ការនាំចេញផ្លែស្វាយស្រស់ជាផ្លូវការចេញពីកម្ពុជា ទៅកាន់ប្រទេសចិន
ភ្នំពេញ ៖ ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមម្ចាស់ចំការស្វាយទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅព្រឹកថ្ងៃទី១០ ខែមីនាឆ្នាំ ២០២១ បានឆ្លើយសារនៅលើផេកហ្វេសប៊ុក សូមចូលរួមអបអរសាទរ និងជូនពរដល់ ក្រុមការងារអគ្គនាយកកសិកម្ម និងភាគីគយចិននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលនឹងជួបពិភាក្សាគ្នា និងធ្វើត្រួតពិនិត្យវាយតម្លៃជាក់ស្តែងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធ ទី១០ ខែមីនានេះ ឲ្យទទួលបានជោគជ័យជាស្ថាពរ ដើម្បីឈានទៅដល់ការនាំចេញផ្លែស្វាយស្រស់ជាផ្លូវការចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ។
យោងទៅតាមការពីកគ្រោះយោបល់គ្នាកន្លងមក តាមរយៈសារអេឡិចត្រូនិក និងប្រព័ន្ធវីដេអូពីចម្ងាយ គឺក្រុមការងារទាំងពីរបានសម្រេចជ្រើសយកកសិដ្ឋានស្វាយចំនួន៣ មកត្រួតពិនិត្យគឺ៖
1-កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន UCDL Development Co., Ltd
2- កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Angkor Harvest Co., Ltd
3- កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Bamin Agriculture Hi-Tech Development Co., Ltd។
ទន្ទឹមនឹងនេះ ចំពោះការវាយតម្លៃរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធ ZOOM នៅលើទីតាំង៤ក្រុមហ៊ុនគឺ៖
1- រោងចក្រប្រព្រឹត្តិកម្មប្រើទឹកក្តៅ (HWT) របស់ក្រុមហ៊ុន LONG WO AGRICULTURE (CAMBODIA) CO., LTD
2- រោងចក្រប្រព្រឹត្តិកម្មប្រើទឹកក្តៅ (HWT) របស់ក្រុមហ៊ុន BOEUNG KET FRESH FRUITS CO., LTD
3- រោងចក្រប្រព្រឹត្តិកម្មប្រើទឹកក្តៅ (HWT) របស់ក្រុមហ៊ុន AL JAZEELAN FOOD PTE LTD
4- រោងចក្រប្រព្រឹត្តិកម្មប្រើចំហាយទឹកក្តៅ (VHT) របស់ក្រុមហ៊ុន HYUNDAI AGRO (CAMBODIA) CO., LTD.
មូលហេតុចំបងដែលធ្វើឲ្យមានការយឺតយ៉ាវ ក្នុងការនាំចេញស្វាយស្រស់ជាផ្លូវកាទៅកាន់ប្រទេសចិន ក្រោយពីបានចុះពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិនស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន នៅថ្ងៃទី ៩ មិថុនា ឆ្នាំ២០២០ កន្លងទៅ រួមមាន៖
I. ការបំពេញកតព្វកិច្ច ដែលភាកីកម្ពុជា ត្រូវបំពេញលក្ខខណ្ឌតម្រូវ ជាបឋមសំខាន់ៗ ចំនួន ០៤ ដែលម្ចាស់ចំការស្វាយ និងក្រុមហ៊ុនដែលមានបំណងនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ក្នុងនោះរួមមាន៖
ទី១. ផ្លែស្វាយស្រស់ (Mangifera indica) ដែលត្រូវនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវអនុលោមទៅតាមច្បាប់និងបទដ្ឋានគតិយុត្តនៃប្រទេសចិន បំពេញតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យដែលមានចែងក្នុងពិធីសារនេះ និងគ្មានជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យហាមឃាត់ចូលប្រទេសចិន។
