ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយក​ស៊ីម៉ាក់ អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការប្រថុយប្រថាន​ឈូសឆាយ និង​រុករាន​ដី​តំបន់​មាន​សំណល់​គ្រាប់មីន

52

 

​ភ្នំពេញ ៖ ឯកឧត្តម​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែង​សារ​នៅលើ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី ៣ ខែមីនា​ឆ្នាំ ២០២១​នេះ ថា ប្រជាពលរដ្ឋ​បាន​យក​គ្រាប់​មីនតោន ដែល​ពួកគាត់​រាវ​រុក​រកឃើញ​នៅក្នុង​ដីចំការ​របស់គាត់​មក​ចង​ព្យួរ​នៅ​មែកឈើ​ក្បែរផ្លូវ​ហ្ន​ង ! កុំឱ្យ​ក្រុម​ជំនាញ​ស៊ីម៉ាក់​ពិបាក​រាវ​រុករក​!? ។​

​ឯកឧត្តម​ហេង រតនា បាន​បញ្ជាក់ថា នៅពេល​ហៅ​ពួកគាត់​មកជួប គាត់​បាន​ប្រាប់ថា ពួកគាត់​បាន​ប្រមូល​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ពី​ដីចំការ​រុករាន​ថ្មី​របស់​ពួកគាត់​ស្អាត​អស់ហើយ គ្មាន​បញ្ហា​គ្រាប់មីន​កប់​ដី​ស្អី​ទៀត​ទេ ។ គាត់​ថា​ពួកគាត់​ក៏មាន​ជំនាញ​រឿង​មីន​នេះ ទាំង​ដាក់​ទាំង​ដោះ ចេះ​តាំង​ពេល​ធ្វេ​ី​ទាហាន​នៃ​ថ្ងៃ​ចូល​ទ័ព​ឯណោះ​កុំ​ព្រួយ​ពេក​! សុ​ី​ម៉ាក់​គ្រាន់តែ​ជួយ​យកទៅ​កំទេចចោល បាន​ហើយ​មិនបាច់​ពិបាក​អី​ទេ​!! ។​

​ជាការ​ឆ្លើយតប​ជាមួយ​ការអះអាង​របស់​ពួកគាត់ ថា​” គ្មាន​បញ្ហា​គ្រាប់មីន​ទៀត​ទេ​ដី​នេះ ព្រោះ​ពួកគាត់​កកាយ​យក​អស់ហើយ​នោះ​” កម្លាំង​ក្រុម​ជំនាញ​ស៊ីម៉ាក់​ក៏​ចាប់ផ្តើម​បើកផ្លូវ​សុវត្ថិភាព​រាវ​ចូលក្នុង​តំបន់​ដី​នេះ ក៏​ប្រទះឃើញ​គ្រាប់​មីនតោន​កប់​ក្នុង​ដី​ចំនួន​២​គ្រាប់​ទៀត និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សំណល់​ពី​សង្គ្រាម​មួយចំនួនទៀត ។ ភ្លាមៗ​នោះ​ពួកគាត់​ចាប់ផ្តើម​យកដៃ​អេះ​ក្បាល​និង​បន្ទោស​គ្នា​គាត់​ថា “​ថា​ប្រយ័ត្ន​សល់​ផ្ទុះ​ងាប់ សល់​មែន​”!! ។ រួច​ដើរ​គេចខ្លួន​បាត់ស្រមោល​តែម្តងទៅ​! ទុកឱ្យ​កម្លាំង​ស៊ីម៉ាក់​បន្ត​ភារកិច្ច​របស់ខ្លួន​តាម​នីតិវិធី​។

​សូមបញ្ជាក់ថា ក្រុម​ជំនាញ​ស៊ីម៉ាក់ មិនអាច​ពឹងផ្អែក​តែ​លើ​ព័ត៌មាន​ផ្ទាល់មាត់​នេះ​ទេ ចាំបាច់​ត្រូវ​ប្រើ​សម្ភារ​បច្ចេកទេស​ត្រួតពិនិត្យ​ជាក់ស្តែង​បន្ថែម​និង​ផ្ទៀងផ្ទាត់​ព័ត៌មាន ជាពិសេស​នៅពេល​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​និង​គ្រាប់មីន​ដែល​ប្រជាពលរដ្ឋ​រុករក​ឃើញ​នោះ គឺជា​ភស្តុតាង​កាន់តែច្បាស់​លាស់​ណាស់​ថា​តំបន់​នោះ​ជា​តំបន់​ចំការមីន​យ៉ាងពិត​ប្រាកដ​។ ផ្ទៃដី​ចំការមីន​/​គ្រាប់​មិនទាន់​ផ្ទុះ​សំណល់​ពី​សង្គ្រាម​អាចមាន​សុវត្ថិ​ភាពល្អ​បាន លុះត្រាតែ​មានការ​បោសសំអាត​ដោយ​ប្រើប្រាស់​សម្ភារ​បច្ចេកទេស សមស្រប មាន​នីតិវិធី​ត្រឹមត្រូវ និង​ការត្រួតពិនិត្យ​ច្បាស់លាស់ ទើប​ធានា​សុវត្ថិភាព​បាន​១០០%​។

​ជាថ្មី​ម្តងទៀត សូម​អំពាវនាវ​ប្រជាព​ល​រដ្ឋ​ចូលរួម​ទប់ស្កាត់​ការប្រថុយប្រថាន​ឈូសឆាយ និង​រុករាន​ដី​តំបន់​មាន​សំណល់​គ្រាប់មីន ដោយ​គ្មាន​ការ​បោសសំអាត​គ្រាប់មីន​ពី​អង្គភាព​ជំនាញ ព្រោះ​នឹង​បង្ក​គ្រោះថ្នាក់​ស្លាប់​ខ្លួនឯង និង​អាច​បង្ក​ស្លាប់​របួស​អ្នកដទៃ ព្រមទាំង​ខាតបង់​ទ្រព្យសម្បតិ្ត​ផងដែរ​។ រូបភាព​មកពី​តំបន់​ប្រាសាទក្រហម សែន​ជ័យ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ថ្ងៃទី​០១ មីនា ២០២១៕

អត្ថបទដែលជាប់ទាក់ទង