ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ

56

 

​ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​ព្រឹទ្ធសភា ឱ្យ​អនុម័ត​គាំទ្រ​ទាំងស្រុង ដោយ​ឥត​កែប្រែ ក្នុងសម័យ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤ នា​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ​។​នេះ​បើតាម​សេចក្តីប្រកាស​របស់​ព្រឹទ្ធសភា​ដែល​បណ្តាញ​ព័ត៌មានទទួលបាន​។​

​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា មាន​របៀប​វាៈ​តែមួយ​ប៉ុណ្ណោះ ដោយបាន​ធ្វើឡើង ក្រោម​អធិបតីភាព លោក​កិត្តិ​នីតិកោសល​បណ្ឌិត ស៊ឹម កា ប្រធានស្តីទី​ព្រឹទ្ធសភា​កម្ពុជា​ដោយមាន​ការចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា ៣៩​រូប រួមទាំង​ឡើង​ការពារ​ដោយ លោក​សាស្ត្រាចារ្យ​ម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ផងដែរ​។​

​ព្រឹទ្ធសភា​បានប្រកាសថា សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​កំណត់​អំពី​គោលបំណង វិសាលភាព វិធានការ ទោស​ប្បញ្ញត្តិ និង​សមត្ថកិច្ច ដែល​ត្រូវអនុវត្ត​សំដៅ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការកាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​ជំងឺឆ្លង​នេះ ចំពោះ​វិស័យ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ អនុលោម​តាម ជំពូក​ទី​៣ មាត្រា​៣២ និង​ជំពូក​ទី​៤ មាត្រា​៥២ រដ្ឋធម្មនុញ្ញ សេចក្តីព្រាងច្បាប់​នេះ​បង្ហាញ​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ការ​ទទួលខុសត្រូវ​ចំពោះ​ភាព​រស់រានមានជីវិត​របស់​ប្រជាពលរដ្ឋ និង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

​សេចក្តីព្រាងច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដែល​រៀបចំឡើង​ដោយ​រាជរដ្ឋាភិបាល មាន ០៦​ជំពូក និង​១៨​មាត្រា ត្រូវបាន​រដ្ឋសភា​កម្ពុ​ជា​អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ៨៣​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ នា​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦៕​

 

អត្ថបទដែលជាប់ទាក់ទង