ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រហារ​ឧក្រិដ្ឋជន​ស្លាប់​៤​នាក់ , តើ​កូនប្រុស​ច្បង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ជា​នរណា​?

88

 

​ភ្នំពេញ ៖ យុវជន​សម័យថ្មី មានឱកាស ទទួលបាន​ការអប់រំ ទាំង​ក្នុង​និង​ក្រៅប្រទេស​ស្មើៗ​គ្នា ក្រោម​សន្តិភាព ដែល​បានមកពី​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​!​។​

​ដោយសារ​កត្តា​សុខសន្តិភាព ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ ដែល​កើតចេញពី​ភាព​វៃ​ឈ្លាស របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឲ្យ​យុវជន​កម្ពុជា​បច្ចុប្បន្ន មានឱកាស​ស្មើរៗ​គ្នា​ក្នុង​ការទទួល​បានការ​សិក្សាអប់រំ ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ចូលរួម​បម្រើ​សង្គមជាតិ ឲ្យ​មានការ​អភិវឌ្ឍ​ជា​លំដាប់ ដែល​នេះ​គឺជា​សច្ចៈ​ភាពមិន​អាច​បំភ្លៃ​បានជា​ប្រវត្តិសាស្ត្រ​។
​មិន​ខុស​អំពី​យុវជន​ដទៃ លោក​វរសេនីយ៍ឯក សៀ ទីន កូនប្រុស​លោក រ័ត្ន ស្រ៊ាង បានទទួល​ឱកាស​សិក្សា និង​បានបញ្ចប់​ការសិក្សា​របស់ខ្លួន លើ​មុខជំនាញ​ជាច្រើន​ជា​បន្តបន្ទាប់ រួមមាន បរិញ្ញាបត្រ​ធុរៈកិច្ច គ្រប់គ្រង​យោធា ពី​សាលា​បណ្ឌិតសភាយោធា ប្រទេស​អូស្ត្រាលី បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គោលនយោបាយ​សាធារណៈ​និង​អភិបាលកិច្ច ពី​ប្រទេស​អូស្ត្រាលី ហើយ​ថ្មីៗ​នេះ​ទើបតែ​បញ្ចប់​វគ្គ បញ្ជាការ​សេនាធិការ ពី​ប្រទេស​សិង្ហ​បុរី និង​បាន​យក​យុ​ទ្ឋ​សាស្ត្រ​ថ្មីៗ មក​អភិវឌ្ឍ​អង្គភាព​របស់ខ្លួន ស្របតាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​
​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​បីនាក់ កើត​ក្នុង​ត្រកូល​គ្រួសារ​មន្ត្រីរាជការ​ធម្មតា យុវជន សៀ ទីន បាន​ចាប់យក​អាជីព​ជា​កងរាជអាវុធហត្ថ ដោយសារ​កាល​នៅ​ក្មេង​រូបលោក​បានឃើញ​ឪពុក​ស្លៀក​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ក៏​ធ្វើ​ឲ្យ​ខ្លួន​មានចិត្ត​ស្រឡាញ់​ចង់​ក្លាយជា​មន្ត្រី​អាវុធហត្ថ​ដូច​ឪពុក និង​ដោយសារ​ខ្លួន បានចាប់កំណើត​ក្នុងសម័យ​ប្រទេសជាតិ​កំពុង​ជួបប្រទះ​បញ្ហា​សង្គ្រាមស៊ីវិល