ស្វាគមន៍ កំណើតកូនសត្វផ្សោតថ្មីទីពីរ សម្រាប់ឆ្នាំ២០២១
ខេត្តក្រចេះ ៖ ជាក្ដីរំភើបក្រៃលែង កំណត់ត្រានៃ កូនសត្វផ្សោតថ្មី ទីពីរ ត្រូវបានបញ្ជាក់នៅថ្ងៃនេះដោយក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល និងអង្គការ WWF។
កូនសត្វផ្សោតថ្មីនេះត្រូវបានប្រទះឃើញកំពុងហែលជាមួយនឹងសត្វផ្សោតពេញវ័យចំនួន ៤ក្បាល ផ្សេងទៀតកាលពីថ្ងៃម្សិលមិញ នៅឯទីជម្រកធម្មជាតិ កាំពី នៃខេត្តក្រចេះ។
សូមបញ្ជាក់ផងដែរថា កូនសត្វផ្សោតទី១ សម្រាប់ឆ្នាំ២០២១នេះ ទើបតែត្រូវបានកត់ត្រាដោយក្រុមអ្នកស្រាវជ្រាវកាលពីចុងសប្ដាហ៍មុននេះ នៅក្នុងទីជម្រកធម្មជាតិនៃខេត្តស្ទឹងត្រែង។
ព្រឹត្តិការណ៍ទាំងពីរនេះ គឺជាការលើកទឹកចិត្តខ្លាំងបំផុតមួយដល់ក្រុមអ្នកស្រាវជ្រាវ ក្នុងការបន្ដតាមដានស្ថានភាព និងកំណត់អត្តសញ្ញាណសត្វផ្សោតនៅក្នុងតំបន់ទេសភាពមេគង្គ។
នៅឆ្នាំ ២០២០ ក្រុមស្រាវជ្រាវបានកត់ត្រាកូនសត្វផ្សោតចំនួន ៩ ក្បាល ខណៈកូនសត្វផ្សោតចំនួន ១៣ ក្បាលត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១៩៕