ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេង​ទំនើង​មួយក្រុម​ប្រដាប់​ដោយ​ដាវ ជិះ​ម៉ូតូ​កាប់​ទៅលើ​យុវជន​២​នាក់ បណ្តាល​ឲ្យ​ម្នាក់​ដាច់​ដៃ​ម្ខាង ,ចាប់ជនដៃដល់ម្នាក់

346

 

​ភ្នំពេញ ៖ យុវជន​២​នាក់​ម្នាក់​ដាច់​ដៃ​ម្ខាង និង​ម្នាក់ទៀត​បាន​រត់គេចខ្លួន​រួច បន្ទាប់ពី​មាន​ក្មេង​ទំនើង​មួយក្រុម​ជិះ​ម៉ូតូ​ជិត​១០​គ្រឿង ប្រដាប់​ទៅដោយ​ដាវ​បាន​ជិះ​ទៅបុក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ ឲ្យ​ដួល​រួច​ទាញ​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ម្នាក់​ដាច់​ដៃ​ម្នាក់ និង​ម្នាក់​រត់គេចខ្លួន​រួច​។ ចំណែក​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ម្នាក់​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង ៨ និង​៣០​នាទី​យប់​ថ្ងៃ​ចន្ទ​ទី​៨ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ចំណុច​ជាប់​សាលា​បារាំង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ទី​១ មានឈ្មោះ ឈៀង សំណាង ភេទ​ប្រុស​អាយុ ១៧ ឆ្នាំ (​ដាច់​ដៃ​) , ជនរងគ្រោះ​ទី​២ មានឈ្មោះ ហេង​ប៊ុន​លៀង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ (​មិនមាន​រងរបួស​)​។​

​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ ឈ្មោះ​ហេង ប៊ុន​លាង បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​និង​មិត្តភក្តិ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​សង់ សេ​១២៥​មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1-BR 9256 ជិះ​ឌុប​គ្នា​២​នាក់​ទៅ​អង្គុយ​ហូប​អី​នៅ​ជិត​និង​កន្លែងកើតហេតុ ចំណុច​ជាប់​សាលា​បារាំង ពេល​ហូប​រួច​បាននាំគ្នា​ឡើង​ម៉ូតូ​គោលបំណង​បម្រុង​ទៅផ្ទះ​វិញ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ក្មេង​ទំនើង​មួយក្រុម បាន​ជិះ​ម៉ូតូ​ជិត​១០​គ្រឿង ទាំង​មិនដែល​ស្គាល់គ្នា និង​មាន​គំនុំ​ជាមួយគ្នា​សោះ បាន​ជិះ​ម៉ូតូ​មក​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ម៉ូតូ​ជនរងគ្រោះ​ដួល រួច​នាំគ្នា​ដេញ​វាយ​និង​កាប់​ជាច្រើន​កាំបិត ទាំង​ដែល​ជនរងគ្រោះ​ព្យាយាម​លើកដៃ​ទៅ​រង​ក៏​កាប់​ត្រូវ​ដាច់​ដៃ​ខាងស្តាំ​ម្ខាង និង​នាក់​រួម​ដំណើរ​ម្នាក់ទៀត បាន​រត់គេចខ្លួន​រួច​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​ទាក់ទង​ទៅ​សមត្ថកិច្ច ចុះមក​ភ្លាមៗ​ឃាត់​បាន​ជនបង្ក​ម្នាក់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ ចុះ​មកដល់​កន្លែងកើតហេតុ​ឃាត់​បាន​ជនបង្ក​ម្នាក់​ភ្លាមៗ ខណៈ​បក្ខពួក​ជាច្រើន​នាក់​ទៀត កំពុងតែ​ជិះ​រត់គេចខ្លួន រួច​បាន​ឲ្យ​ឪពុកម្តាយ​ជនរងគ្រោះ មក​ដាក់​ពាក្យបណ្តឹង​ងាយស្រួល​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​បន្ត ដើម្បី​តាម​ឃាត់​បក្ខពួក​ជាច្រើន​នាក់​ទៀត យកមក​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង