ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរសាទ​រ​ទិវា​វប្បធម៌​ជាតិ ៣​មីនា

68

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី អំពាវនាវ ឱ្យ​កូន​ខ្មែរ​គ្រប់ៗ​រូប ជាពិសេស​យុវជន​ត្រូវ ខិតខំ​ថែរក្សា​និង​ការពារ​នូវ អ្វីៗ​ទាំងអស់​ដែលជា​ព្រលឹង​ជាតិ​និង​អត្តសញ្ញាណ​ជាតិ សម្រាប់​ជាម​រតក​យូរអង្វែង​តទៅ​ដល់ កូន​ខ្មែរ​ជំនាន់​ក្រោយ ហើយក៏​សូម​ចូលរួម​ទាំងអស់គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ ១៩ ដើម្បី​រក្សា​ការពារ​កម្ពុជា ព្រះរាជាណាចក្រ​វប្បធម៌​និង​អ​ច្ឆ័​យៈ ឱ្យ​រុងរឿង​ជា​និរន្តរ​តរៀង​ទៅ​។​

​បើតាម​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​អបអរសាទ​រ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៣ ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា ថ្ងៃនេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ​មាន​សេចក្តី​សោម​ន្ស​រីករាយ សូម​ផ្ញើ​សារ​នេះ​ជូន​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ជាពិសេស សិល្បករ សិល្បកា​វិ​នី សិប្បករ និង​អ្នកជំនាញ​នានា​នៅក្នុង វិស័យ​សិល្បៈ ព្រមទាំង​ក្មួយៗ​ជា​យុវជន ចូលរួម​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២៣ ឆ្នាំ​២០២១” ក្រោម​ប្រធានបទ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​” ។ ទិវា​វប្បធម៌​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៣​មីនា ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ខ្ញុំ​ក៏​សូម ការ​អធ្យាស្រ័យ ដោយសារ ឆ្នាំ​២០២១​នេះ យើង​មិនអាច​រៀបចំ​ការជួបជុំ​ដូច​សព្វមួយដង ដោយសារ​ការរីក​រាល​ដាល​ជា សកល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ សេចក្តីសុខ និង​អាយុជីវិត​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​នានា​ទូទាំង​សកលលោក​។​

​ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​៤​ដែល​ត្រូវ​រៀបចំ​ពិធី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​សិល្បករ សិល្បការិនី សិប្បករ និង អ្នកមាន​អាជីព​ក្នុង​វិស័យ​វប្បធម៌​ប្រមាណ​៤០០០​នាក់ ដែលជា​ការជួបជុំ​ដ៏​ធំ​ប្រចាំឆ្នាំ ក្នុង​គោលបំណង​រម្លឹក​នូវ​គុណូបការៈ នៃ​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក​នូវ​ស្នាដៃ​អច្ឆរិយៈ​ដ៏​ធំ​មហិមា​សម្រាប់​ប្រជាជាតិ​ខ្មែរ ក៏ដូចជា​មនុស្សជាតិ​នានា​លើ សកលលោក និង​ដើម្បី​ពង្រឹង​នូវ​សាមគ្គីភាព ភាតរភាព ការ​ស្គាល់​និង​ជួយ​គ្នា​ទៅវិញទៅមក រវាង​អ្នកមាន​អាជីព​គ្រប់ៗ​គ្នា​ក្នុង វិស័យ​សិល្បៈ ក្រោម​ម្លប់​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង ដែលជា​ផ្លែផ្កា​នៃ​នយោបាយ ឈ្នះ ឈ្នះ ជាង​២០​ឆ្នាំកន្លងមក​។​