រឹតតែ​ជម្រុញ​ឲ្យ​ខ្លួន​មានចិត្ត​ស្រឡាញ់​អាជីព ជា​កងកម្លាំងប្រដាប់អាវុធ ដែល​អាច​ចូលរួម​ស្វែងរក ក្ដី​សុខ សន្តិភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ តាំងពី​ពេលនោះ លោក​ក៏​សម្រេចចិត្ត​ប្តេជ្ញា​ថា​នឹង​ចាប់យក​ជំនាញ​កងរាជអាវុធហត្ថ​នេះ​ឲ្យ​បាន រហូត​សម្រេច​បំណង​ដូច​សព្វថ្ងៃនេះ​។​
​និយាយ​អំពី​ប្រវត្តិ​របស់លោក​វរសេនីយ៍ឯក សៀ ទីន គឺ​នៅ​ឆ្នាំ​២០០៨ លោក​បាន​ចូល​បម្រើ​ការងារ​នៅ​កងរាជអាវុធហត្ថ ហើយ​នៅ​ឆ្នាំ​២០០៩ លោក​បាន​ចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។ នៅក្នុង​វគ្គ​នោះ លោក​បានដាក់​ពាក្យ​ប្រឡង​ទៅ​សិក្សា​នៅ នៅ​សាលា​បណ្ឌិតសភាយោធា ប្រទេស​អូស្ត្រាលី​រយៈពេល​៤​ឆ្នាំ​។​
​ក្រៅ​អំពី​ការសិក្សា​ទ្រឹស្ដី​នៅ​សាលា លោក​ក៏ដូចជា​សិក្ខាកាម​ដ៏​ទៃ គឺ​តម្រូវអោយ​ចុះ​អនុវត្ត​ផ្ទាល់​តាមរយៈ​ការធ្វើ​សមយុទ្ធ​នានា ដែល​សាលា​បានរៀបចំ​ឡើង​អោយ​ដូចនឹង​សង្គ្រាម​ជាក់ស្ដែង ដោយ​ឆ្លងកាត់​គ្រប់​ឧបសគ្គ បូករួម​នឹង​ស្ថានភាព​អាកាសធាតុ ត្រជាក់​ខ្លាំង ឬ​ក្ដៅ​ខ្លាំង គឺ​សិក្ខាកាម​គ្រប់រូប​តម្រូវ​អោយ​បន្ត​សមយុទ្ធ​នោះ​រហូតដល់​ចប់ តែ​ជាក់ស្ដែង សិស្ស​ខ្លះ​ត្រូវបាន​បញ្ឈប់ ដោយសារ​កាយសម្បទា​ពួកគាត់​ទ្រាំទ្រ​ពុំរួច​ក្នុងការ​ហ្វឹកហាត់​សមយុទ្ធ​ទាំងនោះ​។ ដោយឡែក​ចំពោះ​លោក វរសេនីយ៍ឯក សៀ ទីន ដោយមាន​ការប្ដេជ្ញាចិត្ត តស៊ូ​មោះមុត និង​ដោយ​ខ្លួន​ជា​តំណាង​ប្រទេស​កម្ពុជា ក្នុង​វគ្គ​សិក្សា បាន​ជម្រុញ​អោយ​រូបលោក​តស៊ូ​ជំនះ មិន​បោះបង់ចោល​ក្ដី​ស្រ​ម៉ៃ​របស់ខ្លួន រហូត​ទទួលបាន​ជោគជ័យ​ដោយបាន​បញ្ចប់​ការសិក្សា នៅ​សាលា​បណ្ឌិតសភាយោធា​អូស្ត្រាលី និង​ជា​បន្តបន្ទាប់​ឈានទៅដល់​ការបញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ក្នុងប្រទេស​អូស្ត្រាលី ក៏ដូចជា​វគ្គ​បញ្ជាការ​សេនាធិការ នៅក្នុង​ប្រទេស​សឹង្ហ​បុរី ព្រមទាំង​បាន​យកចំណេះ​ជំនាញ​ដែល​ខ្លួន​បាន​រៀន យកមក​ចូលរួម អភិវឌ្ឍន៍​អង្គភាព អភិវឌ្ឍ​ប្រទេសជាតិ និង​ការពារ​សុខសន្តិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​បុព្វហេតុ ជាតិ សាសនា និង​ព្រះមហាក្សត្រ​។​