ពិធីសារនេះមានវិសាលភាពលើលក្ខខណ្ឌតម្រូវភូតគាមអនាម័យតែប៉ុណ្ណោះ។ ស្តង់ដារនិងលក្ខខណ្ឌតម្រូវផ្សេងៗទាក់ទងនឹងបញ្ហាសុខភាពមនុស្ស(ដូចជាស្តង់ដារជាតិសុវត្ថិភាពចំណីអាហារនៃប្រទេសចិន) ក៏អាចត្រូវអនុវត្តទៅលើផ្លែស្វាយពីកម្ពុជាផងដែរ ប៉ុន្តែមិនត្រូវបានរួមបញ្ចូលក្នុងពិធីសារនេះឡើយ។ មានចែងនៅ មាត្រា១ ស្តីពីបទប្បញ្ញត្តិទូទៅ នៅក្នុងពិធីសារ
ទី២. ចម្ការស្វាយ ទីតាំងវេចខ្ចប់ ឃ្លាំងត្រជាក់ និងកន្លែងធ្វើប្រព្រឹត្តិកម្មភូតគាមអនាម័យសម្រាប់នាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវចុះបញ្ជីនៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទទួលស្គាល់ដោយ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។ រាល់ឯកសារចុះបញ្ជីត្រូវមានព័ត៌មាន ឈ្មោះចម្ការ អាសយដ្ឋាន និងលេខកូដសម្គាល់ ដើម្បីកំណត់ប្រភពបានត្រឹមត្រូវ នៅពេលដែលផ្លែស្វាយដែលនាំចេញមិនមានអនុលោមភាពតាមបទប្បញ្ញត្តិនៃពិធីសារនេះ។ មុនពេលចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ក្នុងរដូវនីមួយៗ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវផ្តល់បញ្ជីឈ្មោះចម្ការស្វាយដែលបានចុះបញ្ជីទៅ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ជាមុន និងត្រូវមានការយល់ព្រមដោយភាគីទាំងពីរ។ មានចែងនៅក្នុង មាត្រា២ ស្តីពីការចុះបញ្ជី ។
ទី៣. គ្រប់ចម្ការស្វាយដែលត្រូវបានចុះបញ្ជី ត្រូវបង្កើតនិងអនុវត្តការចុះបញ្ជីការអនុវត្តកសិកម្មល្អ (GAP) ឬអនុវត្តតាមប្រព័ន្ធវិញ្ញាបនកម្មអន្តរជាតិផ្សេងៗទៀត ដើម្បីធានាក្នុងការតាមដានប្រមូលត្រឡប់វិញនៅក្នុងខ្សែច្រវាក់ ផលិតកម្ម។ ដើម្បីថែរក្សាស្ថានភាពអនាម័យក្នុងចម្ការ ត្រូវធ្វើការប្រមូលផ្លែស្វាយដែលរលួយចេញពីចម្ការក្នុងអំឡុងពេលប្រមូល និងការអនុវត្តវិធានការចម្រុះគ្រប់គ្រងដំណាំ (IPM) ដូចជាការអង្កេតតាមដានសមាសភាពចង្រៃ ការប្រើប្រាស់វិធានការគីមី ឬជីវសាស្ត្រ និងវិធានការមេកានិក។
ចំពោះសមាសភាពចង្រៃភូតគាមអនាម័យហាមឃាត់ដោយប្រទេសចិន (ដូចមានចែងក្នុងឧបសម្ព័ន្ធ១) កម្ពុជាត្រូវអង្កេតតាមដាននិងពិនិត្យស្វែងរកឱ្យបានហ្មត់ចត់ក្នុងចម្ការក្នុងអំឡុងពេលដំណាក់កាលលូតលាស់ និងប្រមូលផលស្វាយ ដើម្បីធានាថាសមាសភាពចង្រៃភូតគាមអនាម័យហាមឃាត់ដោយប្រទេសចិនស្ថិតក្រោមការគ្រប់គ្រង។
គ្រប់ចម្ការស្វាយដែលបានចុះបញ្ជី ត្រូវរក្សាទុកកំណត់ត្រានៃការអង្កេតតាមដាន និងវិធានការគ្រប់គ្រងសមាសភាពចង្រៃ និងផ្តល់នូវកំណត់ត្រាទាំងនេះតាមការស្នើសុំរបស់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។ កំណត់ត្រានេះត្រូវមានឈ្មោះថ្នាំកសិកម្ម ធាតុសកម្ម កាលបរិច្ឆេទប្រើប្រាស់ និងកំហាប់នៃថ្នាំកសិកម្មទាំងអស់ដែលបានប្រើប្រាស់ក្នុងរដូវដាំដុះនីមួយៗ។ មានចែងនៅក្នុងមាត្រា៣ ស្តីពីការគ្រប់គ្រងចម្ការ ។
