ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៤នាក់ , ១១នាក់ សះស្បើយ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៦៤នាក់។ ក្រសួងក៏ប្រកាសថាមានអ្នកជំងឺ១១នាក់ បានជាសះស្បើយ។
ក្រសួងបានឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺទាំង៦៤នាក់ មានជនជាតិខ្មែរ ៣៩នាក់ ជនជាតិចិនចំនួន២៣នាក់ និងជនជាតិវៀតណាម២នាក់ ដែលអ្នកជំងឺទាំងនោះត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តព្រៃវែង។ ចំណែកអ្នកជាសះស្បើយទាំង១១នាក់វិញ គឺជាជនជាតិចិន វៀតណាម និងខ្មែរ ដែលឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