បញ្ជូនជនសង្ស័យម្នាក់ កាប់យុវជនម្នាក់ បណ្តាលឲ្យពិការដៃម្ខាង ទៅកាន់តុលាការ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ និងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានី
ភ្នំពេញ បានធ្វើការឃាត់ខ្លួនបានភ្លាមៗ ក្រោយពេលធ្វើសកម្មភាពកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យយុវជនម្នាក់ដាច់ដៃម្ខាង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៨ខែមីនាឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងជិតសាលាបារាំង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះខាងលើ មានឈ្មោះឈៀង សំណាង អាយុ១៧ឆ្នាំ ។
ចំណែកជនសង្ស័យ ឈ្មោះ វណ្ណា ភីណាណាត់ អាយុ១៩ឆ្នាំមុខរបរនិស្សិត ស្នាក់ភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោ
បន្ទាប់ពីធ្វើសកម្មភាពកាប់គ្នាយ៉ាងសាហាវឃោរឃៅ បណ្តាលឲ្យភាគីម្ខាងទៀតក្លាយខ្លួនជាជនពិការដៃរួចមក កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ យកមកសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ។
ចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឲ្យដឹងថា មូលហេតុដែលបក្ខពួកគេលើកគ្នាមកកាប់យុវជនរងគ្រោះបណ្តាលឲ្យដាច់ដៃម្ខាងបែបនេះ ព្រោះតែពួកគេមានគំនុំជាមួយជនរងគ្រោះ ដោយសារតែពីមុនជនរងគ្រោះធ្លាប់លើកគ្នាមកវាយពួកម៉ាករបស់ខ្លួន ទើបពួកគេប្រមូលគ្នាមកសងសឹកវិញ។
ក្រោយពេលទទួលបានចម្លើយសារភាពពីជនសង្ស័យរួចរាល់ហើយ សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅជនសង្ស័យទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