ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករដែលមិនអនុវត្តវិធាន របស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រឈមនឹងការបិទតូបជាបណ្ដោះអាសន្ន

195

ភ្នំពេញ៖ អាជីវករលក់ដូរនៅក្នុងផ្សារបឹងកេងកងទាំងអស់ បើមិនអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ទេ គណៈកម្មការផ្សារនិងធ្វើការបិទតូបលក់ដូររបស់បងប្អូនជាបណ្ដោះអាសន្ន ដើម្បីជាការព្រមានដល់អាជីវករផ្សេងទៀតឲ្យពួកគាត់អនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ជំងឺ១៩ ខណៈដែលជំងឺនេះបាននឹងកំពុងរាតត្បាតចូលក្នុងសហគមន៍ជាថ្មីម្ដងទៀត នោះគឺព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

   នេះបើតាមការបញ្ជាក់របស់លោកឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង ខណៈដែលលោកដឹកនាំក្រុមការងារចុះចែកម៉ាសនិងធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារបឹងកេងកងកាលពីព្រឹកថ្ងៃទី០៤ខែមិនានេះ

   លោកឯក និមល បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈកម្មការផ្សារបឹងកេងកង បានដាក់ម៉ាស៊ីនវាស់កំដៅបាញ់អាកុលនិងបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covidនៅតាមច្រកទាំង១៣ចេញ ចូលផ្សារ ជាមួយនិងការចែកម៉ាស ចុះណែនាំជាប្រចាំឲ្យបងប្អូនប្រជាពលរដ្ឋនិងអាជីវករអោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស់ លាងដៃនឹងអាកុល ជែល និងការរក្សាគម្លាតសុខភាពជាដើម។

  លោកបានបញ្ជាក់ផងដែរថា នៅផ្សារបឹងកេងកងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មិនមានអ្វីប្រែប្រួលដូចកាលពីមុនឡើយ ពោលគឺកាលពីផ្ទុះកូវីដ១៩តំបូង ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលភ័យខ្លាចច្រើន នាំគ្នាពពាក់ពពូនមកទិញស្បៀងទុក តែសម្រាប់ពេលនេះ ប្រជាពលរដ្ឋមិនដូចមុនទេ គឺការលក់ដូរ ការទិញនៅរក្សា ភាពដើម ជាធម្មតា ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី គណៈកម្មការផ្សារ នៅតែបន្តធ្វើការអប់រំផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ។ចំពោះបងប្អូនអាជីវករ ដែលមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គណៈកម្មការផ្សារនិងបិទតូបលក់ដូររបស់បងប្អូនជាបណ្ដោះអាសន្ន ដើម្បីជាការព្រមាន៕

 

អត្ថបទដែលជាប់ទាក់ទង