ចាប់ផ្សឹកព្រះចៅអធិការវត្តដំរីផុង ចោទប្រកាន់ថា ប្រព្រឹត្តខុស៣ព្រះវិន័យសង្ឃ មានស្រី លក់ដីវត្តយកលុយចែកគ្នា លក់ដីសាលាឆទានចាស់យកធ្វើមានធ្វើបានដាក់ធនាគារ
ស្ទឹងត្រែង ៖ គណៈកម្មការព្រះមេគណខេត្តមន្ទីរធម្មការ បានផ្សិតព្រះចៅអធិការវត្តដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២ ខែមីនាឆ្នាំ ២០២១។ លុះដល់ព្រឹកថ្ងៃទី ៣ ខែមីនា ពុទ្ធបរិស័ទអតីតព្រះចៅអធិការវត្តដំរីផុង បាននាំគ្នាមកតវ៉ាទាមទាររកយុត្តិធម៌ នៅមុខសាលាខេត្តស្ទឹងត្រែង។
គួររំលឹកថា ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការអាចារ្យវត្ត រួមនិង ពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល បាននាំគ្នាមកប្រមូលផ្តុំនៅក្នុងវត្តមហាសែនជ័យ សិរីមានរិទ្ធិហៅវត្តដំរីផុង ដើម្បីស្នើសុំទៅដល់សម្តេចព្រះសង្ឃនាយក លោកមេគណខេត្ត មន្ទីរធម្មការខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច បើកការស៊ើបអង្កេតស្រាវជ្រាវករណីបណ្ដឹងចោទប្រកាន់ថា ព្រះចៅអធិការវត្តដំរីផុង ប្រព្រឹត្តខុស៣ព្រះវិន័យសង្ឃ។
អាជ្ញាធរភូមិ ឃុំ ស្រុកបានចោទប្រកាន់ទៅលើព្រះចៅអធិការវត្ត។ ព្រះសង្ឃចៅអធិការវត្តព្រះនាមរុំ ជឿន គង់ចាំអស់២ព្រះវស្សា នៅវត្តវត្តមហាសែនជ័យ សិរីមានរិទ្ធិ (ហៅវត្តដំរីផុង) ស្ថិតក្នុងភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តសឹ្ទងត្រែង។
ព្រះចៅអធិការវត្តដំរីផុង ព្រះនាមរុំជឿន បានមានសង្ឃដិកាថា ព្រះអង្គគង់នៅវត្តពោធិអង្គសេរីវង្ស ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការមូលមតិជាឯកច្ឆ័ន្ទ ពីគណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងមានអាជ្ញាធរបញ្ជាក់លិខិតស្នាមទទួលស្គាល់ត្រឹមត្រូវ ទើបព្រះអង្គនិមន្តមកគង់ចាំវស្សាហៅវត្តដំរីផុង តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។
អតីតចៅអធិការវត្តបានលើកឡើងនៅព្រឹកថ្ងៃទី ៣ ខែមីនា នៅពេលជួបជុំជាមួយពុទ្ធបរិស័ទចំណុះជើងវត្តមុខសាលាខេត្តស្ទឹងត្រែងថា អាជ្ញាធររួមគំនិតគ្នា ប្តឹងចោទថា ទី១ មានស្រី ទី២.លក់ដីវត្តយកលុយចែកគ្នា ទី៣.លក់ដីសាលាឆទានចាស់យកធ្វើមានធ្វើបានដាក់ធនាគារ។
អតីតព្រះចៅអធិការវត្តដដែលបានអះអាងថា ពុំមានដូចការប្តឹងចោទពីអាជ្ញាធរខាងលើនោះឡើយ នេះជាលេសមានគំនិតបំបែកបំបាក់សង្ឃតែប៉ុណ្ណោះ ដោយកំហុសទាំងនេះខ្លួនមិនបានប្រព្រឹត្តខុស ដូចការប្តឹងចោទនោះឡើយ។
