រថយន្តព្រូសចុះពីលើស្ពានបាឡេ ជ្រុលចង្កូតទៅបុកឡើងលើសួនផ្លូវ
ភ្នំពេញ ៖ រថយន្តម៉ាកព្រូសមួយគ្រឿងបើកបក្នុងល្បឿនលឿន ចុះពីលើស្ពានបាឡេមិនប្រយ័ត្នបួងចង្កូតជ្រុលទៅបុកឡើងលើសួនផ្លូវបណ្តាលឲ្យរងការខូចខាតទ្រព្យសម្បត្តិរដ្ឋមួយចំនួន។ ចំណែកម្ចាស់រថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកព្រូសពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2-AF 5697 បើកបរដោយបុរសម្នាក់ធ្វើដំណើរចុះពីលើស្ពានបាឡេ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបម្រុងនិងបួងចង្កូតបទឆ្វេង ស្រាប់តែរេចង្កូតជ្រុលទៅបុកឡើងលើសួនផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាតទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចខាងចរាចរណ៍ជំនាញក្រុងឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុរួចហៅរថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