ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ ក្រសួង​សង្គមកិច្ច គាំទ្រ​ជានិច្ច​ចំពោះ​វត្ដ​មាន របស់​គណៈ ក​ម្មា​ធិ​ការ សិទ្ធិមនុស្ស នៃ​រដ្ឋាភិបាល​អូស្ត្រាលី​លើ​សេចក្តីព្រាងច្បាប់​ថ្មី​សម្រាប់​វិស័យ​ពិការភាព​នៅ​កម្ពុជា

60

 

​ភ្នំពេញ​៖ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លេខា​ទី​១​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី សា​រ៉ា វ៉ាដ​លី នៅ​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង លោក​រដ្ឋលេខាធិការ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ លោក ឯម ច័ន្ទ​មករា បាន​ស្វាគមន៍​ចំពោះ​ការផ្តល់​ធាតុ​ចូល​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​អូស្ត្រាលី និង​ស្ថាប័ន DID (Disability Inclusive Develop ment Helpdesk) ដើម្បីឱ្យ​សេចក្តីព្រាងច្បាប់​ថ្មី​សម្រាប់​វិស័យ​ពិការភាព​មាន​ភាពស៊ីសង្វាក់​គ្នា​ទៅនឹង​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​មាន​ពិការភាព​។​
លោក ឯម ច័ន្ទ​មករា បានចាត់ទុក​ការផ្តល់​ធាតុ​ចូល​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​អូស្ត្រាលី លើក​សេចក្តីព្រាងច្បាប់​ថ្មី​នៃ​វិស័យ​ពិការភាព​នេះ គឺជា​ការចូលរួមចំណែក​មួយ​ដ៏​សំខាន់ ដើម្បី​ធ្វើឱ្យ​សេចក្តីព្រាងច្បាប់​នេះ​មាន​ធាតុ​ចូល​គ្រប់​ជ្រុង ជ្រោយ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​កាន់តែច្រើន​ឡើងដល់​ជន​មាន​ពិការភាព​នៅ​កម្ពុជា​។​
លោកស្រី សា​រ៉ា វ៉ាដ​លី លេខា​ទី​១​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ថ្មីៗ​នៃ​វិស័យ​ពិការភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​។ លេខា​ទូត​ទី ១ លោកស្រី សា​រ៉ា បានបង្ហាញ​ជំហរ​ថា​រដ្ឋា​ភិ បាល​អូស្ត្រាលី​នឹង​បន្ត​ជួយ​ដល់​គម្រោង​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព​នៅ​កម្ពុជា​រយៈពេល ២​ឆ្នាំ​បន្តទៀត​ពី​ខែកក្កដា ឆ្នាំ​២០២១- ខែមិថុនា ឆ្នាំ​២០២៣
លោកស្រី សា​រ៉ា លេខា​ទី​១ បានបញ្ជាក់​ទៀតថា គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា រីករាយ​បន្ត​គាំទ្រ​ដល់​ការអនុវត្ត​ច្បាប់​ថ្មី​នេះ​នៅពេល​អនាគត​។​
លោកស្រី សា​រ៉ា វ៉ាដ​លី បាន​គូសបញ្ជាក់​បន្ថែម​អំពី​ការគាំទ្រ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដល់​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​គិត​ជា​ទឹកប្រាក់​សរុប ចំនួន​២៧​លាន ជា​ដុល្លារ​អាមេរិក​។​
លោក ឯម ច័ន្ទ​មករា បាន​កោតសរសើរ​ដល់​ការគាំទ្រ​ដោយផ្ទាល់​ពី​ស្ថានទូត​អូស្ត្រាលី តាមរយៈ​កម្មវិធី​ACCESS ដល់​វិស័យ​ពិការភាព​នៅ​កម្ពុជា​។ លោក ឯម ច័ន្ទ​មករា បានបញ្ជាក់​ទៀតថា​ក្នុង​ជា​អ្នកទទួលបន្ទុក​ក្នុង​វិស័យ​ពិការភាព​នៅ​កម្ពុជា លោក​សូម​ស្វាគមន៍​ចំពោះ​អនុសាសន៍​បន្ថែមទៀត ដើម្បី​ពង្រឹង​វិស័យ​ពិការភាព​កាន់​តែមាន​ភាពប្រសើរឡើង​។​
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​កិច្ច​គាំពារ​ជន​មាន​ពិការភាព គឺជា​ច្បាប់​ពិសេស​មួយទៀត​ក្នុង​វិស័យ​ពិការភាព​ត្រូវបាន​បើក​ឱ្យមាន​ការផ្តល់​មតិយោបល់​យ៉ាង​ទូលាយ​គ្រប់​កម្រិត​ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ពិសេស​ការចូលរួម​ផ្តល់​មតិ​ធាតុ​ចូល​ពី​សំណាក់​ជន​មាន​ពិការភាព​ផងដែរ​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង