ពលករខ្មែរត្រឡប់ចេញពីប្រទេសថៃ កាន់តែច្រើន អាជ្ញាធរខេត្តបាត់ដំបងពង្រីកមណ្ឌលចត្តាឡីស័កបន្ថែមទៀត
បាត់ដំបង ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថាការកើនឡើងនៃចំនួនពលករខ្មែរនេះ បានបង្ខំឲ្យអាជ្ញាធរខេត្ត ត្រូវពង្រីកមណ្ឌលចត្តាឡីស័កបន្ថែមទៀត ព្រោះមណ្ឌលខ្លះមានភាពតូចចង្អៀតនិងចាប់ផ្ដើមពេញបណ្ដើរៗ ដើម្បីចៀសវាងការបិទសាលារៀនទាំងអស់នៅទូទាំងខេត្ត ជាចាំបាច់ អាជ្ញាធរអាចនឹងបិទសាលារៀនមួយចំនួន ប្រសិនបើកំណើនរបស់ពលករខ្មែរកាន់តែច្រើននិងខ្វះកន្លែងធ្វើចត្តាឡីស័កនោះ ព្រោះកំណើនរបស់ពលករខ្មែរ មានលំនៅដ្ឋានក្នុងខេត្តបាត់ដំបង ពិសេសពលករខ្មែរដែលដឹកជញ្ជូនពីបណ្ដាខេត្តផ្សេងៗជាប់នឹងព្រំដែន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កើនឡើងជាបន្តបន្ទាប់។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថាតែយ៉ាងណា មុននឹងឈានដល់ការបិទសាលារៀនមួយចំនួន យកធ្វើជាមណ្ឌលចត្តាឡីស័ក សូមអាជ្ញាធរតាមបណ្ដាលស្រុក ត្រូវពិនិត្យរកអគារទីតាំងរបស់រដ្ឋណា ដែលទំនេរទុកចោលនិងអាចប្រើប្រាស់បាន ត្រូវរៀបចំកន្លែងទាំងអស់នោះ យកធ្វើជាមណ្ឌលចត្តាឡីស័ក រួមទាំងមានបង្គន់អនាម័យនិងភ្លើងអគ្គិសនី។
លោកយី សុងគីប្រធានមន្ទីអប់រំ យុវជននិងកីឡាខេត្តបាត់ដំបង បានប្រាប់តាមទូរស័ព្ទថាកំណើនរបស់ពលករខ្មែរ មានលំនៅដ្ឋានក្នុងខេត្តបាត់ដំបង ពិសេសពលករខ្មែរដែលដឹកជញ្ជូនពីបណ្ដាខេត្តផ្សេងៗជាប់នឹងព្រំដែន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ កើនឡើងជាបន្តបន្ទាប់ អាជ្ញាធរអាចយកសាលាមួយចំនួនធ្វើជាមណ្ឌលចត្តាឡីស័ក។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពលករខ្មែរដែលមានទីលំនៅក្នុងខេត្តបាត់ដំបង ទើបត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានដឹកជញ្ជូនពីបណ្ដាខេត្តមួយចំនួនសរុបជាង ១០០០នាក់និងបញ្ជូនពលករ កំពុងធ្វើចត្តាឡីស័កនិងទើបឆ្លងដែនមកពីថៃ ទៅរាជធានីនិងខេត្តផ្សេងៗមានចំនួនជាង ៧០០នាក់និងបច្ចុប្បន្នមានពលករកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលនានានៅខេត្តបាត់ដំបងមានចំនួនសរុប ២៥២១នាក់៕