រដ្ឋបាលរាជធានី សេចក្តីណែនាំស្តីពីការរឹតបន្តឹង ការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជន ដែលជាប់ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ”
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ខែមីនាឆ្នាំ២០២១ បានចេញសេចក្តីណែនាំស្តីពីការរឹតបន្តឹង ការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជន ដែលជាប់ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ” ក្នុងរាជធានីភ្នំពេញ ក្នុងនោះបុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លាន ដល់ ៥លានរៀល។
រដ្ឋបាលរាជធានី បានបញ្ជាក់ថា ក្រោយការផ្ទុះឡើងជាលើកទី៣ នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ជាពិសេសបានបង្កើតគណៈបញ្ជាការស្រាល និងបង្កើនកម្លាំងយាមប្រចាំការ ២៤/២៤ម៉ោង តាមបណ្តាមន្ទីរពេទ្យព្យាបាល និងគោលដៅចត្តាឡីស័កទាំងរដ្ឋ និងឯកជន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះហើយត្រូវបានកំណត់ថាជាទីតាំងចត្តាឡីស័ក។
ជាមួយគ្នានេះ ដើម្បីជំរុញ និងគាំទ្រដល់ការអនុវត្តវិធានការចត្តាឡីស័ក ឱ្យកាន់តែមានប្រសិទ្ធភាព ផ្អែកតាម គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកកិច្ចប្រជុំរួមគ្នា និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង QR Code “ទប់ស្កាត់កូវីដ Stop Covid” តាមបណ្តាអង្គភាពរដ្ឋ និង អាជីវកម្មដ្ឋានក្នុងរាជធានីភ្នំពេញ ដែលនេះគឺជាផ្នែកមួយចូលរួមបង្ការ-ទប់ស្កាត់ការរីករាលជាសកលជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
តាមរយៈយន្តការខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា បណ្តាទីតាំងឯកជនដែលជាប់ ពាក់ព័ន្ធព្រឹត្តិការណ៍ ហើយត្រូវបានកំណត់ថាជាទីតាំងចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែល ត្រូវដាក់ឱ្យធ្វើបត្តាឡីស័កតាមបណ្តាគោលដៅឯកជនទាំងនោះ ភាគច្រើនលើសលុបបានអនុវត្តយ៉ាងត្រឹមត្រូវ តាមវិធានចត្តាឡីស័ក ប៉ុន្តែក៏នៅមានក្រុមមនុស្សពាក់ព័ន្ធមួយចំនួនតូច បានល្មើសនឹងវិធាននេះ ដោយអនុវត្ត មិនបានពេញលេញ ដូចជា គេចវេះមិនព្រមសហការជាមួយអាជ្ញាធរមូលដ្ឋាន មិនស្តាប់តាមការណែនាំរបស់ មន្ត្រីសុខាភិបាល ធ្វេសប្រហែស និងមានបុគ្គលខ្លះបានលួចចេញមកខាងក្រៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែលអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សហគមន៍ និងសុខភាពសាធារណៈទាំងមូលចំពោះមុខ ដើម្បីរឹតបន្តឹងការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជន ផ្តោតសំខាន់លើលំនៅឋាន ឯកជន អគារស្នាក់នៅរួម និងអាជីវកម្មដ្ឋានទាំងឡាយ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងត្រូវ បានកំណត់ថាជាទីតាំងចត្តាឡីស័កនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹក និងណែនាំដូចខាងក្រោម៖
១.ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលត្រូវដាក់ឱ្យធ្វើចត្តាឡីស័កតាមគោលដៅឯកជនទាំងឡាយ ត្រូវនៅក្នុងផ្ទះ ឬ បន្ទប់ដាច់ដោយឡែកគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេល ១៤ ថ្ងៃ គឺហាមដាច់ខាត ដើរចេញក្រៅផ្ទះ ឬ បន្ទប់ ឬ ទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។
២.អនុលោមតាមអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការថត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានកំណត់ថា “បុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬ បុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លាន ដល់ ៥លានរៀល ព្រមទាំងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន ” ។
៣.ប្រធានក្រុមសន្តិសុខការពារគោលដៅចត្តាឡីស័ក ក្រុមគ្រូពេទ្យប្រចាំការ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគី ពាក់ព័ន្ធ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ គ្រប់គ្រង ឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យបានទាន់ ពេលវេលា ដើម្បីធានាថាក្រុមបុគ្គលទាំងឡាយ ដែលកំពុងធ្វើចត្តាឡីស័កស្ថិតក្រោមដែនសមត្ថកិច្ច របស់ខ្លួន ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្លួនតាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល។
៤. ម្ចាស់អាជីវកម្មដ្ឋានទាំងអស់ ត្រូវដាក់កម្លាំងបុគ្គលិកប្រចាំការ សម្រាប់ត្រួតពិនិត្យដល់បុគ្គលទាំងឡាយ ដែលចូលមកក្នុងទីតាំងរបស់ខ្លួន ត្រូវស្តេន QR Code ឱ្យបានត្រឹមត្រូវ ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្តេនរួច (ពណ៌បៃតង លឿង ឬ ពណ៌ក្រហម) ។ ក្នុងករណីស្តេនឃើញ ពណ៌លឿងបញ្ជាក់ថាបុគ្គលនោះកំពុងស្ថិត ក្នុងការធ្វើចត្តាឡីស័ក និង ពណ៌ក្រហមបញ្ជាក់ថាបុគ្គលនោះមានជំងឺកូវីដ-១៩ ដូច្នេះ៖ ម្ចាស់អាជីវកម្មដ្ឋាន ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការ ។ ផ្ទុយទៅវិញ ប្រសិនបើម្ចាស់ អាជីវកម្មដ្ឋានណាមួយមិនអនុវត្តតាមវិធានការខាងលើនេះ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការច្បាប់ បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការ ដោយត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មទាំងស្រុង ។
ទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រធានមន្ទីរសុខាភិបាលរាជធានី ភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងម្ចាស់ទីតាំងចត្តាឡីស័កឯកជន ព្រមទាំងក្រុមបុគ្គលដែលកំពុង ធ្វើចត្តាឡីស័កទាំងឡាយ ត្រូវអនុវត្តឱ្យខាងតែបានតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