​មាន​ករណី​ឧក្រិដ្ឋជន​០៤​នាក់ បាន​ចូល​ប្លន់​ក្នុងផ្ទះ​មួយកន្លែង​នៅ​បុរី​អង្គរ​ភ្នំពេញ ដោយ​រៀប​ផែនការ​ជម្រិត​យកប្រាក់​១​លាន​ដុល្លារ​ជាមុន​ទើប​ប្លន់​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​ប្តី​ប្រពន្ធ​និង​កូនឈ្នួល​០២​នាក់ ជា​ក្រោយ តែ​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ ដែល​ក្នុងករណី​ប្លន់​នេះ ឧក្រិដ្ឋជន​ទាំង​០៤​នាក់ បាន​ប្រើប្រាស់​កាំភ្លើង​វែង​AK ០១​ដើម និង​កាំភ្លើងខ្លី​០២​ដើម បាញ់ស្រោច​មកលើ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​អាវុធហត្ថ​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តបត​ត្រឡប់​ទៅវិញ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​។​

​នៅវេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ករណី​ឧក្រិដ្ឋជន​០៤​នាក់ ចូល​ជំរិត​និង​ប្លន់​សម្លាប់​មិនបាន​សម្រេច ក្នុង​បុរី​អង្គរ​ភ្នំពេញ ហើយ​ប៉ះគ្នា​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​គឺ​បាន​រៀប​ផែនការ គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។​
​អ្នកផ្តើមគំនិត​ឈ្មោះ អ៉ឹ​ម សុវណ្ណារិទ្ធ ធ្លាប់​ធ្វើជា​អ្នក​បើកឡាន​ឲ្យ​ម្ចាស់ផ្ទះ ហើយក៏​បាន​ឈប់​មួយរយៈ បន្ទាប់មក​ក៏​សុំ​ម្ចាស់ផ្ទះ​ចូលធ្វើការ​វិញ តែ​ម្ចាស់ផ្ទះ​មិន​ព្រម​ឆ្លើយតប រូបគេ​ក៏បាន​រៀបចំ​ផែនការ ចូលចាប់​ជំរិត​និង​ប្លន់​សម្លាប់ ក្នុង​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ តែ​ដោយ​ពួកវា​ប្រមូលគ្នា​មិនទាន់​ជុំ និង​រក​អាវុធ​មិនទាន់​គ្រប់ ក៏បាន​លើក​គម្រោង​ទៅ​ថ្ងៃទី​២៦ ខែកុម្ភៈ តែ​ដោយនៅ​ថ្ងៃទី​២៦​នេះ​ជុំគ្នា​រសៀល​ពេក មិនអាច​អនុវត្ត​ផែនការ​ទាន់ ពួកវា​ក៏​លើក​គម្រោង​ទៅ​ថ្ងៃទី ២៧​វិញ តែ​ដោយ​ថ្ងៃទី​២៧​នេះ​ជា​ថ្ងៃ​សៅរ៍ ខ្លាច​ចូល​ធនាគារ​ដក​លុយ​មិនទាន់ ទើប​ពួកវា​លើក​មក​ថ្ងៃ​ច័ន្ទ​ទី​១ ខែមីនា នេះ​តែម្តង​។​
​តាម​ផែនការ​ដែល​វា​ដាក់ចេញ ដំបូង​គឺ​ប្រមូល​គ្នីគ្នា​ចូលទៅ​ក្នុងផ្ទះ ភ្ជង់​ម្ចាស់ផ្ទះ​ឲ្យ​ស​សេរ​សែក នូវ​សាច់ប្រាក់​១​លាន​ដុល្លារ បន្ទាប់មក​នឹង​ចាប់​កូនស្រី​តូច របស់​ម្ចាស់ផ្ទះ​ម្នាក់​ឡើង​ឡាន ទៅ​ធនាគារ ដោយ​ឲ្យ​គ្នា​វា​ចុះ​ដក​លុយ និង​គំរាម​ឲ្យ​ម្ចាស់ផ្ទះ​ចាំ​ឆ្លើយ​ទូរស័ព្ទ​ជាមួយ​បុគ្គលិក​ធនាគារ ឲ្យ​ពួកវា​ដក​លុយ​ចុះ​។ ផែនការ​បន្ទាប់ ក្រោយពី​ដក​លុយ​បាន ពួកវា​នឹង​សម្លាប់​ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ព្រមទាំង​កូនៗ​០៦​នាក់ និង​អ្នកបម្រើ​០២​នាក់ សរុប​១០​នាក់ ប្លន់​យកលុយ​និង​គ្រឿងអលង្ការ ដែលមាន​ក្នុង​ទូរ​ដែក​ទាំងអស់ បន្ទាប់មក​វេច​ខ្ចប់​សាកសព​ដាក់ចូល​ឡាន​ម្ចាស់ផ្ទះ​០២​គ្រឿង ហើយ​បើក​យក​សព​ទៅ​បោះចោល​នៅ​ពេជ្រនិល​។ រីឯ​អ្នក​ចូល​ធនាគារ​ដក​លុយ ត្រូវ​គេចខ្លួន​ទៅ​ប្រទេស​ថៃ ឯ​អ្នកដទៃ​គឺ​មិនបាច់​រត់​ទៅណា​ទេ​។ គម្រោង​របស់​មេក្លោង ក្រោយពេល​ប្លន់​បានសម្រេច នឹង​ទិញ​ឡាន Luxis Kuro 570 មួយគ្រឿង រួច​ដណ្តឹងប្រពន្ធ​រៀបការ​។​
​តែ​ផែនការ​នេះ​ត្រូវបាន​ធ្លាយ​ចេញ​មកដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​រៀប​ផែនការ​រងចាំ ពួកវា​ចូល​អន្ទាក់​វិញ​អស់​រយៈពេល​៤​ថ្ងៃ​មកហើយ​។​
​រហូតដល់​វេលា​ម៉ោង​១១៖០០​នាទី ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ឧក្រិដ្ឋជន​ទាំង​០៤​នាក់ បាន​ចូលមក​ប្លន់​តាម​ផែនការ​មែន ក៏​ប៉ះគ្នា​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់ ស្លាប់​នៅនឹងកន្លែង​។​
​ក្រោយពេល​ប្រតិបត្តិការ​បានបញ្ចប់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ និង​បាន​ឧបត្ថម្ភ​ថវិកា ២០​លាន​រៀល លើកទឹកចិត្ត ដល់​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​បំពេញ​បេសកម្ម​ដោយ​ជោគជ័យ ជួយសង្គ្រោះ​ម្ចាស់ផ្ទះ​មាន​សុវត្ថិភាព​គ្រប់គ្នា​៕


អត្ថបទដែលជាប់ទាក់ទង