ជំនួបឯកអគ្គរាជទូតអូស្រ្តាលី Kang ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី
ភ្នំពេញ ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា Kang (ប៉ាប្លូ កាង)បានជួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។
ឯកអគ្គរាជទូត Kang បានថ្លែងអំណរគុណចំពោះ សម្តេចពិជ័យសេនា ដែលបានផ្តល់ការស្វាគមន៍ដល់ លោក Bernard York ដែលជាសេនានុព័ន្ធអូស្ត្រាលីថ្មី របស់ស្ថានទូត និងចំពោះទស្សនកិច្ចទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាម នាពេលកន្លងទៅថ្មីៗនេះ។
ក្នុងជំនួបនេះ ឯកអគ្គរាជទូត Kang បានលើកឡើងអំពីកង្វល់របស់រដ្ឋាភិបាលអូស្ត្រាលី អំពីការកាត់ទោសសកម្មជនគណបក្សប្រឆាំងនាពេលថ្មីៗនេះដែលរួមមានជនជាតិអូស្ត្រាលី ព្រមទាំងការកាត់ទោសឱ្យជាប់ពន្ធនាគារយូរឆ្នាំដល់ឥស្សរជនសំខាន់ៗរបស់គណបក្សប្រឆាំង។ យើងទទូចសុំឱ្យរដ្ឋាភិបាលកម្ពុជា អនុវត្តតម្លាភាពនិងនីតិវិធីត្រឹមត្រូវ លើដំណើរការកាត់ក្តីទាំងអស់ និងមានវិធានការកសាងទំនាក់ទំនងឡើងវិញជាមួយសមាជិកគណបក្សប្រឆាំងនិងសង្គមស៊ីវិល៕