៣ការពារ និង ៣កុំ នៅក្នុងតួនាទីរបស់ស្ត្រី នៃបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ “ទិវានារីអន្តរជាតិ ៨ មីនា។
ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត បានថ្លែងថា តាំងពីប្រវត្តិកាលនៃការកកើតមនុស្សមក យើងសង្កេតឃើញថា តាមលក្ខណធម្មជាតិ មានការ បែងចែកភេទស្រី-ប្រុសរួចទៅហើយ ដែលការបែងចែកនេះ តាមការវិវត្តន៍នៃការរស់នៅរបស់មនុស្សនៅ លើសកលលោកនេះ ជាបណ្តើរៗ បានបង្កើតឱ្យមានវិសមភាពយិនឌ័រ រួចស្រេចបាត់ទៅហើយ រហូតដល់ មានការទាមទារឱ្យមានការគោរពសិទ្ធិនារី និងការយកចិត្តទុកដាក់នូវតួនាទី ព្រមទាំងការចូលរួមរបស់ស្ត្រី នៅក្នុងកិច្ចការនានា ដែលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមជាតិ។
អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា ឈរលើមូលដ្ឋាននៃការគោរពសិទ្ធិនារី និងជាបន្តិចម្តងៗ មានការទទួលស្គាល់សមត្ថភាព ព្រមទាំងការរស់នៅជាក់ស្តែងដែលបានឆ្លុះបញ្ចាំង ពីសារសំខាន់នៃការចូលរួមរបស់ស្ត្រីផងដែរនោះ ការយក ចិត្តទុកដាក់លើស្ត្រីនៅតាមបណ្តាប្រទេសនៅលើសកលលោកយើងនេះ ក៏ចាប់ផ្តើមជាបណ្តើរ អនុញ្ញាតឱ្យស្ត្រី បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចការសង្គម។ ៗ ដែលជាក់ស្តែង នៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ -១៩ ស្ត្រីនៅកម្ពុជា បាន និងកំពុងតែចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការទទួលខុសត្រូវចំពោះមុខ នៃការទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះ សម្រាប់ខ្លួនឯងផង សម្រាប់គ្រួសារផង និងសម្រាប់សហគមន៍ផង។
បណ្តាំកូវីដ ១៩ ៖ នារីទាំងឡាយ សូមត្រូវចងចាំថា៖
+ យើងងាយភ្លេចវីរុសកូរីដ-១៩ តែវីរុសកូរីដ-១៩ មិនដែលភ្លេចយើងនោះឡើយ។
+ ការមើលស្រាលលើលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ គឺជាការមើលងាយខ្លួនឯង ដោយបានបើកលំហរដ៏ទូលាយសម្រាប់ឱកាសកូវីដ -១៩ វៃលុកចូលក្នុងសរីរាង្គយើងដោតងាយស្រួលជាទីបំផុត។
+ ការមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយស្ម័គ្រចិត្ត គឺជាការខ្វះខាតនូវឧបករណ៍ និងកងការពារ ដ៏សំខាន់មួយ សម្រាប់សរីរាង្គរបស់ខ្លួន ព្រមទាំងបង្កឱកាសល្អឱ្យមានការញាំញីធ្ងន់ធ្ងរសរីរាង្គកាយ នៅពេលដែលវីរុសកូវីដ -១៩ ចូលក្នុងខ្លួនប្រាណរបស់អ្នក ដែលអ្នកអាចឈានដល់សេចក្តីស្លាប់បាន។
+ចង់យកជ័យជំនះលើវីរុសកូវីដ-១៩ សូមកុំភ្លេច រូបមន្តគណិតវិទ្យាមួយ សម្រាប់ការពារជំងឺកូវីដ-១៩ គឺ ៣ការពារ ៣កុំ + ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ = មានកងការពារក្នុងខ្លួនរឹងមាំ សម្រាប់វ៉ៃបកលើវីរុសកូវីដ-១៩ វិញ កាត់បន្ថយបាននូវភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ និងកាត់បន្ថយបានជាអតិប្បរិមានូវ អត្រាចូលសម្រាកពេទ្យដោយសារជំងឺកូវីដ-១៩ ដែលឈានទៅរកការវិលត្រឡប់មករកការរស់នៅជា ធម្មតាតាមបែបគន្លងថ្មីវិញ ព្រមទាំងជម្រុញការបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ។
+ ជោគជ័យ ឬបរាជ័យ លើសង្គ្រាមជាមួយសត្រូវអត់ស្រមោលវីរុសកូវីដ-១៩ នេះ គឺអាស្រ័យលើការចូល រួមយ៉ាងពិតប្រាកដ និងសស្រាក់សស្រាំ ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងជនបរទេស ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមជូនពរដល់ស្ត្រីគ្រប់រូប សូមមានសុខភាពល្អបរិបូណ៍ ដើម្បីបន្តនូវបេសកកម្ម ដ៏ថ្លៃថ្លារបស់ខ្លួន ក្នុងការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ និងសូមឱ្យស្ត្រីទាំងអស់ បានចៀសផុតពីការចម្លងជំងឺដ៏កាចសាហាវនេះផងដែរ។ សូមស្ត្រីទាំងអស់ រីករាយថ្ងៃបុណ្យនារីអន្តរជាតិ ៨មីនា និងមានសុខសុវត្ថិភាពទាំងអស់គ្នា ដើម្បីជាកម្លាំងស្នូលដ៏រឹងមាំបស់ប្រទេសជាតិ ៕