​រយៈពេល​ជិត​១​ឆ្នាំ​មកនេះ ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ រួមទាំង​ការ​បំប្លែង​ខ្លួន​ជា​វីរុស​ប្រភេទ​ថ្មី​ផង​នោះ បាន និង​កំពុង​រាតត្បាត​ជា​បន្តបន្ទាប់​និង​ជះឥទ្ធិពល​អវិជ្ជមាន​មក​លើ​សង្គម​និង​សេដ្ឋកិច្ច នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង ពិភពលោក ក្នុង​តំបន់ និង​ក្នុងប្រទេស​កម្ពុជា​យើង ដែល​ក្នុងនោះ​រួមមាន​ទាំង​វិស័យ​វប្បធម៌​ផងដែរ​។ ដោយសារ​ការរីក​រាល​ដាល នៃ​ជំងឺ​កូវ​ដ​១៩ សារមន្ទីរ រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​នៅ​ទូទាំងប្រទេស បាន​តម្រូវឱ្យ​បិទទ្វារ​បណ្តោះអាសន្ន ជាច្រើនលើក រីឯ​វិស័យ​ឯកជន​ដែល​ធ្វើ​អាជីវកម្ម​នៅក្នុង​ផ្នែក​សិល្បៈ​វប្បធម៌ រួមមាន​ក្រុមហ៊ុន ក្រុម​តន្ត្រី និង​ក្រុម​សិល្បៈ ទាំង​អាជីព​និង​មហាជន ដែល​ពឹង​ផ្អែកលើ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ជាពិសេស​ពិធី​ដែលជា​តម្រូវការ​ផ្នែក​សិល្បៈ​វប្បធម៌ ដូចជា​ពិធី​រៀប​អាពាហ៍ពិពាហ៍រ​បស់បង​ប្អូន​ប្រជាជន​យើង​ក៏ត្រូវ​បាន​ផ្អាក ឬ​រឹតត្បិត​លក្ខខណ្ឌ​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​បំផុត ស្របទៅតាម​ការកំណត់​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លង​ចូលទៅក្នុង​សហគមន៍​។ ជារួម វិបត្តិ​កូ​វី បានធ្វើឱ្យ​ទីផ្សារការងារ​និង​ចំណូល ពី​ផ្នែក​សិល្បៈ​វប្បធម៌ រង​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ ទាំង​ផ្ទាល់​និង​ប្រយោល ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី អ្នក​ដែលមាន​អាជីព​ក្នុង​វិស័យនេះ​បាន​ខិតខំ​ពុះពារ​ជម្នះ​រាល់​ការលំបាក​នានា ជា​បុគ្គល​ផ្ទាល់​ក្តី ជាការ​ផ្ដុំគ្នា​ជា​ក្រុម​ក្តី ផ្សព្វផ្សាយ​ចែករំលែក​ការណែនាំ​នានា​ពី​ហានិភ័យ​នៃ​ជំងឺ​កូវ​ដ​១៩ ក៏ដូចជា​បង្កើត​នូវ​ស្នាដៃ​ផ្សេងៗ ក្នុង​វិស័យ​វប្បធម៌ ផ្សព្វផ្សាយ​ទៅក្នុង​បណ្តាញ​ព័ត៌មាន ឬ​ទៅកាន់​មហាជន ដើម្បី​រក្សា​និង​លើកតម្កើង​សិល្បៈ​វប្បធម៌​ខ្មែរ ពុំ​ឱ្យ​មានការ​ដាច់ដោច​ទាំងស្រុង​នោះឡើយ ទោះជា​វិស័យ​ភាពយន្ត សិល្បៈ និង​សកម្មភាព​វប្បធម៌​ផ្សេងទៀត​ក្តី​។ បន្ថែម​ពីលើ នោះ​ទៀត បងប្អូន​យើង​បាន​ចូលរួម​លះបង់​នូវ​ធនធាន​ផ្ទាល់ខ្លួន ជា​វិភាគទាន​ជាមួយ​រាជរដ្ឋាភិបាល សម្រាប់​ដោះស្រាយ បញ្ហា​គ្រោះទឹកជំនន់ ជួយ​ជនរងគ្រោះ​ក្នុង​វិបត្តិ​កូ​វីដ​១៩ និង​ការទិញ​វាក់​សាំង​ទប់ស្កាត់​នូវ​ជំងឺ​នេះ​ផងដែរ​។ ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ និង​កោតសរសើរ​ដោយស្មោះ​អស់ពី​ចិត្ត ចំពោះ​សេចក្តីក្លាហាន សេចក្តីស្រឡាញ់ និង​ការការពារ យ៉ាង​ប្តូរផ្តាច់​របស់​បងប្អូន​យើង​ទាំងអស់ ចំពោះ​សិល្បៈ​និង​វប្បធម៌​ជាតិ​។​

