សហព័ន្ធកីឡាវ៉ូវីណាម ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងថ្នាក់ដឹកនាំកីឡាអនុញ្ញាតឲ្យអត្តពលិក ចាក់វ៉ាក់សាំងបង្ការមេរោគCOVID-19
ភ្នំពេញ៖យុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគCOVID-19 ជូនថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិបានរយៈពេល៣ថ្ងៃនៅមន្ទីរពេទ្យព្រះកេតុមាលា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមដឹកនាំ និងកីឡាករ-កីឡាការិនីកីឡាវ៉ូវីណាមក៏ចូលរួមចាក់ដែរ។
លោក អ៊ូ រតនា អគ្គលេខាធិការនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ថា តាំងនាមរូបលោកផ្ទាល់តំណាងឲ្យប្រធានសហព័ន្ធ និងកីឡាករ-កីឡាការិនីកីឡាវ៉ូវីណាមកម្ពុជាសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានផ្តល់ឲ្យអត្តពលិកវ៉ូវីណាមកម្ពុជាចូលរួមចាក់វ៉ាក់សាំងបង្ការ COVID-19 Sinopharm ដែលជាអំណោយដ៏ថ្លៃថ្លារបស់សាធារណរដ្ឋប្រជាមានិតចិន។
លោកបានបន្តថា ក្រោយពីទទួលការចាក់វ៉ាក់សាំងបង្ការរួចហើយ យើងនឹងធ្វើហ្វឹកហាត់ពង្រឹងសក្តានុពល និងជំរុញសមត្ថភាពកីឡាករ-កីឡាការិនីវ៉ូវីណាមរបស់ខ្លួនមិនសូវមានការភ័យខ្លាចក្នុងការឆ្លងមេរោគ COVID-19ឡើយ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021លើទី៣១ នៅប្រទេសវៀតណាម ដែលប្រព្រឹត្តនាខែវិច្ឆិកា ២០២១ខាងមុខនេះ។
ការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ផ្តើមចេញយើងម្នាក់ៗក្នុងគោលបំណងដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តតាមវិធានការសុខាភិបាល ៣ការពារ រួមមាន ៖ ទី១. ពាក់ម៉ាស ទី២. លាងដៃ ទី៣. គម្លាតសង្គម គម្លាតបុគ្គល ចាប់ពី ១,៥ម៉ែត្រឡើងទៅ និង ៣កុំ រួមមា ៖ ទី១. កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ទី២. កុំទៅកន្លែងមានមនុស្សច្រើន ទី៣. កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នា… ព្រមទាំងទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ទៅតាមដំណាក់កាលនីមួយៗ និងលទ្ធភាពរបស់រាជរដ្ឋាភិបាល ។
ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ជំនួយ “វ៉ាក់សាំងបង្ការមេរោគ COVID-19” ដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ។ សូមគោរពជូនពរពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលមេរោគ COVID-19នៅតាមមន្ទីរពេទ្យនានា សូមបានជាសះស្បើយគ្រប់ៗគ្នា និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមបានចាកផុតពីមេរោគ COVID-19និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។