ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់​សង្វៀន​ជល់​មាន់​មួយកន្លែង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ឯក​ភ្នំ ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​

81

 

​បាត់ដំបង ៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​ជម្រាបជូន​សាធារណជន ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម បាន​ជ្រាបថា​កាលពី​ថ្ងៃទី​២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ បានឃើញ​រូបភាព​ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ដោយ​អ្នកសារព័ត៌មាន ពី​ករណី​ប្រមូលផ្តុំ​គ្នា​ប្រព្រឹត្តិ​ល្បែង​ជល់​មាន់នៅ​វាលស្រែ ស្ថិតក្នុង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង ។

​បន្ទាប់ពី​ឃើញ​ការផ្សព្វផ្សាយ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឺ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានដាក់​បទបញ្ជា​ទៅ​លោក​អធិការនគរបាល​ស្រុក​ឯក​ភ្នំ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​និង​ចាត់វិធានការ​លើ​បញ្ហា​នេះ​។

​នៅ​ថ្ងៃទី​០១ ខែ មីនា ឆ្នាំ​២០២១ ម្សិលមិញ​លោក​ម៉ិ​ល សុផល អភិបាល​នៃ​គណៈ​អភិបាលស្រុក​ឯក​ភ្នំ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ឯក​ភ្នំ បាន​ដឹកនាំ​ចុះទៅពិនិត្យ​ផ្ទាល់​ដល់​ចំណុច​ទីតាំង​វាលស្រែ​ដែលមាន​ករណី​ជល់​មាន់​នោះ ហើយ​នៅ​ថ្ងៃ​ដដែល​លោក​វរសេនីយ៍ឯក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បាន​កោះអញ្ជើញ​ម្ចាស់​ទីតាំង​សង្វៀនមាន់​នោះ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ​បំភ្លឺ​និង​បានធ្វើ​កិច្ចសន្យា​ឱ្យ​គាត់​បញ្ឈប់​សកម្មភាព​នេះ​បន្តទៀត មុនពេល​អនុញ្ញាតឱ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​។

​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន ពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​មេត្តា​ជ្រាប និង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ដោយ​ភាតរភាព​បំផុត​សូម​អរគុណ​៕

អត្ថបទដែលជាប់ទាក់ទង