​ដូច​បងប្អូន​ជនរួមជាតិ​ទាំងអស់​បាន​ជ្រាប​រួចមកហើយ​ថា ប្រវត្តិសាស្ត្រ​បានបញ្ជាក់​យ៉ាងច្បាស់​អំពី​សាវតារ​ដ៏ រុងរឿង​គួរ​ជាទី​ស្ញប់ស្ញែង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ប្រទេសមួយ​មាន​មរតក​វប្បធម៌​យ៉ាង​សម្បូណ៌​បែប ទាំង​នៅ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​នៅក្នុង​ពិភពលោក​ទាំងមូល​។ វប្បធម៌ គឺ​មិន​ត្រឹមតែ​ជា​ព្រលឹង​និង​ជា​អត្តសញ្ញាណ​ជាតិ ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​វិស័យ​មួយ​ដែលមាន​សក្តានុពល​និង​កំពុង​វិ​វ​ឌ្ឍ​ខ្លួន​ទៅក្នុង​ដំណើរ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ ក៏ដូចជា ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​នៅ​កម្ពុជា​ផងដែរ​។​

​តែ​ទោះបី​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូដ​១៩​នៅតែ​ជា​បញ្ហា​ប្រឈម​ចម្បង​យ៉ាងណាក្តី ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅ បង្ហាញ​ឆន្ទៈ​ដ៏​រឹងមាំ ក្នុង​ការបន្ត​រៀបចំ​តាមបែប​បទ​នៃ​ការរស់នៅ​បែប​ថ្មី​នៃ “​ទិវា​វប្បធម៌​ជាតិ ” ដែលជា​ព្រឹត្តិការណ៍​វប្បធម៌ ប្រចាំឆ្នាំ​ដ៏​ធំ ហើយ​ដែល​ត្រូវបាន​រៀបចំឡើង​ចំនួន​២២​លើក​រួចមកហើយ​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​។ ស្របតាម​ការរស់នៅ ក្នុង​គន្លង​បែប​ថ្មី ការជួបជុំ​មនុស្ស​ដោយផ្ទាល់​ក្នុង​ចំនួន​ច្រើន ត្រូវ​ជំនួស​មកវិញ​នូវ​ការរៀបចំ​កម្មវិធី​សិល្បៈ​អបអរសាទរ​ផ្សេងៗ តាម​ប្រព័ន្ធ​អន​ឡាញ ដែល​មិន​បង្ក​ហានិភ័យ​ដល់​សុខុមាលភាព​របស់​ប្រជាជន​។ សម្រាប់​ឆ្នាំ​២០២១ នេះ ប្រធានបទ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ “​ទិវា​វប្បធម៌​ជាតិ​៣​មីនា លើក​ទី​២៣” នៅតែមាន​សារៈសំខាន់​និង​ស្របតាម​បរិបទ​ប្រជាសាស្ត្រ ” ក្នុង​របស់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​បានបង្ហាញ​ឱ្យឃើញថា