ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន​ខ្លួន​មន្ត្រី​យោធា​ម្នាក់ និង​បក្សពួក​ម្នាក់ ទៅ​តុលាការ ករណី​បាញ់​សត្វត្រូវចំ​ក្មេងកំព្រាម្នាក់​ស្លាប់​

48

 

​ភ្នំពេញ ៖ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល នៅ​ព្រឹក​ថ្ងៃទី​៩​ខែ​មីនា​ឆ្នាំ​២០២១​នេះ បានធ្វើការ​បញ្ជូន​ខ្លួន​មន្ត្រី​យោធា​ម្នាក់​និង​បក្សពួក ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ចាត់ការ​តាមច្បាប់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ រឿន ប៊ុន​ថា ភេទ ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់នៅ មណ្ឌល​ជន​អស់សង្ឃឹម ភូមិ​លិច​វត្ត សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ​មាន​២​នាក់​១.​ឈ្មោះ ទុ​ត សុគន្ធា​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​យោធា ស្នាក់នៅ​ភូមិ​ប៉ា​យាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ២.​ឈ្មោះ ទុ​ត សុគន្ធ​រ៉ា​វ័​ន្ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់ នៅ ភូមិ​៨ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០ ២១ ស្ថិតនៅ​ចំណុច​ខាងត្បូង ជាប់​ផ្លូវ​ល្បឿន​លឿន ក្នុងភូមិ​លិច​វត្ត សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ់​។​វត្ថុតាង​រួមមាន​កាំភ្លើង​ខ្យល់ ទំនើប ០១​ដើម និង​រថយន្ត​០១​គ្រឿង​ម៉ាក REXTON ពណ៌​ស ផ្លាកលេខ ខេមរភូមិន្ទ​០២ ២-០២៨២​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា មុនពេល​កើត ហេតុ នៅវេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ជនរងគ្រោះ​បាននាំគ្នា​ទៅ​អង្គុយលេង​ក្រៅរបង​មណ្ឌល នៅ​ជិត​ផ្លូវ​ល្បឿន​លឿន​ជាមួយ​មិ​ត្ដ​ភក្ដិ ពេល​អង្គុយលេង​មួយសន្ទុះ ជនរងគ្រោះ​ក៏​ក្រោកឈរឡើង ពេលនោះ​ស្រាប់តែ​ឮស្នូរ​កាំភ្លើង​ផ្ទុះ ពេល​គេ​នាំគ្នា​ងាក​មក​មើល​ជនរងគ្រោះ ក៏​ឃើញ​ជនរងគ្រោះ​ដួល​ប្រកាច់​ហូរឈាម និង​ឮ​សំឡេង​គ្រាប់កាំភ្លើង​ផ្ទុះ​ចំនួន​០៤​គ្រាប់​ថែមទៀត ។​

ភ្លាមៗ​មិត្តភក្តិ​ជនរងគ្រោះ​ក៏​នាំគ្នា​លើក​ជនរងគ្រោះ​ចូលទៅក្នុង​មណ្ឌល ដើម្បី​ជួយសង្គ្រោះ​និង​បញ្ជូនទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ពេលទៅដល់​មន្ទីរពេទ្យ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​៕

អត្ថបទដែលជាប់ទាក់ទង