ឃុំខ្លួនសន្ដិសុខម្នាក់ ដែលអនុញ្ញាតឲ្យស្ដ្រីជនជាតិចិន ចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខា
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ពេជ្រ វិជ្ជាធរ កាលពីព្រឹកថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២១ ឃុំខ្លួនបុរសម្នាក់ដែលជាសន្ដិសុខខ្មែរ បានអនុញ្ញាតឲ្យស្ដ្រីជនជាតិចិន លួចចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅគុកព្រៃសរង់ចាំកាត់ទោសពេលក្រោយ។
លោកចៅក្រមបានសម្រេច ចោទប្រកាន់ ឈ្មោះ រ៉ែន សុធារ៉ាភេទប្រុសអាយុ៣៨ ឆ្នាំ ពីបទ.គ្រោះមហន្តរាយ.តាមបញ្ញាតិមាត្រា៤២ នៃច្បាប់ស្តីពីការគ្រប់ គ្រងគ្រោះមហន្តរាយ ដែលច្បាប់នេះតម្រូវឲ្យដាក់ពន្ធនាគារលើជនជាប់ ចោទ ពី១ខែ ទៅ១ឆ្នាំ ។
តុលាការបានបញ្ជាក់ថានៅមុនពេលជនត្រូវចោទមានឈ្មោះ រ៉ែន សុធារ៉ា ភេទ ប្រុស អាយុ៣៨ឆ្នាំ មាន អាស័យដ្ឋានស្នាក់នៅផ្ទះជួល ផ្លូវកែវចិន្ដា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនត្រូវចោទ ត្រូវបានកម្លាំង សមត្តកិច្ចកងអាវុធហត្ថរាជខណ្ឌមានជ័យឃាត់ខ្លួន នៅទីតាំងចត្តាឡីស័កចាក់ អង្រែក្រោម តាមបទបញ្ជា របស់ថ្នាក់លើ នឹងបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយលទ្ធផលធ្វើតេស្ដ លើកចុងក្រោយរបស់គាត់ អវិជ្ជមានជំងឺកូវីដ-១៩ ពាក់ពន្ធក្នុងការអនុញ្ញាតិឲ្យស្ត្រីជនជាតិចិន មួយក្រុមចេញពីមណ្ឌលចត្តាឡីស័ក នៅសណ្ឋាគារសុខា ។
សូមរំលឹកថាបន្ទាប់មកនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នគរបាលជាតិបានបញ្ជូនសន្តិសុខរូបនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំរឿងនេះបានស្ថិតនៅលើលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការបើកការសាកសួរ នឹងក្រោយពីបញ្ចប់ការសាកសួររួចហើយ តំណាងអយ្យការបា សម្រេចធ្វើការចោទប្រកាន់ជនត្រូវចោទជាផ្លូវការ នឹងបានចាត់បញ្ជូនទៅខាងចៅក្រម ដើម្បីសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