ក្រសួងសេដ្ឋកិច្ច តម្រូវឱ្យមន្ត្រីបំពេញការងារពីផ្ទះតាមប្រព័ន្ធ Online
ភ្នំពញ ៖ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៩ខែមីនាឆ្នាំ២០២១ បានថ្លែងថា ប្រតិបត្តិតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងវិធានការចាំបាច់ជាអាទិភាពចំពោះមុខក្នុងការការពារ និងប្រយុទ្ធប្រឆាំងការឆ្លង រីករាលដាលជំងឺក្អឹង-១៩ ដែលបាននិងកំពុងបន្តកើតមានជាបន្តបន្ទាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីព្រឹត្តិការណ៍ “ សហគមន៍ ២០ កុម្ភៈ ២០២១” មក, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង , (ប្រធានគ្រប់អង្គភាពដែលមានទីតាំងក្នុងទីស្តីការក្រសួង, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, ឯកឧត្តមអគ្គនាយក នៃ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធាឌី-ខេត្ត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយព្រឹត្តិការណ៍ “ សហគមន៍ ២០ កុម្ភៈ ២០២១” និង បុគ្គលិកមន្ត្រីរាជការនៃគ្រប់អង្គភាពដែលបានរៀបរាប់ខាងលើ សូមបំពេញការងារពីផ្ទះតាមប្រព័ន្ធ Online សម្រាប់ រយៈពេល ១ សប្តាហ៍ ដោយគិតចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះ រហូតដល់មានការណែនាំជាថ្មី។
ទន្ទឹមនេះ ចំពោះការិយាល័យ ឬអង្គភាពដែលទទួលបន្ទុកទទួលឯកសារ , ប្រធានអង្គភាពនីមួយៗ ត្រូវចាត់ចែងឱ្យមានមន្ត្រីឆ្លាស់វេនគ្នា មកប្រចាំការក្នុងចំនួនកំណត់សមរម្យមួយ ដើម្បីបន្តនិរន្តរភាពកិច្ចការងាររដ្ឋបាលរបស់អង្គភាពខ្លួន។
បន្ថែមលើនេះ សូមមន្ត្រីរាជការទាំងអស់ ដែលចេញ – ចូលទីស្តីការក្រសួង ត្រូវបន្តអនុវត្តការស្កេន QR Code “ទប់ស្កាត់កូវីដ-១៩” ឱ្យបាន ខ្លាប់ខ្លួន និងជាប្រចាំ ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងនាពេលកន្លងទៅនេះ។
ចំពោះអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានរតនាគារជាតិ , ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ត្រូវគោរពតាមការណែនាំ ដោយឡែកផ្ទាល់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យទុបនាយករដ្ឋមន្ត្រី ក្នុងការចាត់តាំងមន្ត្រីបម្រើការងារដើម្បីធានាឲ្យបាន នូវនិរន្តរភាពនៃការប្រមូលចំណូល ការផ្តល់សេវាជូនដល់ធុរជន និងការបើកផ្តល់ថវិកាសម្រាប់ការអនុវត្តការងាររបស់ស្ថាប័នរដ្ឋ។
ទទួលបានសេចក្តីណែនាំនេះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រធានគ្រប់អង្គភាព និងបុគ្គលិកមន្ត្រីរាជការទាំងអស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