ប្រជាជន​វ័យ​កណ្តាល​ដែលមាន​អាយុ​ចាប់ពី​១៥ ដល់​៥៩​ឆ្នាំ គឺមាន​ការកើនឡើងរ​ហូត​ដល់​៦១,៧% ដែល​ក្នុងនោះ ក្រុមយុវជន​មាន​អាយុ​ចាប់ពី​១៥ ដល់​៣០​ឆ្នាំ ជា​ផ្នែក​មួយ​ដ៏​ធំធេង​។ កម្លាំង​យុវជន​គឺជា សក្តានុពល ធនធានមនុស្ស​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន នៅក្នុង​ការរួមចំណែក​អភិរក្ស​និង​អភិវឌ្ឍ វប្បធម៌​ជាតិ ហើយក៏​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​ផងដែរ​។ ស្ថិតក្នុង​បរិបទ​នៃ​ការរីកចម្រើន​ជាស​កល ផ្នែក​ឌីជីថល​នៅក្នុង​សតវត្សរ៍​ទី​២១​នេះ យុវជន​កម្ពុជា​មិន​ត្រឹមតែ​ត្រូវមាន​ការអប់រំ ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ប្រកបដោយ​គុណភាព​និង​សមធម៌​ប៉ុណ្ណោះ តែ​ក៏ត្រូវ​ទទួលបាន​ការចូល​រួម​យ៉ាង​ពេញលេញ ក្នុង​សកម្មភាព​សិល្បៈ​វប្បធម៌ ទាំង​ក្នុង​ទិដ្ឋភាព​សង្គម​និង​ទិដ្ឋភាព​សេដ្ឋកិច្ច​។ សម្រាប់​ទិដ្ឋភាព​សង្គម យុវជន​កម្ពុជា​ត្រូវ​ទទួលបាន នូវ​ការលើកទឹកចិត្ត​និង​ការបណ្តុះ​ស្មារតី​ស្នេហា​ជាតិ ស្នេហា​ប្រជាជន និង​ស្នេហា​វប្បធម៌​ជាតិ ដោយ​ត្រូវ​រួមចំណែក​យ៉ាង សកម្ម​ក្នុងការ​អភិរក្ស ការផ្សព្វផ្សាយ និង​ការលើកស្ទួយ​តម្លៃ​វប្បធម៌​និង​សិល្បៈជាតិ ចៀសវាង​នូវ​ការ​ភ្លើតភ្លើន ភ្លេចខ្លួន បំផ្លាញ​វប្បធម៌​ជាតិ​ខ្លួនឯង​ផ្ទាល់ ។ ដោយឡែក សម្រាប់​ទិដ្ឋភាព​សេដ្ឋកិច្ច​វិញ យុវជន​ត្រូវ​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត នៅក្នុង​សកម្មភាព​គាំទ្រ​ការផ្តួចផ្តើម​និង​គំនិត​ច្នៃប្រឌិត​បង្កើត​ថ្មី ដោយ​ឈរលើ​មូលដ្ឋាន​រក្សា​ការពារ​អត្តសញ្ញាណ​ជាតិ និង​ស្មារតី​សហគ្រិនភាព​ឱ្យបាន​កាន់តែ​ផុសផុល​ឡើង​ថែមទៀត ដើម្បី​ពង្រឹង​និង​ពង្រីក​សេដ្ឋកិច្ច​វប្បធម៌​ឱ្យ​កាន់តែ​រីកចម្រើន ដោយ​យកចិត្តទុកដាក់​រក្សា​លំនឹង​នៃ​ការអភិវឌ្ឍ​ផ្នែក​សិល្បៈ​វប្បធម៌ ទន្ទឹមគ្នា​ជាមួយ​ការអភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ​និង បច្ចេកវិទ្យា​។​

