ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាក់សាំង​កូ​វីដ​-១៩ ជំហាន​ទី​១ ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ដែលជា​ជំនួយ​របស់ WHO បានផ្តល់​មក​ប្រទេស​កម្ពុជា​ហើយ នៅ​រាត្រី​នេះ​

46

 

​ភ្នំពេញ ៖ បើតាម​ការផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ឲ្យ​ដឹងថា កម្ពុជា​បានទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Astra Zeneca ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ចំនួន​៣២៤,០០០​ដូ​ស បាន​ដឹក និង​ប្រគល់​ដល់​ប្រទេស​កម្ពុជា​ហើយ កាលពី​វេលា​ម៉ោង​៧៖៥០​នាទី​យប់​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១​នេះ​។​

​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​-​ទទួល នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយមាន​ការប្រគល់​ពី​សំណាក់ លោកស្រី​វេជ្ជបណ្ឌិត លី អាយ​លែ​ន (Mrs. Dr. Li Ailan) តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​លោកស្រី Ms. Foroogh Foyouzat តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា ព្រមទាំង​មាន​វត្តមាន​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​យូ​នី​សេ​ហ្វ​ផងដែរ​។​

​នេះ​គឺ​ការជឿទុកចិត្ត និង​ដោយយោង​លើ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លង មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX facility) ដែលជា​យន្តការ​បែងចែក​វ៉ាក់សាំង​សកល ក្រោម​ការដឹកនាំ​របស់​អង្គការ​សុខភាព​ពិភពលោក បានសម្រេច​ផ្តល់ជូន​ប្រទេស​កម្ពុជា​នាពេលនេះ​។ ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេសមួយ​ដែល​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ដែល​ទទួលបាន​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) នេះ​។​

​នេះ​គឺជា​ចំនួន​វ៉ាក់សាំង​ជា​លើកដំបូង ដែល​ផ្តល់​ជា​ជំនួយ​ឱ្យ​ប្រទេស​កម្ពុជា​ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ហើយ​វ៉ាក់សាំង​ក្នុង​បរិមាណ​ដទៃទៀត នឹង​បន្ត​ដឹកជញ្ជូន​មក​កម្ពុជា​ជា​បន្តបន្ទាប់​នៅពេល​ក្រោយ​ទៀត​ជា​ដំណាក់ៗ​នៅក្នុង​ឆ្នាំ​២០២១​នេះ​។ មជ្ឈមណ្ឌល​កូ​រ៉ា​ក់ (COVAX Facility) គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​សកល​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ដើម្បី​ជួយ​សម្របសម្រួល​ផ្តល់ឱ្យ​ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក នូវ​សមភាព​ទទួលបាន​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ដឹកនាំ​ដោយ​អង្គការ GAVI, CEPI, និង​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​អង្គការ​យូ​នី​សេ​ហ្វ (UNICEF)៕

អត្ថបទដែលជាប់ទាក់ទង