មន្ត្រីជំនាញអន្តរក្រសួង បានធ្វើការចុះឆែកឆេរ និងបិទទីតាំងកែភេទទ្រង់ទ្រាយធំ ជ្រកក្រោមការកែសម្ផស្សចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ មន្ត្រីជំនាញអន្តរក្រសួង បានធ្វើការចុះឆែកឆេរ និងបិទទីតាំងកែភេទទ្រង់ទ្រាយធំ ជ្រកក្រោមការកែសម្ផស្សចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញ ខណៈទីតាំងទាំងនេះជាម្ចាស់តែមួយ ហើយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងប្រើប្រាស់ឱសថក្លែងក្លាយ និងគ្មានច្បាប់។
ប្រតិបត្តិការចុះបិទកន្លែងកែភេទ គឺបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ដោយទីតាំងទាំងពីរនោះមានឈ្មោះ GANGNAM BEAUTY & CLINICS នេះ ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងមួយកន្លែងទៀត មានឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ដុកទ័រ កាង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។
អំឡុងពេលកំពុងដឹកនាំប្រតិបត្តិការឆែកឆេរ និងបិទទីតាំងកែសម្ផស្សខាងលើនេះ ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានឲ្យដឹងថា ការចុះឆែកឆេរនៅទីតាំងលួចកែភេទនេះ គឺបានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញធ្វើការស៊ើបអង្កេតឃើញថា ម្ចាស់ទីតាំងកែភេទនេះ បានលួចនាំចូល រក្សាទុក ឱសថខុសច្បាប់ជាច្រើនមកពីក្រៅប្រទេស ដើម្បីលួចកែភេទពីបុរសទៅស្ត្រី ពីស្ត្រីទៅបុរសដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវខណៈការកែភេទនេះគឺមានលក្ខណៈទ្រង់ទ្រាយធំ។
លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយចុះប្រតិបត្តិការ អាជ្ញាធរបានធ្វើការឃាត់ខ្លួន និងសួរចំលើយនូវម្ចាស់ទីតាំង ដែលជាជនជាតិវៀតណាម និងបុគ្គលិក ជាជនជាតិ វៀតណាម និង ខ្មែរ មួយចំនួនផងដែរ ហើយអ្នកជាប់ពាក់ព័ន្ធ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ផងដែរ។
បើតាមការបញ្ជាក់បន្ថែមពីលោក ទិត សួស្តី អនុប្រធានមន្ទីរពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរ រហូតដល់បិទនូវទីតាំងកែភេទនេះ គឺមន្ត្រីបានរកឃើញឱសថជាច្រើនម៉ាក ដែលខុសច្បាប់ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល សម្ភារៈវះកាត់ រួមទាំងលិង្គបុរស ដែលបានកាត់រួចដើម្បីប្តូរភេទទៅជាស្ត្រីមួយចំនួនផងដែរ ខណៈសម្ភារៈដែលរឹបអូសបាននេះ នឹងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញចាត់ការបន្ត។ នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ ក៏មានការចូលរួមពីលោកព្រះរាជអាជ្ញារាជធានីភ្នំពេញ លោក មុត តារា និង អាជ្ញាធរមូលដ្ឋានផងដែរ៕