ទី៤. គ្រប់ទីតាំងវេចខ្ចប់ និងកន្លែងស្តុកទុកផ្លែស្វាយទាំងអស់ត្រូវតែបង្កើតប្រព័ន្ធប្រមូលត្រឡប់មកវិញ ដើម្បីធានាថា ផ្លែស្វាយនាំចេញអាចត្រូវបានតាមដានត្រឡប់មកវិញដល់ចម្ការដែលបានចុះបញ្ជី។ ប្រសិនបើទីតាំងវេចខ្ចប់ផ្លែស្វាយមានទីតាំងដាច់ដោយឡែកពីសហគ្រាសធ្វើប្រព្រឹត្តិកម្មកម្តៅ ផ្លែស្វាយទាំងនោះអាចធ្វើការហៅត្រឡប់ទៅចម្ការវិញ តាមរយៈសហគ្រាសធ្វើប្រព្រឹត្តិកម្ម។
ការវេចខ្ចប់និងការធ្វើប្រព្រឹត្តិកម្មផ្លែស្វាយស្រស់បន្ទាប់ពីប្រមូលផល ត្រូវអនុវត្តក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់ភាគីកម្ពុជា ហើយត្រូវឆ្លងកាត់ការជ្រើសរើសដោយដៃ ការលាងសម្អាត ការសម្ងួត និងដំណើរការផ្សេងៗទៀត ដើម្បីធានាថាផ្លែស្វាយទាំងនោះគ្មានជាប់ដី សត្វល្អិតចង្រៃ ម៉ៃត៍ ពពួកខ្យង ផ្លែរលួយ និងសំណល់រុក្ខជាតិផ្សេងៗ។ ក្នុងករណីមានប្រើប្រាស់ថ្នាំកម្ចាត់ផ្សិត ត្រូវតែប្រើឱ្យស្របតាមស្តង់ដារជាតិសុវត្ថិភាពចំណីអាហារនៃប្រទេសចិន។
ផ្លែស្វាយសម្រាប់នាំចេញទៅប្រទេសចិនត្រូវតែធ្វើប្រព្រឹត្តិកម្មកម្តៅ ដើម្បីកាត់បន្ថយហានិភ័យនៃពពួករុយចោះផ្លែមានជីវិត។
ការធ្វើប្រព្រឹត្តិកម្មកម្តៅលើផ្លែស្វាយត្រូវតែផ្អែកតាមគោលការណ៍ណែនាំដែលមានចែងក្នុងឧបសម្ព័ន្ធ២និងឧបសម្ព័ន្ធ៣។
សម្បកកេសវេចខ្ចប់ផ្លែស្វាយត្រូវតែថ្មី ស្អាតល្អ មិនធ្លាប់បានប្រើប្រាស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យ និងសុវត្ថិភាពសុខភាពរបស់ប្រទេសចិន។ សម្បកកេសវេចខ្ចប់នីមួយៗត្រូវមានស្លាកសញ្ញាសម្គាល់ជាភាសាអង់គ្លេសថា «Exported to the People’s Republic of China» ក៏ដូចជាប្រភេទពូជស្វាយ ទីកន្លែងប្រភពទំនិញ ចម្ការ (អ្នកផលិត) រោងចក្រវេចខ្ចប់ និងព័ត៌មានសហគ្រាសធ្វើប្រព្រឹត្តិកម្មកម្តៅជាភាសាអង់គ្លេស។ ផ្លែស្វាយត្រូវតែដឹកជញ្ជូនដោយកុងតឺន័របិទជិត និងបិតត្រាសុវត្ថិភាព។ ត្រាសុវត្ថិភាពត្រូវតែគ្មានខូចខាត រហូតដល់ពេលកុងតឺន័រទៅដល់នៅកំពង់ផែនៃប្រទេសចិន។ មានចែងនៅក្នុង មាត្រា៤ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការវេចខ្ចប់ និងការធ្វើប្រព្រឹត្តិកម្មភូតគាមអនាម័យ ។
II. ការរីករាលដាលជាសកលនៃមេរោគកូវិដ-១៩ ដែលភាគីទាំងពីរជួបប្រទះកន្លងមក ទាំងការធ្វើទំនាក់ទំនងពីចំងាយរវាងភាគីទាំងពីរមិនអាចប្រព្រឹត្តទៅបានរលូន និងការចុះត្រួតពិនិត្យវាយតម្លៃរបស់មន្ត្រីជំនាញនៅលើទីវាលជាក់ស្តែង របស់ភាគីចិន មិនអាចប្រព្រឹត្តទៅបាន។
III. វឌ្ឍនភាព
ដើម្បីសម្រេចគោលបំណងនៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនឱ្យទាន់ពេលវេលានោះ
អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ចំនួន៥៥ ក្រុមហ៊ុន/ម្ចាស់ចម្ការ///សហគមន៍កសិកម្ម។ អគ្គនាយកដ្ឋានកសិកម្ម ក៏បាន និងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ថែមទៀតផងដែរ ហើយនឹងផ្ញើជូន អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និងវាយតម្លៃសម្រេចបន្ថែមទៀតផងដែរ។
