រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ មកពិនិត្យ សិក្សា
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបាន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈកិច្ចប្រជុំចំនួន៨ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៦ ជំពូក និង១៨មាត្រា បានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំង ស្មុគស្មាញ និងក្នុងទ្រង់ទ្រាយកាន់តែធំ និងបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។
សេចក្តីព្រាងច្បាប់នេះ បង្កើតឲ្យមានមូលដ្ឋានគតិយុត្តមួយរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដល់ការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ចំណែកសេចក្តីព្រាងច្បាប់ដទៃទៀត ដែលគណៈកម្មាធិការអចិន្ត្រៃយ៍បានអនុម័តទទួលយកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាដែលនោះមាន សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង ។
ក្រៅពីនោះ អង្គប្រជុំបានអនុម័តទទួលស្គាល់ ឯកឧត្តម ខឹម ច័ន្ទគីរី ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ង៉ោ សុវណ្ណ ដែលបានសុំលាលែង។ ការប្រកាសសុពលភាព នៃអាណត្តិរបស់ ឯកឧត្តម ខឹម ច័ន្ទគីរី ជាសមាជិករដ្ឋសភានីតិកាលទី៦ នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ។ បន្ទាប់មក អង្គប្រជុំបានអនុម័តសំណើសុំជ្រើសតាំង លោកជំទាវ ពៅ សុភាព ជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ផងដែរ៕