បុរសម្នាក់ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តពីក្រោយដួលបោកក្បាលស្លាប់ភ្លាមៗ
ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលឿនពេក មិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាម។ ចំណែកឯរថយន្តបន្តបើកទៅមុខរត់គេចបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៤និង ៣០ នាទីទៀបភ្លឺថ្ងៃព្រហស្បតិ៍ទី ៤ ខែមីនា ឆ្នាំ ២០២១ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះ ឈ្មោះ ហៀករីពីគីន ភេទប្រុសអាយុ២០ ឆ្នាំជាង មានស្រុកំណើតនៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីបងប្រុសម្នាក់នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តកូរ៉េមួយគ្រឿងមិនចាំផ្លាកលេខ បានធ្វើដំណើរពីរង្វង់មូលគួចកាណុងឡើងលើស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ធំ1H 7362 ជិះដោយបុរសម្នាក់ ធ្វើដំណើរស្របគ្នាក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្តពេញទំហឹងបណ្តាលឲ្យដួលម៉ូតូបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែករថយន្តវិញ ដោយឃើញបែបនេះ ក៏បន្តបើករត់ទៅមុខបាត់ស្រមោលទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលជំនាញចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក និងធ្វើកំណត់ហេតុប្រគល់សពឲ្យរថយន្តសាមុយយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