ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ៖ «ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេស ធ្វើឱ្យមានការយល់ច្រឡំ ពីត្រូវទៅជាខុស»

47

ទីក្រុងហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន “ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេសធ្វើឱ្យមានការយល់ច្រឡំ ពីត្រូវទៅជាខុសៗ

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ ពិសេសចំនួន៤រូប កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ក្នុងស្រុកនិងការ ជំនុំជម្រះក្តីនៅកម្ពុជា។ ទស្សនៈផ្ទាល់ខ្លួនរបស់ពួកគាត់ដែលផ្ទុយសំដីខ្លួនឯង ជ្រើសតែមួយជ្រុង និង ធ្វើនយោបាយូបនីយកម្ម ព្រមទាំងមិនយកចិត្តទុកដាក់លើការពិតជាក់ស្តែង បានធ្វើឱ្យសាធារណជន មានការយល់ច្រឡំពីត្រូវទៅជាខុស។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួន ក្នុងចំណោម ទិដ្ឋភាពជាច្រើន ដែលស្ថានបេសកកម្មសូមលាតត្រដាងជូន៖

ទី១៖ អ្នកជំនាញខាងលើ ដែលបម្រើការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្ត្រី អង្គការសហប្រជាជាតិ បានតាំងខ្លួនជាចៅក្រម អារកាត់កិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋ អធិបតេយ្យមួយ។ អ្នករាយការណ៍ពិសេសត្រូវបំពេញតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់តាម “ក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការ សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេសៗ ដែលបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគោរពបទប្បញ្ញត្តិក្នុងស្រុក និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ទី២៖ លោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត ហាក់ភ្លេចថា លោកស្រីផ្ទាល់ធ្លាប់បានថ្លែងថ្កោលទោស លោក សម រង្ស៊ី នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីឆ្នាំ២០១៩ ចំពោះសម្តីបរិហារកេរ្តិ៍ និង ញុះញង់ឱ្យផ្តួលរំលំរដ្ឋាភិបាលជ្រើសតាំងដោយពលរដ្ឋកម្ពុជាតាមរយៈការបោះឆ្នោត។បទល្មើសដូចគ្នានេះហើយ ដែលលោក សម រង្សី និងបក្ខពួក ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធ។ តុលាការកម្ពុជាធ្វើការជំនុំជម្រះក្តី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសំអាងលើភស្តុតាង រឹងមាំជាក់ស្តែង និងស្របតាមនីតិវិធីត្រឹមត្រូវ រួមទាំងគោរពសិទ្ធិមានមេធាវីការពារ។ ផែនការដ៏ គ្រោះថ្នាក់របស់បុគ្គលមួយក្រុមនោះបានញុះញង់កងទ័ព មន្ត្រីរាជការ និងពលរដ្ឋឱ្យផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ និងកៀរគរថវិកា ដើម្បីផ្គត់ផ្គង់កម្លាំងខុសច្បាប់គាំទ្រចលនារបស់ខ្លួន ដែលទង្វើនេះគឺស្មើនឹងការធ្វើរដ្ឋប្រហារ ប៉ុន្តែត្រូវបានទប់ស្កាត់ទាន់ពេលវេលា។ ជនល្មើស ត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៧ និងមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា។

ទី៣៖ ការអះអាងថា ការជំនុំជម្រះមិនបានធ្វើឡើងជាសាធារណៈ និងដោយគ្មានវត្តមាន ជនជាប់ចោទ បង្ហាញឱ្យឃើញកាន់តែច្បាស់ថា អ្នករាយការណ៍ពិសេសទាំងនោះពឹងផ្អែកទាំងស្រុងលើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់ និងថា អ្នកជំនាញទាំងនោះហាក់មានការយល់ដឹងតិចតួច ឬពុំមានឆន្ទៈចង់យល់អំពីនីតិវិធីតុលាការរបស់កម្ពុជា។ ការពិតគឺថា មេធាវីការពារជនជាប់ចោទ តំណាងអង្គទូតបរទេស និងអង្គការសង្គមស៊ីវិល បានមានវត្តមានចូលរួមដោយផ្ទាល់ នៅក្នុងបន្ទប់សវនាការ ដែលនេះបង្ហាញថា នីតិវិធីតុលាការបានប្រព្រឹត្តទៅដោយមានការចូលរួមនិងតម្លាភាពត្រឹមត្រូវ។ នៅគ្រប់ប្រទេសប្រជាធិបតេយ្យទាំងអស់ ការសម្រេចឱ្យចូលទៅក្នុងបន្ទប់សវនាការ តែងតែជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើទំហំជាក់ស្តែងនៃបន្ទប់ និងការប្រព្រឹត្តទៅនៃសវនាការប្រកបដោយរបៀបរៀបរយនិងសុវត្ថិភាព។ ការ វាយតម្លៃដោយធ្វេសប្រហែសរបស់អ្នករាយការណ៍ពិសេស នឹងអាចបញ្ចៀសបាន ប្រសិនបើពួកគាត់បានប្រកាន់យកវិធីសាស្រ្តធ្វើការប្រកបដោយយុត្តិធម៌និងស្ថាបនា ជាមួយរាជរដ្ឋាភិបាល មុនពេលពួកគាត់ប្រញាប់ប្រញាល់ចេញផ្សាយព័ត៌មានខាងលើ ក្រោមហេតុផលគួរឱ្យសង្ស័យ៕

អត្ថបទដែលជាប់ទាក់ទង