ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនឯកជនល្បីៗឈ្មោះនៅក្នុង ស្រុក ៣បរិច្ចាគ ទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជានៅសាលារាជធានីភ្នំពេញ

75

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនល្បីៗឈ្មោះនៅក្នុងស្រុកចំនួន ៣បានបរិច្ចាគនូវទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ) ដើម្បីជួយសម្រួលជីវភាពអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញអាចទទួលបាននូវការហូបចុក និងការរស់នៅសមរម្យ ខណៈដែលពួកគាត់ មានជីវភាពក្រីក្រនិងភាគច្រើនជាមនុស្សចាស់ផងនោះ។

   ក្រុមហ៊ុនទាំងបីដែលបានមកសម្តែងការគួរសម និងផ្តល់ថវិកាទាំងនេះ ជូនលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០២ មិនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ

   ក្រុមហ៊ុនដែលបរិច្ចាគទឹកប្រាក់ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា( ស៊ីក្លូ)ខាងលើនេះរួមមាន៖

ទី១ លោក អុឹង សុីវម៉េង តំណាងលោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ជាប្រធានអគ្គនាយក នៃក្រុមហ៊ុន អាយអិនជី ហូលឌីង(ING Holdings Co., Ltd ) ផ្តល់ជូនថវិកាចំនួន១០ម៉ឺនដុល្លារអាមរិក

ទី២ ក្រុមហ៊ុនជីប ម៉ុងឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក។

ទី៣ ក្រុមហ៊ុនប៉េង ហួត ឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារដែរ ។សរុបទាំងអស់ចំនួន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បីជួយសម្រួលជីវភាពបងប្អូនអ្នកធាក់សុីក្លូ ដែលពួកគាត់ភាគច្រើនជាមនុស្សចាស់ ដែលបាននិងកំពុងរកស៊ីធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ

   ក្នុងឱកាសនោះ លោកឃួង ស្រេងក៏បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងបីក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ជួយសម្រួលដល់ជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូនៅភ្នំពេញ ដើម្បីឲ្យពួកគាត់ដោះស្រាយជីវភាពបានមួយកម្រិតថែមទៀត។

  គួរបញ្ជាក់ថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៣ខែមករាឆ្នាំ២០១៨មានរយៈពេលជាង៣ឆ្នាំមកហើយក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុនសែន សម្តេចតេជោ ជាប្រធានកិត្តិយស ហើយលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាមូលនិធិនេះ។

   មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ជូនថវិកាទ្រទ្រង់ដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងម្នាក់៧ពាន់រៀល ក្នុង១ថ្ងៃព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូនិងបណ្ណ័ ..សដើម្បីឱ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ថែមទៀត។

   មូលនិធិត្រីចក្រយាននេះ អាចនឹងត្រូវចំណាយក្នុងរង្វង់ពី២៤៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយសម្តេចតេជោបានសម្រេចដាក់ថវិកាចូលមូលនិធិដំបូង៥០០លានរៀល (ប្រមាណ១៤ម៉ឺនដុល្លារអាមេរិក) ហើយឧបត្ថម្ភប្រចាំខែប្រមាណ ២ម៉ឺនដុល្លារថែមទៀតផង៕

 

អត្ថបទដែលជាប់ទាក់ទង