​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ដោយ​ឈរលើ​ស្មារតី សហការ​និង​ទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដើម្បី​សម្រេច​ឱ្យបាន​នូវ​បេសកកម្ម​ក្នុង​បុព្វហេតុ​អភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ជាតិ​។ ក្រៅពី​ការចូលរួម​ក្នុង​កម្មវិធី​កំណែទម្រង់​សំខាន់ៗ ទាំង​៣​របស់​រាជរដ្ឋាភិបាល ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាននិងកំពុង​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត “​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤” ព្រមទាំង “​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០០៩-២០២៣ ដែល​បាន​ដាក់ចេញ​ដោយ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦​នៃ​រដ្ឋសភា​។ ទោះបី​ស្ថិតក្នុង​ស្ថានភាព​ដ៏​អាក្រក់​នៃ​វិបត្តិ​កូវ​ដ​១៩​ក៏ដោយ ក៏​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅតែ​បង្ហាញឱ្យឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​និង​ភាពជោគជ័យ​ជា​បន្តបន្ទាប់​។​

​ក្នុង​កិច្ច​គាំពារ​និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ ទូលព្រះបង្គំជាខ្ញុំ សូម​សម្តែង​នូវ​គារវកិច្ច​និង​ការគោរព ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ដែល​បាន​បរិច្ចាគ​ទ្រព្យ​ផ្ទាល់​របស់​ព្រះអង្គ ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដើម្បី​ធ្លាក់​ចម្លង​ស្បែក​ធំ​មួយឈុត​ថ្មី​ចំនួន​៩០​ផ្ទាំង ក្នុង​រឿង​រាមកេរ្តិ៍ ព្រមទាំង​រៀបចំ ចងក្រង​ជា​អត្ថបទ និង​វីដេអូ​ឯកសារ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​របស់​កូនចៅ​ជំនាន់​ក្រោយ​។ ព្រះ​រាជូបត្ថម្ភ​ដ៏​ថ្លៃថ្លា​នេះ គឺជា​ការយក​ព្រះរាជ​ហ​ឬ​ទ័យ​ទុកដាក់​ខ្ពស់​ចំពោះ​ការអភិរក្ស​សម្បត្តិ​វប្បធម៌​ជាតិ ជាពិសេស​សម្រាប់​ល្ខោន​ស្រមោល​ស្បែក​ធំ ដែលជា​អត្តសញ្ញាណ​ជាតិ​និង​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។​

​ជាមួយគ្នានេះ សម្តេច ក៏​សូម​សម្តែង​នូវ​មោទនភាព​សប្បាយរីករាយ និង​ចូលរួម​អបអរសាទរ​ជាមួយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ រួមទាំង​ស្ថាប័ន​ពាក់​ព​ន្ធ័​នានា ចំពោះ​ភាពជោគជ័យ​នៃ​កិច្ចចរចា​រយៈពេល​ជាង ៣​ឆ្នាំកន្លងមក ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍ វត្ថុ​បុរាណ​ខ្មែរ​ចំនួន​ជាង​១០០​រូប​ពី​បរទេស​មកវិញ ដែល​អាច​ចាត់ទុកថា នេះ​ជាការ​វិលត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ដ៏​ច្រើន​បំផុត មិន​ធ្លាប់មាន ពី​ពេលមុន​មក ហើយ​ដែល​ក្នុងនោះ​សុខសន្តិភាព​និង​ស្ថេរភាព​នយោបាយ គឺជា​បុ​រេ​លក្ខខណ្ឌ​ដ៏​សំខាន់បំផុត ចំពោះ​បេសកកម្ម​យាង​និង​អញ្ជើញ​ព្រលឹង​របស់​បុព្វបុរស​ខ្មែរ​ត្រឡប់មក​មាតុភូមិ​វិញ​ជា​មង្គល​របស់​ជាតិ និង​ឆ្លុះបញ្ចាំង​អំពី ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​ដើម្បី​វប្បធម៌​ជាតិ​។​

​បន្ថែម​ពីលើ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​វិនិយោគ​រៀប​ចំ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សោភ័ណភាព​នៃ ទីក្រុង​សៀមរាប​-​អង្គរ ដែលជា​ដួងព្រលឹង​ជាតិ​និង​ជា​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក ដូចដែល​ត្រូវបាន​ប្រកាស​ជា​“​ទីក្រុង វប្បធម៌​អាស៊ាន​” សម្រាប់​ឆ្នាំ​២០២១-២០២២ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៩ របស់​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក​វប្បធម៌​និង​សិល្បៈ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២០​។ តាមរយៈ​ការអភិរក្ស​ជួសជុល​សំណង់​និង​វត្ថុ​បុរាណ​ជាច្រើន​និង​ការកែប្រែ មុខមាត់​ថ្មី​នៃ​រមណីយដ្ឋាន​អង្គរ​គឺជា​ការជួយ​រក្សា​នូវ​តឹកតាង​ប្រវត្តិសាស្ត្រ​និង​កិត្យានុភាព​ជាតិ ហើយ​ការថែរក្សា​ការពារ​នេះ អាច​ទទួលបាន​ជោគជ័យ​និង​មាន​និរន្តរភាព​ទៅបាន គឺ​តម្រូវឱ្យមាន​ការចូលរួម​គាំទ្រ​និង​ជ្រោមជ្រែង​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ទាំងអស់ ជាពិសេស​អាជ្ញាធរ​ដែន​ដី​និង​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​បេតិកភណ្ឌ​។​

