វិស័យទេសចរណ៍ ក្នុងខេត្តកោះកុង នៅតតែផ្គត់ផ្គង់សេដ្ឋកិច្ចល្អប្រសើរដ៏ដែល បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ-១៩ក៏ដោយ
កោះកុង ៖ សក្ដានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តកោះកុង នៅតែបន្តរីកដុះដាល បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ-១៩ក្តី ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ដូចជាកន្លែងស្នាក់នៅនិងកន្លែងកម្សាន្ត ដ៏សម្បូរបែបបានបង្ហាញខ្លួនជាបន្តបន្ទាប់ ។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៥ មីនានេះថា៖ ខេត្តកោះកុងត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ថាជាខេត្តអេកូទេស ចរណ៍មួយនៃព្រះរាជាណាចក្រកម្ពុជា ដោយសារសម្បូរធនធានធម្មជាតិដ៏ស្រស់ត្រកាល អាចបង្កើតបានជារមណីយដ្ឋានយ៉ាងច្រើន ដែល កំពុងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំ ណាក់ភ្ញៀវទេសចរ ហើយមានបែងចែកតំបន់ទេសចរណ៍ជា២ប្រភេទធំៗ គឺតំបន់ភ្នំនិងតំបន់ឆ្នេរ មានសរុបប្រមាណជាង២០ កន្លែង ។
លោកបន្តថា៖ ក្នុងវិបត្តិកូវីដ-១៩ដែលបានអូសបន្លាយជាង១ឆ្នាំមកនេះ ខេត្តកោះកុងមានការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរជាតិវិញមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជំរុញឱ្យវិនិយោគិនមកបណ្តាក់ទុនយ៉ាងច្រើន ដែល បច្ចុប្បន្ននេះមានទីតាំងសេវាកម្មអាជីវកម្មក្នុងខេត្តជាង ៣០០ទីតាំង ក្នុងនោះសណ្ឋាគារមានចំនួន១២ ទីតាំង និងផ្ទះសំណាក់មានជាង១០០ទីតាំងឯណោះ ។
ចំពោះវិស័យទេសចរណ៍ក្នុងស្រុកនេះ យើងឃើញថា មានការជួយជំរុញសេដ្ឋកិច្ចក្នុងខេត្តកោះកុងយើងផងដែរ ដូចដែលខ្ញុំបានបញ្ជាក់ពីខាងដើមហើយ គឺភ្ញៀវអន្តរជាតិមានការថយចុះ តែភ្ញៀវជាតិមានការកើនឡើង ហើយដូចការបញ្ជាក់ពីលោកជំទាវ មិថុនា ភូថង ចឹង គេឆ្ងល់ណាស់ថា កំពុងជួបវិបត្តិកូវីដ-១៩ ប៉ុន្តែខេត្តកោះកុងបែរជាមានការកើនឡើងសេវា ស្នាក់នៅទៅវិញនេះជារឿងគួរឱ្យកត់សម្គាល់ ហើយខ្ញុំក៏សូមជំរាបជូនផងដែរថា ដោយសារមានភាពជឿជាក់របស់ប្រជាពលរដ្ឋក្នុងប្រទេស គាត់បានមកកម្សាន្តនៅដែនដីអេកូនេះ ដែលមានសុវត្ថិភាពផ្នែកផ្លូវដង្ហើម ហើយទឹកដីនេះជួយដល់ផ្លូវដង្ហើមរបស់យើងដោយសារមានខ្យល់បរិសុទ្ធ ។
លោក សុខ ចាន់គ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ក៏បានអំពាវនាវ ដល់អ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ សូមរក្សាតម្លៃឱ្យបានសមរម្យជូនភ្ញៀវទេសចរជាពិសេសការរក្សាអនាម័យ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាំងអាជីវករ ទាំងភ្ញៀវទេសចរ រួមគ្នារក្សាអនាម័យបរិស្ថានឱ្យបានល្អ ដើម្បីឱ្យខេត្តកោះកុងរក្សាបាននូវភាពស្រស់ស្អាត និងពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ ៕ សំរិត