កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ AstraZeneca/SII ពីយន្តការ COVAX
ភ្នំពេញ ៖ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ វ៉ាក់សាំង AstraZeneca/SII ចំនួន ៣២៤.000 ដុស មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងត្រូវបានដឹកជញ្ជូនទៅរក្សាទុក នៅឃ្លាំងឱសថកណ្តាលរបស់ក្រសួងសុខាភិបាល មុនពេលផ្តល់ជូនក្រុមពលរដ្ឋអាទិភាព ដូចជាក្រុមដែលប្រឈមខ្ពស់នឹងការឆ្លងមេរោគកូវីដ-១៩ និងអ្នកងាយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារមេរោគនេះ។ វ៉ាក់សាំងកូវីដ-១៩ បន្ថែមទាំងនេះនឹងផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជានូវមធ្យោបាយដ៏មានអនុភាពមួយទៀត ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ទោះជាយ៉ាងនេះក្តី វ៉ាក់សាំងតែមួយមុខនឹងមិនអាចបញ្ចប់ការឆ្លងរាតត្បាតជាសកលនៃជំងឺនេះឡើយ។ ការបន្តអនុវត្តវិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះ នៅតែចាំបាច់ ដូចជាការធ្វើតេស្ត ការគោរពវិធានការចត្តាឡីស័ក ការពាក់ម៉ាស់ ការលាងសម្អាតដៃ និងការរក្សាគម្លាត សុវត្ថិភាពជាដើម។
វ៉ាក់សាំងចំនួន ៣២៤.000 ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សាំងសរុប ចំនួន ១,១ លានដួស ដែលយន្តការ COVAX នឹងផ្តល់ជូនប្រទេសកម្ពុជាជាដំណាក់កាលនៅត្រឹមបំណាច់ខែឧសភា។ ប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថានឹងទទួលបានបរិមាណវ៉ាក់សាំងសម្រាប់ ២០% នៃប្រជាពលរដ្ឋសរុប (ប្រហែល ៧លានដូស) ពីយន្តការ COVAX ដែលនឹងដឹកជញ្ជូនមកជាបន្តបន្ទាប់នៅក្នុងឆ្នាំ នេះ។ យន្តការCOVAX គឺជាកិច្ចខិតខំជាសកលដែលមិនធ្លាប់មានពីមុនមក ដើម្បីផ្តល់ឱ្យប្រទេសទាំងអស់ នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យន្តការ COVAX គឺជាកម្មវិធីដឹកនាំដោយ Gavi CEPI និងអង្គការសុខភាពពិភពលោក (WHO) សហការជាមួយយូនីសេហ្វ។ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងៗ គេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីយន្តការ COVAX ។
ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងនៅទូទាំងសកលលោកមានកម្រិត រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើ លទ្ធកម្មវាក់សាំងតាមរយៈមធ្យោបាយជាច្រើន ដែលបំពេញទៅតាមស្តង់ដារសុវត្ថិភាព ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីការពារប្រជាពលរដ្ឋ។ ការចាក់វ៉ាក់សាំងដំបូងបង្អស់ត្រូវបានធ្វើឡើងកាល ពីថ្ងៃទី១០ ខែកុម្ភៈ ហើយគិតមកដល់ពេលនេះ មានមនុស្សជាង ៦៥.000 នាក់បានចាក់វ៉ាក់សាំង។ ការមកដល់នៃវ៉ាក់សាំងបន្ថែមនេះ គឺជាជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅគោលដៅរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋឱ្យបាន ១០លាននាក់។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា “នៅដំណាក់កាលដំបូងៗនៃការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនេះអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា គឺសង្គ្រោះជីវិត តាមរយៈការការពារបុគ្គលិកសុខាភិបាលជួរមុខ អ្នកដែល ប្រឈមខ្ពស់ទៅនឹងការឆ្លងជំងឺកូវីដ ១៩ ឬអ្នកដែលងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារតែមេរោគកូវីដ ១៩។ នេះគឺជាវិធីសាស្ត្រ ដ៏ល្អបំផុត ដើម្បីប្រើប្រាស់វ៉ាក់សាំងដែលបរិមាណផ្គត់ផ្គង់នៅមានកម្រិត ក្នុង គោលបំណងសម្រេចឱ្យបានលទ្ធផលជាអតិបរមានៅដំណាក់កាលដំបូងនេះ។ វ៉ាក់សាំងមិនត្រឹមតែជួយ ជីវិតប៉ុណ្ណោះទេ វាក៏ជួយពន្លឿនការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញផងដែរ ” ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានមានប្រសាសន៍ផងដែរថា “ខ្ញុំសូមទទូចឱ្យអ្នកគ្រប់គ្នាបន្ត អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធីការពារខ្លួន ៣ការពារ និង៣កុំ។ វិធីការពាររួមមាន ពាក់ម៉ាស់ លាងដៃ ញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព១,៥ម៉ែត្រ ហើយសកម្មភាពគួរចៀសវាងទាំងបីរួមមាន កុំទៅកន្លែងបិទជិត កន្លែងមានមនុស្សកុះករ និងកុំប៉ះពាល់គ្នាជាដើម។ សូមនៅផ្ទះប្រសិនបើអ្នកមានជំងឺ គ្រុនក្តៅ ឬសង្ស័យថាបានឆ្លងជំងឺកូវីដ -១៩ និងសូមស្វែងរកជំនួយសុខាភិបាលភ្លាមៗ ឬទូរសព្ទទៅលេខ ១១៥។ បើតាមផែនការជាតិស្តីពីការផ្តល់ និងការចាក់វ៉ាក់សាំងរបស់កម្ពុជា (NDVP) ក្រុមអាទិភាព រួមមាន បុគ្គលិកសុខាភិបាល និងបុគ្គលិកបំពេញការងារសំខាន់ចាំបាច់ ដែលកំពុងចូលរួមក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង ពលរដ្ឋចាស់ជរា និងមនុស្សពេញវ័យដែលមានជំងឺប្រចាំកាយជាដើម។ ដោយសារតែការផ្គត់ ផ្គង់វ៉ាក់សាំងនៅមានកម្រិត ព្រោះតែតម្រូវការខ្ពស់នៅទូទាំងសកលលោក ការចាក់វ៉ាក់សាំងដល់ក្រុមអាទិភាពទាំងនេះ នឹងធ្វើឡើងជាបណ្តើរៗ និងជាដំណាក់កាលៗ។ រាជរដ្ឋាភិបាលនឹងធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ដើម្បីផ្តល់ព័ត៌មានបច្ចុប្បន្នភាពដល់ប្រជាពលរដ្ឋ សំដៅឱ្យក្រុមអាទិភាព ទទួលបានព័ត៌មានថ្មីៗបំផុតអំពីរបៀបទទួលបានវ៉ាក់សាំង និងពេលវេលា នៅពេលដល់វេនពួកគេ។
ការអភិវឌ្ឍវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងរយៈពេលមិនដល់មួយឆ្នាំ បន្ទាប់ពី ផ្ទុះឡើងនៃមេរោគនេះ គឺជាភាពជោគជ័យមួយ ក្នុងចំណោមភាពជោគជ័យដ៏អស្ចារ្យជាងគេ ក្នុងវិស័យ ការ វេជ្ជសាស្ត្រទំនើប។ វ៉ាក់សាំងដែលនឹងត្រូវប្រើនៅកម្ពុជាសុទ្ធតែបានឆ្លងកាត់និតិវិធីអភិវឌ្ឍន៍ និងការធ្វើ តេស្ដសុវត្ថិភាពដ៏តឹងរ៉ឹងដោយរដ្ឋាភិបាលបានធ្វើការវាយតម្លៃលើភស្តុតាង អត្ថប្រយោជន៍ និងហានិភ័យ នានាដែលពាក់ព័ន្ធ។ វ៉ាក់សាំង AstraZeneca/Sli ដែលផ្តល់ដោយយន្តការ COVAX បានទទួលការ អនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងស្ថានភាពបន្ទាន់ ពីក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលដែលអង្គការសុខភាពពិភពលោក អនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១១ ។
លោកស្រីវេជ្ជបណ្ឌិត លី វៃឡាន តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា បានមាន ប្រសាសន៍ថា “អង្គការសុខភាពពិភពលោក កំពុងធ្វើការងារយ៉ាងជិតស្និតជាមួយនឹង Gav CEPI និង យូនីសេហ្វ ដើម្បីធានាឱ្យមានការទទួលបានវ៉ាក់សាំង ប្រកបដោយយុត្តិធម៌ និងសមធម៌។ យើងមាន មោទនភាពដែលបានចូលរួមបំពេញការងារក្នុងស្ថានភាពដ៏ពិសេសនេះ។ បន្ថែមលើការអនុវត្តវិធានការ សុខភាពសាធារណៈ វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ថ្មីមួយទៀតដ៏សំខាន់ សម្រាប់ការពារប្រជាពលរដ្ឋ ការពារប្រព័ន្ធសុខាភិបាល មិនឱ្យរងសម្ពាធខ្លាំងពេក និងជួយសង្គ្រោះជីវិតមនុស្ស។
បន្ថែមលើកិច្ចសហការក្នុងការផ្តល់វ៉ាក់សាំងតាមរយៈយន្តការ covAX រាជរដ្ឋាភិបាលកម្ពុជាបាន សហការយ៉ាងជិតស្និតជាមួយនឹងអង្គការសុខភាពពិភពលោក និងយូនីសេហ្វ ដើម្បីរៀបចំយុទ្ធសាស្ត្រ ពង្រីកនូវសមត្ថភាព និងវិសាលភាពនៃការផ្តល់វ៉ាក់សាំងកូវីដ -១៩ ។
លោកស្រី ហ្វីរូហ្គ ហ្វយូហ្សិថ តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា យូនីសេហ្វ មានមោទនភាព ដែលបាន និងកំពុងសហការជាមួយនឹងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងការផ្តល់វ៉ាក់សាំងនៅកម្ពុជាអស់កាលជាយូរឆ្នាំមកហើយ ។ វ៉ាក់សាំងថ្មីនេះនឹងបង្កើតឱកាសដ៏ សំខាន់មួយ ដើម្បីផ្លាស់ប្តូរទិសដៅនៃការឆ្លងរាលដាលជាសកលនេះ។ ដោយសារតែបុគ្គលិកសុខាភិបាល និងបុគ្គលិកជួរមុខដទៃទៀត នឹងទទួលបានវ៉ាក់សាំង យើងនឹងអាចមើលឃើញជាបណ្តើរៗនូវការវិលទៅរកជីវិតជាប្រក្រតីតាមគន្លងថ្មី រួមទាំងការទទួលបានសេវាសុខភាព ការអប់រំ និងការការពារកាន់តែប្រសើរ។ ស្របតាមស្មារតីពង្រីកការគ្របដណ្តប់សេវាសុខភាពជាសកល យើងមិនត្រូវទុកអ្នកណាម្នាក់ចោលឡើយ។
ផ្អែកតាមភស្តុតាងដែលមានបច្ចុប្បន្ននេះ យើងដឹងថាវាក់សាំងកូវីដ-១៩ អាចការពារមនុស្សពីការ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺនេះ និងកាត់បន្ថយរយៈពេលព្យាបាលនៅក្នុងមន្ទីរពេទ្យ។ បើទោះជា មនុស្សបានចាក់វ៉ាក់សាំងក៏ដោយពួកគេគួរបន្តអនុវត្តតាមវិធានការការពារនានាដូចជារក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ និងលាងសម្អាតដៃជាដើម។ យើងត្រូវបំពេញភារៈកិច្ចរបស់យើងរៀងៗខ្លួន ក្នុងការប្រើ ប្រាស់វិធីសាស្ត្រនិងឧបករណ៍ទាំងអស់ដែលមាន ដើម្បីយកឈ្នះការឆ្លងរាលដាល ជាសកលនៃជំងឺនេះ៕