​សម្តេច​តេ​ជោ ក៏​សូម​គាំទ្រ​ដោយ​ពេញចិត្ត ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្នុងការ​រៀបចំ​ចងក្រង ឯកសារ​សិក្សា​ស្រាវជ្រាវ​កម្រិត​ថ្នាក់ជាតិ​លើកដំបូង​ស្តីពី​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់បុរាណ ដែលជា​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ រួមទាំង​ការសិក្សា​ស្រាវជ្រាវ​និង​ចងក្រង​ក្រាំង​ចម្រៀង សម្រាប់​ច្រៀង​អម​និង​កំដរ ក្នុង​របាំ​ព្រះរាជ​ទ្រព្យ​ឬ​របាំ​ក្បាច់បុរាណ ដែលជា​របាំ​មូលដ្ឋានគ្រឹះ​តាំងពី​បុរាណ ហើយ​អាច​ច្នៃប្រឌិត​បង្កើត​ទៅជា​ចម្រៀង ថ្មីៗ​សម្រាប់​ច្រៀង​អម ឬ​កំដរ​ក្នុង​ស្នាដៃ​របាំ​ថ្មីៗ​ផ្សេងទៀត​។ ឯកសារ​សិក្សា​ស្រាវជ្រាវ​នេះ នឹង​ក្លាយទៅជា​ឯកសារ​គោល ដ៏​មាន​សារៈសំខាន់​ថ្មី​មួយទៀត ដើម្បី​ទុកជា​ក្បួនខ្នាត​សម្រាប់​ការហាត់​រៀន​របាំ​របស់​ក្មេងៗ​ជំនាន់​ក្រោយ​។​

​ទន្ទឹមគ្នា​នេះដែរ ការដំឡើង​ទម្រង់​សិល្បៈ​តាម​រូបភាព​អភិវឌ្ឍ​ថ្មី​មួយចំនួន​ដើម្បី​ផ្សាយ​តាម​ប្រព័ន្ធ​អន​ឡាញ កំពុង ទទួលបាន​ការស្វាគមន៍​និង​ការចូលរួម​ពី​មហាជន​គ្រប់​ស្រទាប់ គ្រប់​វ័យ ទាំង​ក្នុង​និង​ក្រៅប្រទេស​យ៉ាងច្រើន​កុះករ​ហួស​ពី ការ​ស្មាន ហើយ​ដែល​នេះ​ជា​សកម្មភាព​ថ្មី​ក្នុងការ​រស់នៅ​តាម​បរិបទ​ថ្មី និង​ជា​បទពិសោធន៍​ជោគជ័យ​មួយ​ដែល​ត្រូវតែ បន្ត​លើកទឹកចិត្ត​។​

​សម្តេច ហ៊ុន សែន សូម​ឧទ្ទិស​នូវ​រាល់​សមិទ្ធផល​វប្បធម៌​ដែល​សម្រេចបាន​ទាំងអស់​ដល់​គុណូបការៈ​របស់​បុព្វបុរស​ខ្មែរ គ្រប់​ជំនាន់ ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យា​នី​ខ្មែរ​គ្រប់​កាលសម័យ ព្រលឹង​អ្នក​វប្បធម៌​ទាំងអស់ ដែល​បាន​ពលី​ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​កម្លាំង​បញ្ញា បន្សល់ទុក​នូវ​មរតក​មហាសាល​ផ្នែក​វប្បធម៌​ដ៏​សម្បូណ៌​បែប​និង មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ខ្ញុំ​សូម​អំពាវនាវ ឱ្យ​កូន​ខ្មែរ​គ្រប់ៗ​រូប ជាពិសេស​យុវជន​ត្រូវ ខិតខំ​ថែរក្សា​និង​ការពារ​នូវ អ្វីៗ​ទាំងអស់​ដែលជា​ព្រលឹង​ជាតិ​និង​អត្តសញ្ញាណ​ជាតិ សម្រាប់​ជាម​រតក​យូរអង្វែង​តទៅ​ដល់ កូន​ខ្មែរ​ជំនាន់​ក្រោយ ហើយក៏​សូម​ចូលរួម​ទាំងអស់គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ ១៩ ដើម្បី​រក្សា​ការពារ​កម្ពុជា ព្រះរាជាណាចក្រ​វប្បធម៌​និង​អ​ច្ឆ័​យៈ ឱ្យ​រុងរឿង​ជា​និរន្តរ​តរៀង​ទៅ​៕

អត្ថបទដែលជាប់ទាក់ទង