ដាក់ឱ្យដំណេីរការប្រេីប្រាស់អគារនៃសណ្ឋាគារ THE GREAT DUKE ធ្វេីជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល
ភ្នំពេញ៖ ៖ សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីការដាក់ឱ្យដំណេីរការប្រេីប្រាស់អគារនៃសណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ធ្វេីជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។
ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងទៅតាមស្ថាន ភាពរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួននាពេលបច្ចុប្បន្ន និង ដើម្បីរៀបចំទីតាំងឱ្យបានសមស្រប ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលទ្រង់ទ្រាយធំ ក្រសួងសុខាភិបាល ដោយរួម សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមដំណើរការប្រើប្រាស់អគារនៃសណ្ឋាគារ THE GREAT DUKE អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ធ្វើជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងកូដ-១៩ កម្រិតស្រាល។
ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ -១៩ កម្រិតស្រាល គឺដើម្បីផ្តល់ លទ្ធភាពដល់ក្រសួងសុខាភិបាល ក្នុងការប្រមូលផ្តុំធនធានមនុស្ស សម្ភារបរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន ជួយ សង្គ្រោះដល់អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះ នៅ ក្នុងសហគមន៍។
ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របទៅតាមស្ថានភាពចាំបាច់ រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COID-19) បាននិងកំពុងចាត់វិធាន ការឆ្លើយតបចាំបាច់នានា រួមទាំងការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក។ ចំពោះអគារ និងបរិវេណនៃសណ្ឋាគារខាងលើ ក៏នឹងត្រូវរៀបចំឱ្យអនុវត្តនូវវិធានការគ្រប់គ្រងយ៉ាងហ្មត់ចត់ ទាំងផ្នែក សុខាភិបាល និងសន្តិសុខសណ្តាប់ធ្នាប់យ៉ាងតឹងរឹងបំផុត សំដៅធានាទប់ស្កាត់នូវការឆ្លង និងហានិភ័យចម្លងនៃជំងឺ នេះមកខាងក្រៅបរិវេណអគារនៃសណ្ឋាគារ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏សូមជម្រាបជូនដល់សាធារណជនទូទៅ ជាពិសេសប្រជាពលរដ្ឋ និង បងប្អូនពាណិជ្ជករ អាជីវករទាំងអស់ ដែលរស់នៅ និងកំពុងប្រកបរបរផ្សេងៗនៅជាប់ និងក្បែរទីតាំងសណ្ឋាគារនេះថា វីរុសកុំវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សតាមដំណក់ទឹកតូចៗ ដែលចេញពីផ្លូវដង្ហើមរបស់អ្នកផ្ទុកវីរុស ហើយរហូត មកដល់ពេលបច្ចុប្បន្ន មិនមានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ថា វីរុសនេះឆ្លងតាមខ្យល់អាកាសនៅក្នុងទីលំហឡើយ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យខ្លាច និងសូមបន្តរក្សាភាពនឹងនរក្នុងចិត្ត និងជឿទុកចិត្តលើវិធានការ ឆ្លើយតបរបស់រាជរដ្ឋាភិបាល។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាប និងចូលរួមអនុវត្តវិធានការការពារខ្លួនតាមការណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣កុំ និង ការពារ ដើម្បីការពារខ្លួនឯងពីការឆ្លងជំងឺ និងជៀសវាងហានិភ័យចម្លងជំងឺនេះដល់អ្នកដទៃ៕