– ដំណាក់កាលទី១: អគ្គនាយកដ្ឋានកសិកម្មបានចាត់មន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនចំនួន៥ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ដោយបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (VHT) ចំនួន១ របស់ក្រុមហ៊ុន HYUNDAI AGRO (CAMBODIA) CO., LTD ដែលមានទីតាំងស្ថិតនៅភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបានផ្ញើជូន GACC កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។
– ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យឱ្យបានល្អសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តសកម្មភាពមួយចំនួននៅតាមទីតាំងចម្ការដែលបានដាក់ពាក្យស្នើសុំឱ្យបំពេញបាននូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ សកម្មភាពទាំងនោះរួមមាន (១)-ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីការអនុវត្តកសិកម្មល្អ (២)-ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីការគ្រប់គ្រងសមាសភាពចង្រៃ ៣))-ចុះបណ្តុះបណ្តាលបច្ចេកទេសស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែស្វាយស្រស់ (៤)-ចុះអង្កេតតាមដាន និងរៀបចំប្រព័ន្ធព្យាករណ៍សមាសភាពចង្រៃនៅតាមចម្ការដែលបានចុះបញ្ជីនាំចេញ និង(៥)-ចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពដំណាំស្វាយ។
– ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម បានវាយតម្លៃចម្ការស្វាយដើម្បីចុះបញ្ជីកសិដ្ឋានការអនុវត្តកសិកម្មល្អ (GAP) និងចុះបញ្ជីកសិដ្ឋានសម្រាប់នាំចេញស្វាយទៅកាន់ប្រទេសចិនបានចំនួន ៣១កសិដ្ឋាននិងរោងចក្រប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើទឹកក្តៅ (HWT) របស់ក្រុមហ៊ុនចំនួន៣
បន្ថែមទៀត ដើម្បីផ្ញើជូនភាគីចិនដើម្បីពិនិត្យ និងវាយតម្លៃបន្ត។ ក្រុមហ៊ុនទាំង៣ នោះ គឺក្រុមហ៊ុន LONG WO AGRICULTURE (CAMBODIA) CO., LTD ស្ថិតនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន BOEUNG KET FRESH FRUITS CO., LTD ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រុមហ៊ុន AL JAZEELAN FOOD PTE. LTD (ម្ចាស់ក្រុមហ៊ុន HUNTY CO., LTD) មានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
– ដំណាក់កាលទី២: អគ្គនាយកដ្ឋានកសិកម្មបានផ្ញើជូនកសិដ្ឋានដែលបានចុះបញ្ជីជាកសិដ្ឋានសម្រាប់ការនាំចេញស្វាយទៅកាន់ប្រទេសចិនបានចំនួន ៣១កសិដ្ឋាន និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយដែលបានសាងសង់រួចរាល់ចំនួន៣បន្ថែមទៀតដែលបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើទឹកក្តៅ (HWT) ទៅភាគី GACC ដើម្បីពិនិត្យ និងវាយតម្លៃបន្ត កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។
– សរុបកម្ពុជាមានកសិដ្ឋានចំនួន៣៦ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយចំនួន៤ ដែលបានផ្ញើជូន GACC ដើម្បីពិនិត្យ និងវាយតម្លៃសម្រេចក្នុងការអនុញ្ញាតនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន។
