ក្មេងប្រុសម្នាក់ស្លាប់ ដោយសារបុរសម្នាក់ យកកាំភ្លើងបាញ់សត្វ ហោះត្រូវចំជនរងគ្រោះ
ភ្នំពេញ : ក្មេងប្រុសម្នាក់ស្លាប់ ខណះឈរលេងជាមួយមិត្តភក្តិ ក៏ត្រូវគ្រាប់កាំភ្លើងបាញ់សត្វមួយគ្រាប់ចំក្រោមភ្នែកខាងឆ្វេង បៀមគ្រាប់ជាប់ ដែលគ្រាប់កាំភ្លើងនេះ បាញ់ដោយបុរសម្នាក់បាញ់សត្វលលកមួយក្បាលងាប់ ហើយគ្រាប់នោះហោះចំជនរងគ្រោះ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចស្ថិតនៅចំណុចវាលស្រែ ក្នុង ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សារឿន ប៊ុនថា ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងមណ្ឌល អង្គការសង្គ្រោះជនអស់សង្ឃឹម ។
បើតាមសម្តីរបស់មិត្តជនរងគ្រោះ បានឲដឹងថាមុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់ ឈរលេង នៅចំណុចខាងលើ លុះក្រោយមកគេឃើញបុរស២នាក់ជិះរថយន្តមួយគ្រឿង ម៉ាក REXTON ពណ៌ស ពាក់ផ្លាកលេខ ខ.ម-0282 ចូលទៅកាន់ទីតាំងកើតហេតុលុះមួយសន្ទុះក្រោយមក ក៏ឮសំឡេងកាំភ្លើង១គ្រាប់ ស្រាប់តែត្រូវចំជនរងគ្រោះដួលតែម្តង ពេលនោះពួកគេក៏អោនចុះ ហើយក៏ឮសំលេងបាញ់មក៣គ្រាប់បន្ថែមទៀត ។ហើយនៅកន្លែងកើតហេតុ ឃើញសត្វលលកងាប់មួយក្បាលទៀត។
ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ ជិះរថយន្តមួយគ្រឿង REXTON ពណ៌ស ពាក់ផ្លាកលេខ ខ.ម-0282 រកឃើញកាំភ្លើងបាញ់សត្វ(ខ្យល់)មួយដើម និងសត្វលលកងាប់មួយក្បាល។
បច្ចុប្បន្នបុរស២នាក់ខាងលើ ត្រូវបាននគរបាលនាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