ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើមឆ្នាំ​២០២១​នេះ កម្ពុជា​នាំ​អង្ករ​ចេញ​បាន ប្រមាណ​៧៦,២២២ តោន ថយចុះ​៤៤ ភាគរយ​

91

 

ភ្នំពេញ ៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា ក្នុង​រយៈពេល​២ ខែ​ដើមឆ្នាំ​២០២១​នេះ កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ប្រមាណ​៧៦២២២ តោន គឺ​ថយចុះ​៤៤ ភាគ រយ ដោយសារ​កង្វះ​កុងតឺន័រ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។​

យោងតាម​សេចក្តីជូនដំណឹង​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា​៖ គិត​ត្រឹម​រយៈពេល​២​ខែ ដើមឆ្នាំ​២០២១​នេះ កម្ពុជា បានសម្រេច​នូវ​ការនាំចេញ​អង្ករ​របស់ខ្លួន ក្នុង​រង្វង់​ទឹកប្រាក់​ជាង ៦៤​លាន​៥​សែន​ដុល្លារ​អាមេរិក និង​ក្នុង​បរិមាណ ៧៦ ២២២ តោន​។ ការនាំចេញ​ក្នុង​រយៈ ពេល​២​ខែ​នេះ នៅតែ​ប្រឈម​នឹង​ការថយចុះ ពោលគឺ​ថយចុះ ៤៤.១៦% បើ​ប្រៀប ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០២០ ។ សេចក្តីប្រកាស​ដដែល​បានឱ្យដឹងថា ការថយចុះ​នេះ​គឺ​បណ្តាលមកពី​មូលហេតុ​ចំបង​ដោយសារ​កង្វះ​កុងតឺន័រ និង​តម្លៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​នៅ​បន្ត​ខ្ពស់ រហូតដល់​ជិត​៥០០% នៃ​តម្លៃ​ដឹកជញ្ជូន​ឆ្នាំ ២០១៩​។​

សូមបញ្ជាក់ថា​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ រសៀល​ថ្ងៃទី​៣ ខែមីនា បាន​លើកឡើងថា សម្រាប់​ទិសដៅ​ទីផ្សារ​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា ទៅកាន់​ប្រទេស​ចិន ដែល​រួមទាំង ហុងកុង និង​ម៉ា​កាវ​ផង​នោះ នៅតែ​ជាទី​ផ្សារ​ធំជាងគេ ដែលមាន​ចំណែក​ដល់​ទៅជិត ៥០​ភាគរយ ស្មើនឹង​បរិមាណ​សរុប​ជាង ៣៧,០០០ តោន​។ ចំណែកឯ​ទីផ្សារ​ធំ​ទី​២ ខាង​ប៉ែក សហភាព​អឺរ៉ុប ដែល​រួមមាន​១៨​ប្រទេស មាន​ចំណែក​ជិត ២៥ ភាគរយ គិត​ជា​បរិមាណ​ចំនួន​ជាង​១៨,០០០ តោន ក្នុងនោះ ទីផ្សារ​ធំ​ក្នុង​សហភាព​អឺរ៉ុប គឺ​ប្រទេស​បារាំង ដែលមាន​ចំនួន ៨,៨៥០​តោន​។ រីឯ​ទីផ្សារ​បន្ទាប់ ដែលមាន​ចំណែក ៨​ភាគរយ គឺជា​ទីផ្សារ​អាស៊ាន រួមមាន ៖ ម៉ាឡេស៊ី និង​សឹង្ហ​បុរី ដែលមាន​ចំនួន​ជាង ៦,២០០​តោន និង​ចំណែក ១៨​ភាគរយ​ផ្សេងទៀត ជាទី​ផ្សារ​ប្រទេស​ផ្សេងៗ គិត​ជា​បរិមាណ​គឺមាន​ជាង ១៣, ០០០​តោន ក្នុងនោះ រួមមាន ហ្គា​បុ​ង អូស្ត្រាលី អង់ គ្លេ​ស និង ញូ​វ​ហ្សេ​ឡិន​ជាដើម​។ ទាក់ទិន ប្រភេទ​អង្ករ​ដែល​កម្ពុជា បាន​នាំចេញ​ក្នុង​រយៈពេល​០២​ខែ ឆ្នាំ ២០២១​នេះ ចំណែក​ធំជាងគេ​ជាង​៨៥ ភាគរយ ជា​ប្រភេទ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ រួមមាន ផ្ការំដួល ម្លិះ និង​សែន​ក្រអូប ជាដើម ដែលមាន​បរិមាណ​សរុប​ចំនួន ជាង ៦៥,០០០​តោន​។ ចំណែក អង្ក​រស ត្រូវបាន​នាំ ចេញ​ជាង ១​ម៉ឺន​តោន និង​អង្ករ​ចំហុយ​ចំនួន ៧៣២ តោន​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង