ខឹងពូកែខាងប្រើអំពើហិង្សាក្នុងគ្រួសារ និងញៀនស្រា ជាប្រចាំ ធ្វើឱ្យប្រពន្ធបានសម្រេចដាក់ថ្នាំបំពុល ក្នុងស្រា បណ្ដាលឱ្យស្លាប់
ត្បូងឃ្មុំ ៖ បុរសម្នាក់ ពូកែខាងប្រើអំពើហិង្សាក្នុងគ្រួសារ និងញៀនស្រា ជាប្រចាំ ធ្វើឱ្យប្រពន្ធ ដែលមានអាយុច្រើនជាងប្ដី ១០ ឆ្នាំ បានសម្រេចដាក់ថ្នាំបំពុល ក្នុងស្រា បណ្ដាលឱ្យស្លាប់ នៅភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី ១០ មីនា ២០២០ ។
ជនរងគ្រោះ ឈ្មោះ ថន ឃីម អាយុ ៣៦ ឆ្នាំ និងប្រពន្ធ ជាជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន ឈ្មោះ ឡាយ សាលឹម អាយុ ៤៦ ឆ្នាំ មានទីលំនៅ ភូមិកើតហេតុខាងលើ។
សមត្ថកិច្ចនគរបាលជំនាញ បានចុះដល់ផ្ទះកើតហេតុ បានពិនិត្យឃើញបុរស ជាជនរងគ្រោះ មានបែកពពុះទឹកមាត់ ដែលនាំឱ្យមាន ការសង្ស័យពុលថ្នាំ និងពុំមានស្នាកស្នាមអ្វីផ្សេងឡើយ ។
ដោយមានការសង្ស័យ លើប្រពន្ធរបស់ជនរងគ្រោះ គឺមន្ត្រីជំនាញបានឃាត់ខ្លួនយកមកសាកសួរឈ្មោះ ឡាយ សាលឹម បានឆ្លើយសារភាពថា ខ្លួនពិតជាបាន សម្លាប់បុរសឈ្មោះ ថន ឃីម ជាប្តីប្រាកដមែន គឺដាក់ថ្នាំបំពុលក្នុងស្រាតែម្តង ដោយសារប្តីម្នាក់នេះ ជាមនុស្សញៀនស្រា និងបង្កហិង្សាមកលើខ្លួនញឹកញាប់ ។
ជុំវិញករណីនេះ ខាងនគរបាលជំនាញ បាននិងកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី គឺកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ៕