– បន្ទាប់ពីបានផ្ញើជូនអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន (GACC) កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈលោក ប្រាក់ ផាន់ណារ៉ា កុងស៊ុលពាណិជ្ជកម្មនៃព្រះរាណាណាចក្រកម្ពុជាប្រចាំនៅទីក្រុងប៉េកាំង បានឱ្យដឹងតាមប្រព័ន្ធ Wechat ជាសារសំឡេងថា ឯកសារដែលបានផ្ញើជូន GACC ទាំងពីរលើកនោះ ត្រូវបាន GACC បញ្ជូនទៅលោក Zhou Guohui មន្ត្រីគយប្រចាំនៅ Nanning នៃខេត្ត Quangxi ជាអ្នកទទួលបន្ទុកលើការងារនេះ។
– នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម បានធ្វើការទាក់ទងជាសារសំឡេងទៅលោក ប្រាក់ ផាន់ណារ៉ា ម្តងទៀតតាមប្រព័ន្ធ Wechat ដើម្បីសាកសួរពីវឌ្ឍនៈភាពការងារ។
– នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ប្រាក់ ផាន់ណារ៉ា បានផ្ញើសារសំឡេងថា គយចិននៅ Nanning តម្រូវឱ្យភាគីកម្ពុជាផ្ញើឈ្មោះកសិដ្ឋានចំនួន០៥ ក្នុងចំណោមកសិដ្ឋាន៣៦ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយចំនួន៤ ដើម្បីភាគីគយចិននៅ Nanning ធ្វើការជ្រើសរើសសម្រាប់ធ្វើការត្រួតពិនិត្យជាក់ស្តែង (Virtual inspection) តាមប្រព័ន្ធវីដេអូពីចម្ងាយ (Online-Wechat)។ ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ក៏បានផ្ញើឈ្មោះ និងទីតាំងកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនចំនួន៥ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយចំនួន៤ (VHT ចំនួន១ និង HWT ចំនួន៣) តាមរយៈលោក ប្រាក់ ផាន់ណារ៉ា ទៅកាន់ភាគីគយចិន នៅណាននីង ដើម្បីពិនិត្យសម្រេចបន្តទៀត។
– នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ភាគីគយចិននៅ Nanning តាមរយៈលោក ប្រាក់ ផាន់ណារ៉ា បានឆ្លើយថា ភាគីគយចិនសម្រេចយកកសិដ្ឋានតែចំនួន៣ ដោយទុកលទ្ធភាពជូនភាគីកម្ពុជាជ្រើសរើស និងផ្តល់ឈ្មោះនិងទីតាំងកសិដ្ឋានជូនភាគីចិនត្រួតពិនិត្យជាក់ស្តែង (Virtual inspection) តាមប្រព័ន្ធវីដេអូពីចម្ងាយ (Online-Wechat) ជំនួសឱ្យកសិដ្ឋានទាំង៣៦។ ដោយឡែក រោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយ ភាគីគយចិននឹងធ្វើការត្រួតពិនិត្យជាក់ស្តែង (Virtual inspection) កសិដ្ឋានចំនួន០៥ ក្នុងចំណោមកសិដ្ឋាន និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយ តាមប្រព័ន្ធវីដេអូពីចម្ងាយ (Online-Wechat) ទាំងអស់ (ចំនួន៤)។
– ចំពោះពេលវេលាសម្រាប់ត្រួតពិនិត្យជាក់ស្តែង (Virtual inspection) តាមប្រព័ន្ធវីដេអូពីចម្ងាយ (Online-Wechat) ភាគីគយចិននឹងជូនដំណឹងនៅសប្តាហ៍ទីពីរក្នុងខែមីនា ដើម្បីភាគីកម្ពុជា រៀបចំកម្មវិធីផ្ញើជូនភាគីគយចិន។ ម្យ៉ាងទៀត Dr. Wang Xiangshe ធ្វើការនៅស្ថានទូតចិននៅទីក្រុងភ្នំពេញ បានផ្តល់ព័ត៌ថា ភាគីគយចិននៅ Nanning នឹងរៀបចំផែនការត្រួតពិនិត្យជាក់ស្តែង តាមប្រព័ន្ធវីដេអូពីចម្ងាយ លើកសិដ្ឋានស្វាយ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយនៅសប្តាហ៍ក្រោយ។ បើតាមផែនការដែលបានគ្រោងទុក ភាគីទាំងពីរនឹងអាចធ្វើការងារនេះនៅចុងសប្តាហ៍ក្រោយឱ្យបានរួចរាល់ បើគ្មានបញ្ហាអ្វីកើតឡើងនោះទេ៕