អ្នកស្រីហាក់ សុខឿន មេភូមិដំរីផុង បានប្រាប់នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ថា កាលពីដើមឡើយនៅភូមិដំរីផុងនេះ ពុំមានលោកពុំមានវត្តអារាមនោះទេ។ ទើបបានផ្តួចផ្តើមមូលមតិគ្នាជាមួយក្រុមប្រឹក្សាឃុំ រួមនិងប្រជាពលរដ្ឋជាច្រើនគ្រួសារ បានទៅនិមន្តព្រះសង្ឃព្រះនាមរុំ ជឿន នៅឯខេត្តកំពុងចាម ដើម្បីមកធ្វើជាចៅអធិការវត្តមហាសែនជ័យ សិរីមានរិទ្ធ ស្ថិតនៅភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក។ លោកបានមកគង់តាមការស្នើសុំរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរមូលដ្ឋាន រយៈពេលលោកមកគង់នៅវត្តថ្មី លោកក៏បានកសាងវត្តអារាមនៅទីនេះ ចាប់តាំងឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២១នេះ ក៏មានរកាំរកុះចោទប្រកាន់ថា លោកខុសវិន័យសង្ឃយ៉ាងណានោះ អ្នកស្រីក៏មិនដឹងច្បាស់ដែរ គ្រាន់តែដឹងថា អ្នកស្រីបានទៅនិមន្តលោកមកពីខេត្តកំពង់ចាមពិតប្រាកមែន។ ត្រង់រឿងអីៗផ្សេងៗទៀត អ្នកស្រីមិនដឹងទេ។
លោក សួយ ខាំវៀន មេឃុំកោះសំពាយ បានប្រាប់ថា រឿងរ៉ាវចៅអធិការវត្តមហាសែនជ័យ សិរីមានរិទ្ធនេះថា មានកំហុសវិន័យសង្ឃយ៉ាងណានោះ លោកក៏មិនសូវដឹងច្បាស់ដែរ។ បើចង់ដឹងច្បាស់លាស់ទាល់តែសួរទៅអភិបាលស្រុកសៀមបូក ទៅដឹងហើយ។
លោក ថោង ស្រាន់ អភិបាលស្រុកសៀមបូក បានបញ្ជាក់ប្រាប់ថា បញ្ហាលោក រុំ ជឿន ដែលជាចៅអធិការវត្ត មហាសែនជ័យ សិរីមានរិទ្ធ នោះមានកំហុសរបស់លោកមានច្រើន ដែលមិនអាចវាចាបានទេ។ បើចង់បានព័ត៌មានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ទាល់តែទាក់ទងសួរទៅលោកនូ ចាន់ថា ព្រះមេគណខេត្តជាអ្នកគ្រប់គ្រងព្រះសង្ឃ នៅក្នុងខេត្តសឹ្ទងត្រែងទាំងមូល នោះទៅដឹងពីកំហុសលោកនោះហើយ ។
ព្រះតេជគុណ នូ ចាន់ថាព្រះនាមព្រះមេគុណខេត្តមានថេរដីកាថា ករណីលោករុំ ជឿន ចៅអធិការវត្ត មហាសែនជ័យ សិរីមានរិទ្ធ នោះគឺលោកអភិបាលស្រុកសៀមបូក លោក ថោង ស្រាន់ នេះហើយនិងអាជ្ញាធរជាមូលដ្ឋាន៣ ទៅ៤នាក់ បាននាំគ្នាមកប្តឹងចៅអធិការវត្ត មហាសែនជ័យ សិរីមានរិទ្ធ ថាលោក មានស្រី លក់ដី និងលក់សាលាឆាន់ និងយកដីវត្តទៅដាក់ធនាគារទៀតផង។ ទោះជាយ៉ាងនេះក្ដី ព្រះតេជគុណនូ ចាន់ថា ព្រះមេគុណខេត្ត មានថេរដីការនៅនិងមុខពុទ្ធបរិស័ទក្នុងវត្តថា ការប្តឹងផ្តល់វាជាសិទ្ធិរបស់បុគ្គល ដែលជាអាជ្ញាធរបួនប្រាំនាក់តែប៉ុណ្ណោះ ដោយពុំមានគណកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តដឹងឮឡើយ សូម្បីតែព្រះគ្រូព្រុំ រិទ្ធី ព្រះវិន័យធម៌ស្រុកសៀមបូក ក៏ពុំបានជ្រាបដែរ តែក៏ជាប់ពាក់ព័ន្ធឃុបឃិតទទួលលាភក្នុងការលក់ដីវត្តនេះដែរ ហើយរហូតមកដល់បច្ចុប្បន្ននេះ គឺនៅមិនទាន់រកឃើញភស្តុតាង ដូចពាក្យចោទប្រកាន់នោះឡើយ។
ពុទ្ធបរិស័ទចំណុះជើងវត្ត និងគណៈកម្មវត្តមហាសែនជ័យ សិរីមានរិទ្ធិ (ហៅវត្តដំរីផុង) បានសំដែងនូវការមិនពេញចិត្ត ទៅលើអាជ្ញាធរភូមិ ឃុំ ស្រុកសៀមបូក បានរួមគំនិតគ្នាប្តឹងមួលបង្កាច់បណ្តេញព្រះចៅអធិការវត្តដំរីផុង ចេញពីរវត្តដោយគ្មានមូលដ្ឋាន និងវត្ថុតាងច្បាស់លាស់ ដើម្បីដាក់បន្ទុកនោះឡើយ ដោយចោទប្រកាន់ថាលោកមានស្រី. លក់ដីវត្ត លក់សាលាឆទានចាស់ យកលុយចែកគ្នានោះ សូមឲ្យអាជ្ញាធរបើកការស៊ើបអង្កេតឡើងវិញ៕