ការគ្រប់គ្រងមុខសញ្ញាកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុមការងារចម្រុះរដ្ឋបាលរាជធានី គ្រប់គ្រងមុខសញ្ញានេះបានល្អប្រសើរហើយ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានបញ្ជាក់ឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី០១មិនា ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញការគ្រប់គ្រងមុខសញ្ញាកូវីដ–១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុមការងារចម្រុះរបស់យើងគ្រប់គ្រងមុខសញ្ញានេះបានយ៉ាងល្អហើយ ខណៈដែរ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៧៨ដែលយើងបាននិងកំពុងគ្រប់គ្រង ដោយបិទការចេញ ចូលដើម្បីសុវត្ថិភាពកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ–១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអាជ្ញាធររាជធានី ជាមួយនឹងគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ–១៩ យើងអនុវត្តការងារនេះបានយ៉ាងល្អ ដោយមិនបានបិទរាជធានីភ្នំពេញទាំងមូល ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប្រទេសនោះទេ គឺយើងបានបិទតែទីតាំងដែលប្រឈមខ្លាំងតែប៉ុណ្ណោះ ហើយសេដ្ឋកិច្ចរបស់យើងនៅរក្សាដដែល។
លោកឃួង ស្រេងបន្តថា ការអនុវត្តការងារបានយ៉ាងល្អនិងជោគជ័យកន្លងមកនេះ គឺដោយសារតែកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់របស់យើងបានបំពេញការងារដោយការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ទៅតាមការណែនាំរបស់សម្ដេចតេជោ ។ តែអ្វីដែលជាកត្តាជោគជ័យបំផុតនោះគឺការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ។ ជាក់ស្តែងនៅពេលឆ្លងរីករាលដាលជំងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ខណៈ ដែលក្រុមការងារទៅយកមុខសញ្ញាដែលពាក់ព័ន្ធនឹងជម្ងឺកូវីដ–១៩នោះ ប្រជាពលរដ្ឋក្បែរខាង តែងបានផ្តល់ព័ត៌មានជុំវិញជនសង្ស័យទាំងនោះ ថាជនសង្ស័យនោះបានទៅទីនេះ ទីនោះ ដែលអាចអោយយើងគ្រងមុខសញ្ញានេះបានល្អនិងជោគជ័យ ពោលគឺកាលពីថ្ងៃទី២៤ កុម្ភៈ អ្នកមានវិជ្ជមានកូវីដ–១៩នៅរាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ១ថ្ងៃមានរហូតដល់៦៥នាក់ តែសម្រាប់ថ្ងៃទី០១ មិនានេះ អ្នកមានវិជ្ជមានកូវីដ–១៩នៅរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បានថយចុះមកត្រឹមចំនួនត០៩នាក់ប៉ុណ្ណោះ។
ការលើកឡើងខាងលើនេះ របស់លោកឃួង ស្រេងបានធ្វើឡើងក្នុងពិធីសំណាលនិងពិភាក្សាការងារ ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal group និង ជា ប្រធានក្រុមប្រឹក្សាធនាគារ Wing នាព្រឹកថ្ងៃទី០១មិនានេះ ខណៈអ្នកឧកញ៉ា គិត ម៉េងប្រគល់ថវិការ ១០០០០០ ដប់ម៉ឺនដុល្លាសហរដ្ឋអាមេរិកដល់មូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ) នៅសាលារាជធានីភ្នំពេញ។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា មូលនិធិនេះជាគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការរួមចំណែកដល់ជីវភាពអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញដែលមានជីវភាព នៅមានកម្រិតឲទទួលបានការហូបចុក និងការ រស់នៅដោយសមរម្យ។
ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង បានកោតសរសើរ ចំពោះការដឹកនាំការងាររបស់រដ្ឋបាលរាជធានីភ្នំពេញនិង បណ្តាខណ្ឌទាំង ១៤ ដែលបានជួយគិតគូរពីសុខភាព ពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាកូវីត–១៩ និង ម៉្យាងទៀត ក៏ជួយសម្របសម្រួលដល់វិស័យ ឯកជនក្នុងការប្រកបរបររកស៊ីក្នុងរាជធានីភ្នំពេញ៕