ពិធីការិនីទូរទស្សន៍ ហង្សមាស កែវ ច័ន្ទនិមល ឆ្លងកូវីដ ៣នាក់ប្តី និងកូន
ភ្នំពេញ៖ អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានឲ្យដឹងថា ពិធីការិនី ទូរទស្សន៍ហង្សមាស លោកស្រី កែវ ច័ន្ទនិមល និងស្វាមី រួមទាំង កូនស្រី ឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យចុះទៅយកទាំងយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ពីផ្ទះនៅបុរី អ័រគីដេ ក្នុងខណ្ឌសែនសុខ ផ្លូវ២០០៤ ជិតសាលារៀន ណតប្រ៊ីដ ។
លោកអធិការ ម៉េង វិមានតារា បន្តថា ពិធិការិនីហង្សមាស លោកស្រី កែវ ចាន់និមល ប្រាប់ថា បានឆ្លងកូវីដ រួមទាំងប្តី និងកូនស្រី។ លោកស្រី កែវ ច័ន្ទនិមល (ពិធីករហង្សមាស) ប្តី និងកូនស្រីរបស់គាត់ អាយុ ១០ ឆ្នាំ បានធ្វើតេស្ត រកកូវីដ១៩ កាលពីថ្ងៃទី៧មីនាមិញនេះ ហើយ លទ្ធផលចេញមក មានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់)។
លោកអធិការ បន្តថា លោកស្រី កែវ ច័ន្ទនិមល បានប្រាប់ថា នាងបាន ឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញ ទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះ ទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលិសចរាចរណ៍)។
លោកអធិការបន្ថែមថា រហូតមកដល់ពេលនេះ កំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែង ដូចជា៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការ តាមដាន សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀត កំពុងទៅធ្វើតេស្តរកកូវីដ១៩។
លោកអធិការ ម៉េង វិមានតារា បន្ថែមថា លោកស្រី កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួម ក្នុង ១ បន្ទប់ ជុំប្តី និងកូន។
សូមរម្លឹកថា ក្នុងសារជាសំឡេង កាលពីយប់ថ្ងៃទី៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ថា ជំងឺកូវីដ១៩ នៅពេលនេះ បានឆ្លងរាលដាលធ្ងន់ធ្ងរ ចូលដល់ប៉ូលិស មន្ត្រីរាជការ និងសិល្បករ ច្រើននាក់ ។
សម្តេច បានប្រកាស ឲ្យក្រសួងស្ថាប័ន រដ្ឋទាំងអស់ បិទជាបណ្តោះអាសន្ន ដោយទុកមនុស្សចំនួនតិចតួចបំផុត នៅប្រចាំការ ហើយក្រៅពីនោះ យ៉ាងហោចណាស់បុគ្គលិក ៩០% ត្រូវ ធ្វើការពីផ្ទះ។ ចំណែកក្រុមហ៊ុនឯកជន ក៏ដូចគ្នាត្រូវរៀបចំកាត់បន្ថយបុគ្គលិក ដែលធ្វើការដោយផ្ទាល់ ឬក៏រៀបចំ វេនធ្វើការឆ្លាស់វេនគ្នា ដើម្បីកាត់បន្ថយការកកស្ទះមនុស្ស នៅកន្លែងធ្វើការផង និងកាត់បន្ថយ ការកកស្ទះ នៅតាមផ្លូវធ្វើដំណើរផង៕